ពិធី​បុណ្យសព​នាង​ស៊ូ​លី​នឹង​រៀបចំ​ជា​លក្ខណៈ​ឯកជន​ស្ងាត់ៗ

307
ចែករម្លែក

តារាចម្រៀង​និង​ជា​តារា​សម្តែង​កូរ៉េ​នាង ស៊ូ​លី ដែល​គេ​ប្រទះឃើញ​ស្លាប់​នៅផ្ទះ​របស់​នាង​កាលពី​ថ្ងៃ​ចន្ទ ទី​១៤ តុលា នឹងត្រូវ​រៀបចំ​ពិធីបុណ្យ​សព​ជា​លក្ខណៈ​ឯកជន​។

​ផលិតកម្ម SM Entertainment របស់​នាង​និយាយថា ទីតាំង​រៀបចំ​បុណ្យសព​នឹងមិន​លាតត្រដាង​ឱ្យដឹង​នោះទេ​ដើម្បី​កុំឱ្យ​អ្នកគាំទ្រ និង អ្នកកាសែត​ចូលមក​ជិត​។

​យោងតាម​នាយកដ្ឋាន​ព​ន្ល​ត់​អគ្គីភ័យ​របស់​ស​ង្កា​ត់​សឹង​ណាំ អតីត​តារាចម្រៀង​របស់​ក្រុម f(x) រូបនេះ បាន​ស្លាប់​រួចទៅហើយ នៅពេល​ក្រុម​សង្គ្រោះ​មកដល់​។

​នាយកដ្ឋាន​បាន​បញ្ជូន​រថយន្ត​សង្គ្រោះ​មក​ផ្ទះ​របស់​នាង នៅពេល​ខ្លួន​ទទួល​ទូរស័ព្ទ​ពី​អ្នក​គ្រប់​គ្រប់​របស់​នាង​ស៊ូ​លី​នៅ​ម៉ោង ៣:២០ នាទី​រសៀល​ថ្ងៃ​ចន្ទ​។ គាត់​មិនអាច​ទាក់ទង​នាង បន្ទាប់ពី​អ្នក​ទាំងពីរ​និយាយ​គ្នា​ចុងក្រោយ​បំផុត​កាលពី​ថ្ងៃអាទិត្យ​។

​ក្រុមគ្រូពេទ្យ​សង្គ្រោះ​បឋម​កត់សម្គាល់​ឃើញថា នាង​បានបង្ហាញ​សញ្ញា​គាំងបេះដូង ហើយ​ករណីនេះ​ត្រូវបាន​ប្រគល់​ឱ្យទៅ​ប៉ូលិស​។

​យោងតាម​កម្មវិធី​ព័ត៌មាន News Room របស់​ទូរទស្សន៍ JTBC ប៉ូលិស​បាន​រកឃើញ​កំណត់ត្រា​លិខិត​មួយ​នៅក្នុង​ផ្ទះ​របស់​នាង ដែល​នាង​ស៊ូ​លី​សរសេរ​ដោយ​ដៃ​រៀបរាប់​ពី​ជីវិត​របស់​នាង​។​

​ផ្ទះ​របស់​នាង​ពុំមាន​សញ្ញា​បង្ហាញថា​មាន​ជនល្មើស​ណាមួយ​គាស់​ផ្ទះ​របស់​នាង​ទេ​។

​គេ​ជឿថា នាង​ស៊ូ​លី​បាន​ប្រឹង​ធ្វើ​ការងារ​រវល់​រហូត​ដល់​មុន​ថ្ងៃ​នាង​ស្លាប់ បន្ទាប់ពី​មាន​កាលវិភាគ​ត្រូវ​ថត​ផ្សាយពាណិជ្ជកម្ម​សម្រាប់​ផលិតផល​កាបូប​ម៉ាក Stretch Angels នៅ​ថ្ងៃ​ចន្ទ​នោះដែរ​។​

​ពួក​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​កត់សម្គាល់ថា ការស្លាប់​របស់​នាង​គឺជា​ឧទាហរណ៍គំរូ​មួយទៀត​របស់​តារា K-pop ដែល​ធ្លាក់​ក្នុង​សម្ពាធ​ដ៏​តានតឹង​បំផុត​នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​។

​ការស្លាប់​របស់​នាង​ស៊ូ​លី​បាន​នាំឱ្យ​តារា​ផ្សេងទៀត​ផ្អាក​សកម្មភាព​ចាប់ពី​ឥឡូវ​ទៅហើយ ជាមួយ​នាង អាម​បឺ លីវ មិត្តភក្តិ​នាង​ស៊ូ​លី​នៅក្នុង​ក្រុម f(x) បាន​សរសេរ​នៅលើ Twitter ថា នាង​បាន​ផ្អាក​សកម្មភាព​ការងារ​សិល្បៈ​នាពេលខាងមុខ​របស់​នា​ង​ហើយ​។

​ក្រុម​ចម្រៀង Super Junior បាន​លុបចោល​ការប្រគុំ​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ និង ក្រុម​ចម្រៀង​ប្រុស SuperM ក៏​ពន្យារ​ពេលធ្វើ​ការងារ​នៅក្នុង​កម្មវិធី SuperM The Beginning ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ពិធី​បុណ្យសព​របស់​នា​ង​ស៊ូ​លី​នឹងត្រូវ​រៀបចំ​ស្ងាត់ៗ​ជា​លក្ខណៈ​ឯកជន