ពិធី​ការពារ​គម្រោង​ស្រាវជ្រាវ​បឋម​និក្ខេបបទ​ថ្នាក់បណ្ឌិត របស់​បេក្ខជន​បណ្ឌិត អ៊ុ ចាន់ថុល នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា (UI)

613
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែតុលា ឆ្នាំ​២០១៨​នេះ នៅ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ហៅ​កាត់ UI បានរៀបចំ​ពិធី​ការពារ​គម្រោង​ស្រាវជ្រាវ​បឋម​និក្ខេបបទ​ថ្នាក់បណ្ឌិត មហាវិទ្យាល័យ​នីតិសាស្ត្រ ជំនា​ន់ទី​៣ វគ្គ​២ ជំនាញៈ នីតិសាធារណៈ របស់​បេក្ខជន​បណ្ឌិត អ៊ុ ចាន់ថុល ក្រោម​ប្រធានបទ “​ការរៀបចំ​រដ្ឋ តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(​ឆ្នាំ​១៩៩៣)“​។​

​ពិធីការ​ពារ​នេះ ធ្វើ​នៅ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ដែលមាន​អាស័យដ្ឋាន​នៅផ្ទះ​លេខ​I១៥ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ក្បែរ​ផ្សារ​សំណង់​១២) ។​

​ចំពោះ​គណៈកម្មការ​សម្រាប់​វាយតម្លៃ​គម្រោង​ស្រាវជ្រាវ​បឋម​និក្ខេបបទ​ថ្នាក់បណ្ឌិត​នេះ មាន​ចំនួន ៥​រូប ក្នុងនោះ មាន​១​រូប ជា​ប្រធាន​, មាន​២​រូប ជា​សាស្ត្រាចារ្យ​វាយតម្លៃ​, មាន​១​រូប ជា​សមាជិក និង​មាន​១​រូប​ទៀត ជា​លេខា​កត់ត្រា​។ សាស្ត្រាចារ្យ​ណែនាំ​មាន​ចំនួន ២​រូបៈ មាន​១​រូប ជា​សាស្ត្រាចារ្យ​ណែនាំ​គោល និង ១​រូប ជា​សាស្ត្រាចារ្យ​ណែនាំ​រង​។ តំណាង​សាកលវិទ្យាល័យ ១​រូប​ផងដែរ​។​

​សូមបញ្ជាក់ថា សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា គឺជា​សាកលវិទ្យាល័យ​ដែល​ផ្តល់នូវ​ពហុ​ពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និង​សីលធម៌ ដល់​សិស្ស​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធម៌​សង្គម សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅក្នុង​សង្គមជាតិ ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័នរដ្ឋ សាកលវិទ្យាល័យ​នានា ក្នុងប្រទេស និង​ក្រៅប្រទេស សំដៅ​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ឱ្យទាន់​យុគសម័យ​សកលភាវូបនីយកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​។​

​បេសកកម្ម​ចម្បង របស់​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា គឺជា​ការចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការកសាង​ធនធានមនុស្ស​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ការកសាង​ធនធានមនុស្ស​ប្រកបដោយ ចំណេះដឹង សមត្ថភាព​ពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និង​ឈ្លាសវៃ ដើម្បី​គុណភាព និង​ឧត្តមភាព​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារការងារ​៕