ពិធី​បិទ​បញ្ចប់​ដំណើរ​ក្បួន​រថយន្ត​ទេសចរ (Caravan Tours) ផ្លាស់ប្តូរ​ទេសចរណ៍​និង​វប្បធម៌ ឡាន​ឆាង​-​មេគង្គ​

237
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្ន​ពេញ​: រយៈពេល​២៧​ថ្ងៃ ក្នុង​ចម្ងាយ​ផ្លូវ​ជិត ៦​ពាន់​គីឡូម៉ែត្រ នៃ​ដំណើរ​ផ្លាស់ប្តូរ​ទេសចរណ៍​-​វប្បធម៌ ទន្លេ​ឡាន​ឆាង​-​មេគង្គ ដោយ​យានយន្ត​ផ្ទាល់ខ្លួន (Caravan Tours) ទៅកាន់​រមណីយដ្ឋាន​បូរាណ​ចិន ឡាវ និង​កម្ពុជា ក្រោម​ប្រធានបទ (​ភ្នំ​និង​ទឹក មិនអាច​កាត់ផ្តាច់​បាន ជោគវាសនា​ត្រូវតែ​ត​ភ្ជាប់​) ត្រូវបាន​បិទ​បញ្ចប់​ជា​ផ្លូវការ​នៅ​សៀមរាប​-​អង្គរ​។

​ក្រោម​ប្រធានបទ ភ្នំ​និង​ទឹក មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន ជោគវាសនា​ត្រូវតែ​ត​ភ្ជាប់​) នៃ​ក្បួន​រថយន្ត​ទេសចរណ៍​ផ្ទាល់ខ្លួន (Caravan Tours) ចេញពី​ទីក្រុង​ឃុន​មីង ខេត្ត​យូ​ណាន សា​ថារ​ណ​រដ្ឋ​ប្រជាមានិត​ចិន ឆ្លងកាត់​ប្រទេស​ឡាវ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ផ្លាស់ប្តូរ​ទេសចរណ៍​-​វប្បធម៌ ទន្លេ​ឡាន​ឆាង​-​មេគង្គ ត្រូវបាន​ប្រារព្ធ​ពិធី​បិទ​បញ្ចប់​ដំណើរ​ទេសចរណ៍​ដ៏​មាន​សារសំខាន់​នេះ នា​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ បន្ទាប់ពី​ក្រុម​អ្នកទេសចរ​ចិន ( Caravan Tours ) បានធ្វើ​ដំណើរ​ទស្សនា​កំសាន្ត​ចុងក្រោយ​រយៈពេល​២​ថ្ងៃ​នៅ​ខេត្តសៀមរាប ( តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​-​អង្គរ បេ​តិក​ភ័​ណ្ឌ​នៃ​មនុស្សជាតិ​)​។ លោក Liu Zhi Jie អគ្គ​កុងស៊ុល នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ខេត្តសៀមរាប មាន​វត្តមាន​នៅក្នុង​ពិធី​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ ដែលមាន​ឈ្មោះថា ដំណើរ​ទេសចរ​ដោយ​យានយន្ត​ផ្ទាល់ខ្លួន​នៅ​រមណីយដ្ឋាន​បូរាណ​ចិន ឡាវ និង​កម្ពុជា​។​

​លោកស្រី Shi Ling អគ្គនាយករង​ប្រចាំ​មន្ទីរ​វប្បធម៌​និង​ទេសចរណ៍​ខេត្ត​យូ​ណាន បានបង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​កក់ក្តៅ ដែល​បាន​ជួបជុំគ្នា​នៅលើ​ដែនដី​នៃ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក (​ប្រាសាទអង្គរវត្ត ) ដ៏​ល្បីល្បាញ​នៃ​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ​។ ដំណើរ​ទស្សនាចរ​នេះ គឺជា​ការបង្ហាញ​អំពី​ទំនាក់ទំនង​វិស័យ​ទេសចរណ៍​-​វប្បធម៌ ទន្លេ​ឡាន​ឆាង ជាមួយ ទន្លេមេគង្គ ដូច​អ្វីដែល​ត្រូវបាន​ជ្រើសរើស​យកមក​ធ្វើជា​ប្រធានបទ​( ភ្នំ​និង​ទឹក មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន ជោគវាសនា​ត្រូវតែ​ត​ភ្ជាប់​) ហើយ​ព្រឹត្តិការណ៍​នេះ បាន​បង្ហាញថា ចិន ឡាវ កម្ពុជា មានបំណង​រួមគ្នា​ក្នុង​ចំណុច​ចាប់ផ្តើម​ថ្មី​មួយ ដើម្បី​អនាគត​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ពិភពលោក ដ៏​ច្រើន​មកកាន់​ទីនេះ​។

​លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​វាយតម្លៃ​ដែរ​ថា ៖ ការធ្វើដំណើរ​របស់​ក្បួន​រថយន្ត​ទេសចរណ៍​នេះ គឺជា​ឱកាស​មាស​មួយ សម្រាប់​ការផ្លាស់ប្តូរ​វប្បធម៌​និង​ទេសចរណ៍ ជាមួយនិង​ការផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ នៅលើ​ទឹកដី​ដ៏​ស្រស់ត្រកាល​តាម​ដង​ទន្លេមេគង្គ​និង​ឡាន​ឆាង ដែលជា​តំបន់​ប្រកបដោយ​ភាព​ទាក់ទាញ និង​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​។​

​លោក​មានប្រសាសន៍ថា ជាង​៦០​ឆ្នាំ​កន្លងមកនេះ ប្រទេស​ទាំងពីរ​បាន​ព​ង្រឹ​ង​និង​ពង្រីក​ចំណង​មិត្ត​ភា​ឥតឈប់ឈរ ពិសេស​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​២ មានការ​រីកចំរើន​គួរកត់សំគាល់ គឺ​ដូច​ពាក្យ​មួយ​ឃ្លា ដែលថា (​មិត្តភាព បង្កើត​អនាគត​រួមគ្នា​)​។ ប្រទេស​ទាំងពីរ ( កម្ពុជា​-​ចិន ) បានកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​កម្ពុជា​-​ចិន ដែល​ផ្តល់​សារៈសំខាន់​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ស្របតាម​យុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់​និង​ផ្លូវ ដើម្បី​ជំរុញ​បន្ថែមទៀត ដល់​ទំនាក់ទំនង​ប្រជាជន​កម្ពុជា​-​ចិន ការផ្លាស់ប្តូរ​វប្បធម៌ នាំ​លំហូរ​ភ្ញៀវទេសចរ​ទៅវិញទៅមក​៕ ល​