ពិធីបុណ្យ​សមុទ្រ​នា​ចុងឆ្នាំ​២០១៩ នឹង​ទាក់ទាញ​ភ្ញៀវ​ចូលមក​កម្សាន្ត ក្នុង​ខេត្តកំពត​ទ្វេ​ឡើង​

185
ចែករម្លែក

ដោយ​: បូកគោ / កំពត​: តាមរយៈ​ភាពជោគជ័យ​នៃ​កំពត​សង្ក្រាន្ត​ដែល​បាន​កន្លងផុតទៅ​ថ្មីៗ​នេះ សង្ឃឹមថា​សម្រាប់​ពិធីបុណ្យ សមុទ្រ​នា​ចុងឆ្នាំ​២០១៩ នឹងមាន​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ចូលមក​កម្សាន្ត និង​ស្នាក់​នៅក្នុង​ខេត្តកំពត​ទ្វេ​ឡើង​។

​ដោយនៅ​នឹកឃើញ​ស្លាកស្នាម​នៃ​ភាពសប្បាយ​រីករាយ​កាលពី​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​បាន​កន្លងផុតទៅ​ថ្មីៗ​នេះ យុវជន កៅ ទ្រី មាន​ទីលំនៅ​ក្នុង​ក្រុង​កំពត​បាន​សម្តែង​ក្តី​រំពឹងថា ពិធីបុណ្យ​សមុទ្រ នា​ចុងឆ្នាំ​២០១៩ ខាងមុខ​ពិតជា​នឹងមាន​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ចូលមក​កម្សាន្ត និង​ស្នាក់អាស្រ័យ​ក្នុង​ខេត្តកំពត​ទ្វេ​ឡើង​។ ទោះបី​កន្លងមក ការអភិវឌ្ឍ​ហាក់​យឺតយ៉ាវ ប៉ុន្តែ​ក្រោម​កិច្ចដឹកនាំ​របស់លោក​ជាវ តា​យ អស់​រយៈ ពេល​ជាង​មួយឆ្នាំ​ចុងក្រោយ ខេត្តកំពត​មាន​សន្ទុះ​រីកចម្រើន​គួរឱ្យ​មោទនៈ​បំផុត​។
​យុវជន​ដដែល​បាន​បន្តថា ទីក្រុង​មាន​សម្រស់​ស្រស់ស្អាត កន្លែង​កម្សាន្ត​ជាច្រើន​ពោរពេញ​ដោយ​សោភ័ណភាព​ទាក់ទាញ​តាមរយៈ​ការសម្អាត​អនាម័យ លម្អ​បរិស្ថាន ការតុបតែង​ភ្លើងពណ៌ ផ្កា​ភ្ញី​ជាដើម ។ រីឯ​ការអភិវឌ្ឍ​ទៀតសោត​កំពុងមាន​សកម្មភាព ផុលផុស​គ្រប់​ទីកន្លែង​ទូទាំង​ខេត្ត​។ ការរៀបចំ​ទីក្រុង​របស់​អភិបាលខេត្ត លោក​ចាត់ចែង​បានល្អ​ដោយ​រចនា​តុបតែង​ភ្លើង​តាម​ដងផ្លូវ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​។ ចំពោះ​បញ្ហា​សំរាម​នៅតាម​ដង ផ្លូវ​វិញ ពេលនេះ​បងប្អូន​យុវជន យុវតី​មានការ​យល់ដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ទុកដាក់​ដែល​ធ្វើឱ្យមាន​សណ្តាប់ធ្នាប់​ល្អ​។ ក្នុងនាម​ជា​យុវជន​ម្នា​ក់នៅ​ខេត្តកំពត ខ្លួន​សូម​អំពាវនាវ​ដល់​យុវជន យុវតី ព្រមទាំង​ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងអស់​យល់​ជ្រួតជ្រាប​អំពី​សក្តានុពល​របស់​ខេត្ត​នេះ​ជាមួយនឹង​ទិដ្ឋភាព​ស្រស់ស្អាត កន្លែង​កម្សាន្ត​សម្បូរបែប​។ ដូច្នេះ សម្រាប់​ថ្ងៃបុណ្យ ឬ​ថ្ងៃ​សម្រាក​ការងារ​សូម​ភ្ញៀវ​ជិត​ឆ្ងាយ​អញ្ជើញ​មកលេង​កម្សាន្ត​ឱ្យបាន​ច្រើន​។

​ដោយឡែក​យុវតី​ម្នាក់ទៀត​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់ថា​តាមរយៈ​ភាពសប្បាយ​រីករាយ កាលពី​ឱកាស​បុណ្យ​កំពត​សង្ក្រាន្ត​២០១៩ ដែលមាន​យុវជន យុវនារី​ចូលរួម​ក្នុង​កម្រិត​ភាគរយ​ច្រើន​លើសលប់​នោះ សង្ឃឹមថា​ពេល​ពិធីបុណ្យ​សមុទ្រ​ចាប់ផ្តើម​នា​ចុង​ឆ្នាំនេះ​នឹងមាន​ភ្ញៀវ​មកលេង​កម្សាន្ត​នៅ​ខេត្តកំពត​ទ្វេដង​។​
​សូម​រំលឹកថា​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ខេត្តកំពត​ទទួល​ទេសចរ​ជាតិ និង​អន្តរជាតិ ជិត​១៤​ម៉ឺន​នាក់​។ ចំណែក​អ្នកចូលរួម​លេង​កម្សាន្ត​សម្រាប់​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​មាន​ប្រមាណ​ជាង​១៥​ម៉ឺន ដោយ​ក្នុងនោះ​ភាគច្រើន​ជា​យុវវ័យ​៕ ល​