ពិធីការិនីអានព័ត៌មានហុងកុង សានណុន លីវ យកម៉ាស់ដាក់ក្នុងទូដែកដើម្បីការពារកុំឱ្យចោរលួច

195
ចែករម្លែក

ការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានធ្វើឱ្យប្រទេសខ្លះខ្វះខាតម៉ាស់មុខ ដោយមនុស្សមួយចំនួននិយាយថាបច្ចុប្បន្នម៉ាស់មុខគឺជាវត្ថុដែលគេចង់បានបំផុតនៅលើពិភពលោក។

ចំពោះនាងសានណុន លីវ ពិធីការិនីអានព័ត៌មាននៃទូរទស្សន៍ Phoenix ក្នុងទីក្រុងហុងកុង ម៉ាស់គឺមានតម្លៃជាងមាសទៅទៀត។

កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈ ពិធីការិនីអាយុ៤២ឆ្នាំរូបនេះបានសរសេរលើបណ្តាញសង្គម Weibo ថា “ខ្ញុំចាក់សោទុកក្នុងទូដែកនូវម៉ាស់នៅសល់របស់ខ្ញុំ មុនពេលចេញពីផ្ទះ ព្រោះខ្ញុំបារម្ភខ្លាចចោរលួច”។

អ្នកលេងអ៊ីណធឺណេតជាច្រើននិយាយថា នាងមានម៉ាស់ច្រើនជាងពួកគេ ខណៈម្នាក់ទៀតឆ្ងល់ថាតើពិតជាមានចោរលួចម៉ាស់មែនក៏អី។ ថ្មីៗនេះមានករណីចោរប្លន់ប្រដាប់អាវុធមួយក្រុមបានប្លន់យកក្រដាសបង្គន់នៅហុងកុង។

នាងលីវ ដែលឈ្នះពានពិធីការិនីអានព័ត៌មានឆ្នើមរបស់ទូរទស្សន៍ Phoenix ក្នុងឆ្នាំ ២០១១ បានបន្តនៅលើផុសក្នុង​ Weibo ថា នាងមិនបានត្រឡប់ទៅធ្វើការវិញទេចាប់តាំងពីបុណ្យចូលឆ្នាំចិន ដោយសារតែការផ្ទុះវីរុសកូរ៉ូណា។ នាងមានអារម្មន៍ធុញនៅផ្ទះ និងបានសម្រេចចិត្តទៅមើលកន្លែងធ្វើការ។

នាងបានកត់សម្គាល់ឃើញកង់ទីនក្នុងក្រុមហ៊ុនស្ងាត់ជ្រាប ខណៈបុគ្គលិកត្រូវបានហាមមិនឱ្យទទួលទានអាហារនៅតុជាមួយគ្នាទេដើម្បីទប់ស្កាត់ការឆ្លងមេរោគ។ នាងក៏កត់សម្គាល់ឃើញដែរថា អាហារប៊ូហ្វហ្វេត្រូវបានជំនួសដោយអាហារខ្ចប់ស្រាប់ៗ ដើម្បីទប់ស្កាត់កុំឱ្យបុគ្គលិកប៉ះពាល់គ្នា៕ ដោយ៖ កញ្ញាដាលីស

នាងសានណុន លីវ យកម៉ាស់ដាក់ក្នុងទូដែក