ដោយ : ពៅ និមល / ភ្នំពេញ : សាលារាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនាសប្តាហ៍ខាងមុខ នឹងដាក់ពង្រាយបន្ទប់ទឹកប្រមាណជិត៥០០បន្ទប់ និងធុងសម្រាមចំនួន១.៦០០ធុង សរុបប្រមាណ២.១០០ក្នុងទីតាំងសំខាន់ៗផ្សេងគ្នា ដែលប្រារព្ធពិធីនេះឡើង។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់កាសែតរស្មីកម្ពុជានៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ការគ្រោងដាក់ពង្រាយធុងសំរាមជាច្រើនខាងលើនេះក្នុងគោលបំណងគ្រប់គ្រងបញ្ហាសំរាមឲ្យល្អប្រសើរ ក្នុងនោះក៏នឹងមានការចុះផ្សព្វផ្សាយចំនួន០២ដង ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងពីការគ្រប់គ្រងសំរាមផងដែរ។ ដោយឡែក បញ្ហាបង្គន់អនាម័យគឺដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរជាតិអន្តរជាតិ ក៏ដូចជាក្រុមកីឡាករចំណុះទូកបង្ករភាពងាយស្រួលដល់ពួកគាត់ ដោយក្នុងនោះមានទាំងបន្ទប់ទឹកថ្ម បន្ទប់ទឹកចល័ត និងបន្ទប់ទឹកនៅទីតាំងស្នាក់នៅរបស់កីឡាករចំណុះទូកសរុបទាំងអស់ប្រមាណ៥០០បន្ទប់។
លោកអ្នកនាំពាក្យបានលើកឡើងថា ការដាក់ពង្រាយយ៉ាងច្រើននេះដោយសារកាលពីឆ្នាំកន្លងទៅ បងប្អូនប្រជាពលរដ្ឋដែលចូលរួមពិធីបុណ្យអុំទូកនៅក្រុងភ្នំពេញមានរហូតដល់ប្រមាណ០១លាននាក់កន្លះ ក្នុងមួយថ្ងៃ។ ហើយឆ្នាំនេះចំណុះជើងជូកក៏មានការកើនឡើងផងដែរ ដែលកើនដល់ចំនួន២៩៨ទូក ស្មើនឹងជាង០២ម៉ឺននាក់។
លោក ភក្តី បានធ្វើការរម្លឹកពីភាពរីកចម្រើននិងអ៊ូរអ៊រសព្វថ្ងៃនេះ គឺកើតចេញពីប្រទេសដែលគ្មានសង្គ្រាម សុខសន្តិភាព ភាពសម្បូរសប្បាយ ពិសេសមានថ្នាក់ដឹកនាំដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍទៅមុខបន្តទៀត។ ទន្ទឹមនេះ លោកក៏បានអំពាវនាវបន្ថែមទៅដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងពិធីបុណ្យអុំទូក ចូលរួមគោរពច្បាប់ចរាចររណ៍ ចេះអធ្យាស្រ័យគ្នាទៅវិញទៅមកនិងនាំការសប្បាយត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងគិតគូរទុកដាក់ឲ្យបានត្រឹមត្រូវមុននឹងចាកចេញពីផ្ទះទៅតំបន់ណាមួយ ចៀសវាងកើតឡើងជាយថាហេតុណាមួយក្នុងគ្រួសារ។
ព្រះរាជពិធីបុណ្យអុំទូកនឹងប្រារព្ធឡើងរយៈពេល០៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២១ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ៕