ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ​ប្រព្រឹត្តិ​ទៅដោយ​រលូន​និង​ភាពសប្បាយ​រីករាយ​

360
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី បើក​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​ទូក​ក្តារ​បីសន្លឹក ឆ្នាំ ២០១៩ នៅ​ទន្លេ​វ៉ៃ​គោ​(​ទំនប់​តា​ណេង​)​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​ថ្លែងថា​នៅ​ឆ្នាំនេះ​មិន​ខុសពី​បណ្ដា​ឆ្នាំ​កន្លងទៅ​នោះទេ ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ​ពិធី​ប្រណាំងទូក​នៅ​ខេត្តស្វាយរៀង​មានការ​ចូលរួម​ពី​ប្រតិភូ​និង​កីឡាករ​កីឡាការិនី​មកពី​គ្រប់​បណ្ដា​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស​។​ដោយមាន​ទូក​មក​ចូលរួម​ប្រណាំង​សរុប​ចំនួន​៥៤​គ្រឿង​មាន​កីឡាករ សរុប​ចំនួន ១.២៨៣​នាក់ (​នារី​៩​នាក់​)​។​

​ក្នុងនោះ​កីឡាករ​ពេញសិទ្ធិ​៩៩៦​នាក់​និង​កីឡាករ​បម្រុង​២៨៧​នាក់​និង​មាន​ប្រតិភូ​ដឹកនាំ​ទូក​២១២​នាក់​រួមមាន​៖​ប្រភេទ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ចំណុះ​២២​នាក់​មាន​៤៤​គ្រឿង​រួមមាន​ទូក​នៅក្នុង​ខេត្តស្វាយរៀង​១៤​គ្រឿង​។​ទូក​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត​២៦​គ្រឿង​។​ទូក​ខេត្តព្រៃវែង​១​គ្រឿង​ទូក​ខេត្តកណ្ដាល​១​គ្រឿង​ទូក​របស់​កងពលតូច​ថ្មើរជើង​លេខ​៥១​ខេត្តបន្ទាយមានជ័យ​១​គ្រឿង និង​ទូក​របស់​រដ្ឋបាល ខេត្តព្រះវិហារ ១​គ្រឿង​។

​ប្រភេទ​ទូក​ក្ដារ​បីសន្លឹក​ចំណុះ​៣​នាក់​មាន​ចំនួន​១០​គ្រឿង​។​ក្នុងនោះ​ប្រភេទ​ទូក​បុរស​៨​គ្រឿង​និង​ប្រភេទ​ទូក​នារី​២​គ្រឿង​រួមមាន​ទូក​ក្នុង​ខេត្ត​៤​គ្រឿង​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​១​គ្រឿង​ទូក​របស់​សមាគម​ទូក​ខេត្តកណ្ដាល ២​គ្រឿង ទូក​ខេត្តបន្ទាយមានជ័យ ១​គ្រឿង និង​ទូក​របស់​វត្ត​ស្លា​កែ​ត ខេត្តកណ្ដាល ២​គ្រឿង ។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​តាងនាម​គណៈកម្មការ​រៀប​ចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៩​នៅ​ខេត្តស្វាយរៀង​មាន​ជំនឿ​ជាក់​យ៉ាង​មុតមាំ​ថា​ក្រោម​ការសហការ​ជួយ​រៀបចំ​លើ​ការងារ​បច្ចេកទេស​ពី​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​។​ធ្វើឱ្យ​ពិធី​ប្រណាំងទូក​នៅ​ខេត្តស្វាយរៀង​យើង​ឆ្នាំនេះ​ប្រព្រឹត្តទៅបាន​ដោយ​រលូន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​និង​មាន​ភាព​សុ​ក្រឹត្យ​យុត្តិធម៌​សម្រាប់​កីឡាករ​កីឡាការិនី​ទូក​ទាំងអស់​។​

សូម​ស្នើ​ដល់​គណៈកម្មការ​គ្រប់គ្រង​ទូក​និង​កីឡាករ​កីឡាការិនី​សូម​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត​បញ្ចេញ​ឲ្យ​អស់​លទ្ធភាព​ដោយ​ឈរលើ​ស្មារតី​មិត្តភាព​ភាតរភាព​និង​សាមគ្គីភាព​ដើម្បី​ទទួលបាន​លទ្ធផល​ឈ្នះ​-​ឈ្នះ​ទាំងអស់គ្នា​៕S/​