ពិធី​ការិនី រតនា បកស្រាយ​រឿង​ចុះផ្សាយ​ថា នាង​មាន​លុយ​កន្លះ​លាន​ដុល្លារ​

133
ចែករម្លែក

​ភ្នំពេញ​៖ ពិធី​ការិនី រតនា ដែល​កំពុងតែ​ឡើងជា​មួយ​មុខរបរ​លក់​អន​ឡាញ បានចេញ​មុខ​បក ស្រាយ​ព័ត៌មាន ចុះផ្សាយ​ថា នាង​មាន​សល់​លុយ​ច្រើន រហូតដល់​កន្លះ​លាន​ដុល្លារ ខណៈ មហាជន​មួយចំនួន យល់ច្រឡំ​លើ​ព័ត៌មាន​នេះ​។

​មួយរយៈ​នេះ មាន​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ដាក់​ចំណង ជើង​ថា “​ត្រឹម​មួយប៉ប្រិចភ្នែក ទ្រី ដា​ណា ធ្វើ​ឲ្យ​ពិធី​ការិនី មាស សុវណ្ណ​រតនា សល់​លុយ​ជិត​កន្លះ​លាន ដុល្លារ​” ដោយបាន​សរសេរថា ទោះបីជា​ពេលនេះ​ពិធី​ការិនី មាស សុវណ្ណ​រតនា​មាន​លុយ ឡាន​វីឡា​គ្រឿង​ពេជ្រ​ពាក់​ជ្រែក​ខ្លួន​ក្ដី​ក៏​នាង នៅតែ​គិតថា​ខ្លួនឯង​យល់សប្ដិ​ព្រោះ​មិន​នឹកស្មាន ក្រោយ​ដាក់​ដើមទុន​ជាមួយ​ផលិតផល NPP ដែលមាន​លោកស្រី ទ្រី​ដា​ណា ជា​អគ្គនាយិកា មិនបាន​មួយឆ្នាំ​ផង​នាង សល់​លុយ​ក្បែ​កន្លះ​លាន​ដុល្លារ​។ ព័ត៌មាន​នេះ​ក៏បាន​ធ្វើឱ្យ​មហាជន មួយចំនួន រិះគន់​នាង និង​គិតថា ជា​រឿ​ងក​ហុក​ទៅវិញ​។
​ ​
​អ្នកនាង រតនា បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ឱ្យដឹងថា “​អ្នក​មិន​ជឿ ជា​រឿង​របស់​អ្នក តែ​ខ្ញុំ​ជឿ ព្រោះ​ខ្ញុំ​ឆ្លងកាត់​ដោយ​ខ្លួនឯង សល់​ទ្រព្យសម្បត្តិ​មួយចំនួន​ទោះ​នៅ រំ​លោះ​ខ្លះ ខ្ញុំ​ពេញចិត្ត ខ្ញុំ​មិនដឹងថា បងប្អូន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ម៉េច​ទេ​។ តែ​ខ្ញុំ​ផ្ទាល់ បាន​ឆ្លងកាត់​ផ្ទាល់ អ្នកតំណាង​ជោគជ័យ​ផ្ទាល់ គេ​រកស៊ី​ជា​ប្រព័ន្ធ​លក់ដាច់​ទាំង​តំណាង​តូច និង​អ្នកប្រើប្រាស់ ផលិតផល NNP NUNA CTM ប្រើ​មិនត្រូវ​ដូរ​លុយ​វិញទៀត មាន​កុងត្រា ច្បាស់លាស់​….​។ ពិបាក​បន្ទោស​បងប្អូន​ដែរ ជួនកាល​បងប្អូន ធ្លាប់តែ​ដាក់ទុន​កន្លែង​ខុស​ចឹ​ង ក៏​មិន​ជឿ តែ​បងប្អូន​សាក​ដាក់​ជាមួយ ក្រុមហ៊ុន​ពួក​ខ្ញុំ សាកមើល​។ ខ្ញុំ​ក៏​សូមបញ្ជាក់​ណា …​សល់ កន្លះ​ជិត​លាន និង​មិនមែន​រាប់​លុយ​សុទ្ធ​ទេ គេ​រាប់​ទ្រព្យ ផ្ទះ ឡាន ជំនួញ ២ មុខ ទាំងនេះ សុទ្ធតែ​បានមកពី NNP & NUNA ទាំងអស់​”​។

​តារា​ស្រី​រូបនេះ បាន​និយាយទៀតថា នាង​បាន​ឆ្លងកាត់​ច្រើន ហើយ នាង​ស្ទើរតែ​មិនដែល បាន​ដេក​ពេញភ្នែក​ទេ ១​ថ្ងៃ ច្រើនណាស់ ៣​ម៉ោង​។ លុយ​របស់​នាង និង​គ្រួសារ​មាន​សល់​បាន ច្រើន​ប៉ុណ្ណេះ​ដោយសារ​នាង និង​ស្វាមី មិន​ទទួលទាន​គ្រឿង​ស្រវឹង មិន​ចូល​ក្លិប​មិន​ចូល ខារ៉ាអូខេ មិនសូវ​ដើរ​កម្សាន្ដ​ទេ គឺ​ស្ទើរតែ ៩៩ ភាគរយ​។ បើ​ចុះ​តាម​ខេត្ត ការងារ​ទាំងអស់ នាង និង​ក្រុមការងារ តែងតែ​ដឹក​ឥ​វ៉ាន់ ដល់​អតិថិជន​ដោយ​ផ្ទាល់ដៃ​មិនមែន​អង្គុយចាំ​រាប់​លុយ ស្រួល​នោះទេ​។

“​ខ្ញុំ​មិនអោយ​បងប្អូន​ជឿ​ខ្ញុំ​ទេ​… តែ​បងប្អូន ត្រូវ​គិត​ដែរ​ថា ខ្ញុំ​ខំ​ណាស់ ខ្ញុំ​ធ្លាប់​ក្រ​ខ្ញុំ​ឆ្លងកាត់​លំបាក ច្រើនណាស់ កុំ​ជាន់ពន្លេច​គ្នា​អី ជួយ​គ្នា​ទប់ស្កាត់​វិ​រុស កូ​វិដ​-១៩ វិញ ល្អ​ជាង​ណា​” នេះ​ជា​សារ របស់​ពិធី​ការិនី រតនា ។

​សូម​រំលឹក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្សារ​ចាស់ និង​ផ្សារ កណ្តាល ក្នុង​ទឹកដី ខណ្ឌដូនពេញ ពិធី​ការិនី រតនា បាន​ដឹកនាំ​សមាជិក​របស់​នាង​ដែលជា​ស្ត្រី មេផ្ទះ លក់​អន​ឡាញ​នូវ​ផលិតផល NUNA រួមទាំង​គ្រួសារ​របស់​នាង ប្រមាណ​ជាង ២០ នាក់ បាន​ចំណាយពេល និង​ថវិកា ចុះ​ចែក​ម៉ាស់ ២.៥០០ បន្ទះ និង​អាកុល ២.៥០០ ដប​ជូន​អ្នក​អត់ សូវ​មាន តា​ស៊ីក្លូ អ្នករត់​កង់​បី និង​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ ដើម្បី​បំផុស​ឱ្យ​មហាជន មានការ​ប្រុងប្រយ័ត្ន និង​យកចិត្ត​ដាក់ ក្នុងការ​ការពារ ពី​កូ​រ៉ូ​ណា​វិ​រុស (​កូ​វីដ​-១៩) ខណៈ​កម្ពុជា មាន​ករណី​ផ្ទុះ​ជម្ងឺ​នេះ រហូត​មាន​ឆ្លង​រហូត​ជាង​៩០​នាក់ នាពេលនេះ​។

​សូមបញ្ជាក់ថា អ្នកនាង មាស សុវណ្ណ​រតនា ហៅ រតនា ក្នុង​ឆ្នាំ​២០១៩ នាង​តែងតែ​ទទួលបាន ការងារ ជា​ពិធី​ការិនី ជាប់​រហូត និង ធ្វើការ​ស្នូល​រាល់ថ្ងៃ ជា​អ្នក​ទីផ្សារ ហើយ​អ្វីដែល​ពិសេស សម្រាប់​នាង​នោះ នាង​មាន​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាញ ជាមួយនឹង​ក្រុមហ៊ុន​គ្រឿងសម្អាង NNP ។ ក្រោយពី​ជឿជាក់ និង​ទុកចិត្ត​ហើយ​នាង​បោះទុន​លើ​មុខ​ជំនួញ​នេះ កាត់​ស្តុក​ផលិតផល ក្នុង​ខេត្តកំពត មួយ ដោយបាន​ទុន​ប្រមាណ ៤ ម៉ឺន​ដុល្លារ​។​

​នាង​មិន​ត្រឹម​បោះ និង​ចែកចាយ​ផលិត ឱ្យ​អ្នកតំណាង​របស់​នាង​ឡើយ នាង​ខំប្រឹង​លក់​តាម អន​ឡាយ បន្ទាប់​ការងារ​សិល្បៈ សូម្បីតែ​យប់​ម៉ោង​គេង​សម្រាក ក៏​ខំប្រឹង​លក់​ដែរ​។ ពិធី​ការិនី រតនា ជា​មនុស្ស​ស្រី​ពូកែ​ធ្វើ​ការងារ​ក្នុងសង្គម ហើយ​ជា​ភរិយា​ល្អ ដែល​ខំ​ប្រឹងរក​ទុកដាក់ មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ របស់ទំនើប ខណៈ​នាង ជា​កូនស្រី អាជីវករ នៅ​ខេត្តកំពត​។​

​តារា​រូបនេះ ត្រូវបាន​មហាជន​សរសើរ​ថា នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង​ចូលរួម​សកម្មភាព សប្បុរសធម៌ ដែល​កន្លងមក នាង​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ ជួយ​ដល់​អ្នកមាន​ជីវភាព​ក្រីក្រ​។ ក្រៅពី​អាជីព​ជា​ពិធី​ការិនី និង អ្នកលក់​អន​ឡាញ​នោះ នាង​ក៏​ធ្លាប់ជា​អតីត​ជា​អ្នក​ទីផ្សារ និង​អ្នកសារព័ត៌មាន​នៅ​ក្រុមហ៊ុន TNB របស់លោក​ប្រុស​ស្អាត​ជ្រោយចង្វា ប៊ុន រឿន ៕ ដោយ​៖ បូ​រិ​ន​