ពិធីបុណ្យ​សមុទ្រ​ត្រៀម​ចំ​រួចជាស្រេច ជាមួយ​ព្រឹត្តិការណ៍​កីឡា​ចំនួន ១១​ប្រភេទ​

720

(​ខេត្ត​កែប​)៖ កាលពី​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​អមដោយ​​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​ខេត្ត​កែប​បានធ្វើ​ពិធី​ក្រុង​ពាលី​សុំ​ពរជ័យ​និង​សេចក្តីសុខ សម្រាប់​ពិធីបុណ្យ​សមុទ្រ​នឹង​ចាប់ផ្តើម​នា​រសៀល​ថ្ងៃទី​២២ ខែធ្នូ​នេះ ដែល​វិលជុំ​មកដល់​ខេត្ត​កែប​ទឹកដី​សំបូរ​ទឹក​ដោយ​ធនធានធម្មជាតិ​ជាច្រើន​។​

​ជាមួយ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឱ្យ​ល្អប្រសើរ​និង​ទទួល​ភាព​រីករាយ​នោះ NOCC​បានដាក់​កីឡា​ដែលមាន​ប្រជាប្រិយភាព​ចំនួន​១១​ប្រភេទ​​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​ដែល​នឹង​ត្រូវធ្វើ​នៅ​ខេត្ត​កែប​នា​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែធ្នូ​ឆ្នាំំ​២០១៧​និង​ជា​ព្រឹត្តិការណ៍​មួយ​ដែល​​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងទេសចរណ៍ និង (NOCC)​ចាត់ទុកថា​ជា​យុទ្ធនាការ​ដ៏​សំខាន់​ក្នុង​ការធ្វើ​ឲ្យ​ឆ្នេរសមុទ្រ​​នៅ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព ហើយ​ការដាក់​ឲ្យ​មានការ​ប្រកួត និង​សម្តែង​នូវ​ប្រភេទ​កីឡា​ចំនួន ១១ ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ជំរុញ​ទិសដៅ​នេះ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ការដាក់​ឲ្យ​មាន​​ការប្រកួត​និង​សម្តែង​កីឡា​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​គឺ​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​តំបន់ឆ្នេរ​សមុទ្រ​នៅ​កម្ពុជា​ឲ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ព្រោះ​កីឡា​កម្សាន្ត​បែប​ទេសចរណ៍​វា​ជា​ផលិតផល​ទេសចរណ៍​ថ្មី​នៅក្នុង​ពិភពលោក​​ដែល​ស្ថិតនៅក្នុង​គំនិត​ច្នៃប្រឌិត​ថ្មី​។​

​លោក​បាន​បញ្ជាក់ថា “​យើង​ដាក់​ឲ្យ​មានការ​ប្រកួត និង​សម្តែង​លើ​ប្រភេទ​កីឡា​រត់ប្រណាំង​កម្សាន្ត ៣-៤ គ​.​ម​, ទូកក្តោង​, ទ្រី​យ៉ា​ត្លុង​, បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​, កីឡា​រាំ​អន្តរជាតិ​, ស្គី​ទឹកកក​, ប្រណាំង​កង់ ៤១ គីឡូម៉ែត្រ​, ប្រដាល់​យុទ្ធ​គុន​ចម្រុះ (MMA), ចំបាប់​ឆ្នេរ​ខ្សាច់​, គុន​ខ្មែរ និង​កីឡា​ថាសហោះ ផងដែរ​ដើម្បី​ធ្វើ​ឲ្យ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​”​។​

​សូមបញ្ជាក់ថា សម្រាប់​ពិធីបុណ្យ​សមុទ្រ​នេះដែរ រាជរដ្ឋាភិបាល​បានកំណត់​ឲ្យ​ធ្វើ​ផ្លាស់​វេន​គ្នា​រវាង​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​កែប ហើយ​នេះ​ជា​លើក​ទី​២ ហើយ​ដែល​បុណ្យ​សមុទ្រ​ត្រូវធ្វើ​នៅ​ខេត្ត​កែប ព្រោះ​ខេត្ត​នេះ​ធ្លាប់ធ្វើ​ម្តង​កាល​ឆ្នាំ​២០១៣ ។

​ជា​ទិសដៅ​និង​យុទ្ធសាស្ត្រ NOCC និង​ក្រសួងទេសចរណ៍ តែងតែ​ដាក់បញ្ចូល​ឲ្យ​មានការ​ប្រកួត និង​សម្តែង​កីឡា ដែលមាន​ប្រជាប្រិយ មិនដែល​ខាន​ឡើយ ហើយ​ការប្រកួត​កីឡា​ទាំងនោះ តែងតែ​ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពី​មហាជន និង​ភ្ញៀវទេសចរ​៕​ដោយ បូ​រិ​ន​/sn