ពិធី​ប្រកាស​តែងតាំង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប

307
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្តសៀមរាប ជំនួស​លោក គឹម ប៉ុណ្ណា ដែល​អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ដោយ​ត្រូវ​ទទួលបាន​តួនាទី​ថ្មី​នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ពិធី​ប្រកាស​តែងតាំង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប

​ពិធី​ប្រកាស​តែងតាំង និង​ទទួល​ភារកិច្ច​ថ្មី​នៃ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃ​១៥ ខែសីហា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន , និង លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​។​

​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្ដែង​ការចូលរួម​អបអរ​ចំពោះ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ថ្មី ក៏​ដូច​ប្រធាន​មន្ទីរ​សាធារណការ​និង ដឹកជញ្ជូន​ខេត្ត​ចាស់​ដែល​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រសួង ពិសេស​បាន កោតសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក គឹម ប៉ុណ្ណា ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​សាធារណការ​ក្នុង​ខេត្ត​ឱ្យមាន​ការរីក ចម្រើន​នាពេល​កន្លងមក ខណៈ​វិស័យ​សាធារណការ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ខេត្ត​ទេសចរណ៍​សៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្ត​នេះ​បន្ថែមទៀត​។

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​នេះ​ថា​ជាការ​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​សាធារណការ​ក្នុងប្រទេស​កម្ពុជា ហើយ​ត្រូវ​ចងចាំ​ថា មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី ខេត្ត​ទាំងអស់ ត្រូវដាក់​ខ្លួន​ជា​អ្នកបម្រើ​រាស្ដ្រ កុំ​ធ្វើជា​ចៅហ្វាយ​រាស្ដ្រ ពិសេស​សូមឱ្យ​ប្រធាន​មន្ទីរ​ទើប​ទទួល​ដំណែង​ថ្មី និង​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​កែលម្អ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​

​លោក​ក៏បាន​ជំ​រុញឱ្យ​ប្រធាន​មន្ទីរ​ថ្មី​រៀបចំ​ផែនការ​ការងារ​១០០​ថ្ងៃ សម្រាប់​អនុវត្តន៍ ដើម្បី​បង្ហាញ​ស្នាដៃ​ការងារ​ក្នុង​តំណែង និង​ភារកិច្ច​ថ្មី​ដែល​ថ្នាក់លើ​ប្រគល់ជូន ហើយ​ត្រូវខិតខំ​ប្រឹងប្រែង​អនុវត្ត​ឱ្យបាន​នូវ​អនុសាសន៍​ណែនាំ​១១​ចំណុច របស់​សម្តេច តេ​ជោ ហ៊ុន សែន និង​ប្រកាន់​គោលការណ៍ ធ្វើជា​មន្ត្រី​គំរូ​គេ កុំ​ធ្វើជា​មន្ត្រី​គ្រាប់​ល្ពៅ​ទី​១.​ត្រូវខិតខំ​អប់រំ​ផ្សព្វផ្សាយ​ការយល់ដឹង​ជា​សាធារណៈ និង​បញ្ហា​ការយល់ដឹង​ច្បាប់​បទដ្ឋាន​នានា ពិសេស​ត្រូវ​បន្ត​ជំរុញ​ការអប់រំ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ទូលំទូលាយ ជំរុញ​មន្ត្រី​មន្ទីរ​ប្រើប្រាស់​កម្មវិធី Road Care App ដើម្បី​លើកកម្ពស់​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​ក្នុង​ខេត្ត​ឱ្យមាន​ប្រសិទ្ធភាព ។​

​សូមបញ្ជាក់ថា មុន​ឡើងជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប លោក គី វី​រិន្ទ ធ្លាប់ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ​, ជា​អតីត​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ និង​ធ្លាប់ជា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តបាត់ដំបង​៕ ល​