ពិធី​សែន​កុងម៉ា​និង​ចូលឆ្នាំ​ចិន​ក្នុងសង្គម​ខ្មែរ​

292
ចែករម្លែក

ពិធី​សែន​និង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ត្រូវបាន​ពលរដ្ឋ​ចិន​រស់នៅ​កម្ពុជា ក៏ដូចជា ពលរដ្ឋ​ខ្មែរ​កាត់​ចិន ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​។ ទំនៀមទម្លាប់​មួយ​នេះ​ទោះជា​មិនមែន​របស់​កម្ពុជា​ក៏ដោយ ក៏​វា​បានកើត​ឡើង​និង​មាន​អត្ថិភាព​នៅក្នុង​សង្គម​ខ្មែរ​រហូត​មកពី​បរម​បុរាណ​លើកលែងតែ​ក្នុង របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​ខ្មែរក្រហម​ដែល​អង្គការ​បាន​បំបាត់ចោល​។​មិនថាតែ​ពិធី​សែន​ចូលឆ្នាំ​ចិន​ទេ គឺ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​រាប់ពាន់​ឆ្នាំ​មកហើយ​ក៏ត្រូវ​របប​នេះ​បំបាត់ចោល​ដែរ​។​

​ពិធី​សែន​ចូលឆ្នាំ​ចិន​នៅ​ឆ្នាំនេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ រីឯ​ពិធីបុណ្យ ចូលឆ្នាំ​ចិន នឹងមាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ។ តើ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន បាន​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ និង​ធ្វើ​ឲ្យ​វប្បធម៌​ប្រពៃណី​ចិន ចាក់ឫស​កាន់តែ​ជ្រៅ ក្នុងសង្គម​កម្ពុជា ដល់​កម្រិតណា​?​។​
​ ​
ការអបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅក្នុង​សង្គម​កម្ពុជា នៅពេលនេះ កាន់តែ​បើកចំហរ និង​អធិកអធម​ជាង​ឆ្នាំមុនៗ ខណៈដែល​ជនជាតិ​ចិន កាន់តែ​ច្រើនឡើងៗ បាន​ចូលមក​រស់នៅ​រកស៊ី និង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​រាជធានី​ភ្នំពេញ​ព្រមទាំង​នៅ តាម​ទីប្រជុំជន ទី​រួម​ខេត្ត​ជាច្រើន​ផ្សេងទៀត ទូទាំងប្រទេស​កម្ពុជា​។​
​ ​
ការរៀបចំ​ពិធី​នៅពេល​បុណ្យចូលឆ្នាំ​ចិន ត្រូវបាន​បង្ហាញឡើង ដោយ​តាម​នៅតាម​ផ្លូវ​ពិសេស នៅ​ភ្នំពេញ ការលក់ដូរ​ដើម​ផ្កា ក្រូច និង​ផ្កា​អង្គារសីល មាន​កាន់តែច្រើន ហើយ​ថ្លៃៗ​ជាង​ឆ្នាំមុន​។ របស់របរ​គ្រឿង​តុបតែង​ផ្ទះ ក្រដាសសែន ក៏មាន​ច្រើនជាង​មុន​។ រីឯ​បន្លែ​សាច់ ពិសេស​ជ្រូក​ខ្វៃ មាន់​ទា ក៏​ច្រើន​។ ស្រា ស្រា​បៀរ ភេសជ្ជៈ ក៏​ត្រូវបាន​លក់ដាច់​ច្រើនជាង​មុន​ដោយ​រាល់​ការជួបជុំ ពិសេស​នៅពេល​សែន​ចូលឆ្នាំ​ចិន គឺ​គ្រប់​ផ្ទះ ទិញ​ដាក់តាំង​សែន ឬក៏​តិ​អៀ​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​បន្ទាប់មក ក៏មាន​ការផឹកស៊ី​អបអរ​យ៉ាង​សប្បាយ​។​
​ ​
បន្ទាប់ពី​ពិធី​សែន​រួច​នៅ​ភ្នំពេញ ស្ងាត់​ជាង​ថ្ងៃ​ធម្មតា​។ តាម​ហាង ផ្សារ សាលារៀន​មួយចំនួន បិទទ្វារ ហើយ​អ្នក​នៅ​ភ្នំពេញ​មួយចំនួន ចេញទៅ​លេង​តាម​ស្រុកកំណើត ឬក៏​តំបន់​ទេសចរណ៍ នានា និង​អ្នកមាន​ធនធាន​ខ្លះទៀត បានធ្វើ​ដំណើរ​ចេញទៅ​លេង​នៅក្រៅ​ប្រទេស​។​
​ ​
ទាំងអស់នេះ ជាការ​បង្កើន​ចំណាយ និង​ចំណូល ដែល​នាំ​ដល់​ចរន្ត​សេដ្ឋកិច្ច​មិន​ត្រឹមតែ​នៅក្នុងប្រទេស​ទេស​តែ​ក៏មាន​ការចំណាយ​ទៅ​ក្រៅប្រទេស ដែល​ក្រុមហ៊ុន ទេសចរណ៍ ​ក៏​អា​ចរក​ចំណូល បាន​កើន​មួយកម្រិត​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​នេះ​ផងដែរ​។ នេះ​ជា​មើល​តែមួយ​ជ្រុង តូច​ប៉ុណ្ណោះ​។​
​ ​
​អំពី​វប្បធម៌​ប្រពៃណី​ចិន នៅ​កម្ពុជា​វិញ​។ គឺ​ចិន​បាន​លុក​ចូលក្នុង​សង្គម​កម្ពុជា​តាំងពី​សម័យ ចេនឡា ហើយ​នៅ​សម័យអង្គរ ក៏មាន​អ្នកប្រាជ្ញ​ចិន ឈ្មោះ ជាវ តាខ្វាន់ បានមក​ស្រាវជ្រាវ នៅ​កម្ពុជា រហូតដល់​មាន​សិលាចារឹក នៅជាប់​ជញ្ជាំង​ប្រាសាទ អង្គរវត្ត ថែម​ទៀតផង​។ ជនជាតិ​ចិន ក៏​បានមក​ធ្វើ​ជំនួញ តាម​សំពៅ និង​ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​សម័យកាល​នោះមក​។​
​ ​
​ចិន​រស់នៅ​ស្រុក​ខ្មែរ​ហើយ​បង្កើត​កូនចៅ​ខ្មែរ​កាត់​ចិន​ពេញ​ប្រទេស​។ យូរ​ឆ្នាំ​មកហើយ ខ្មែរ​យើង​ខ្លះ និយម​ដាក់ឈ្មោះ​កូន​ជា​ឈ្មោះ​ចិន ហើយ​រៀបចំ​សែន ចូលឆ្នាំ​ចិន ទោះបីជា​ស្បែក​ខ្មៅ និង​មិនចេះ ចិន​សូម្បី​មួយ​ម៉ាត់​។ ក្រដាស​ក្រហម បិទ​ផ្ទះ​ជា​អក្សរ​ចិន អក្សរ​ដាក់​ស៊ុម​កញ្ចក់​កុងម៉ា ជា​អក្សរ​ចិន ក៏ត្រូវ​បាន​តាំង​ក្នុងផ្ទះ និង​សែន​រាល់​ឆ្នាំ​។​
​ ​
យើង​មើល​សម័យ​ទំនើប​បច្ចុប្បន្ន តាម​ហ្វេ​ស​ប៊ុ​ក​សុទ្ធតែ​ផ្ញើ​សារ​ជូនពរ​គ្នា និង​ទារ​អាំង​ប៉ាវ​។ ហ្វេ​ស​ប៊ុ​ក ក៏​បង្ហោះ​រូបថត ឬក៏​សរសេរ​ឌឺដង​ដាក់គ្នា​ថា “​បុគ្គលិក​ដែល​ចង់​ឈប់សម្រាក នៅ​ថ្ងៃ​សែន និង​បុណ្យចូលឆ្នាំ​ចិន ឬក៏​ចង់បាន​អាំង​ប៉ាវ ត្រូវ​ចេះ​ចិន និង​សរសេរ​ឈ្មោះ សរសេរ​ច្បាប់​ជា​អក្សរ​ចិន​…” ជាដើម​។​
​ ​
នៅពេលនេះ​ទៀត​នៅតាម​សាលារៀន​ឯកជន​មួយចំនួន បាន​សរសេរ​ប្រកាស​ឲ្យ​គ្រូ និង​សិស្ស ឈប់សម្រាក​បួន​ថ្ងៃ ក្នុងពេល​ចូលឆ្នាំ​ចិន ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ​។ រីឯ​តាម​ក្រុមហ៊ុន គ្រឹះស្ថាន​សិស្ស​រដ្ឋ​មួយចំនួន​ក៏ដូចជា​មន្ទីរ​ក្រសួង​មួយចំនួន​ទោះជា​ពុំមាន​ការអនុញ្ញាត​ឲ្យ​ឈប់សម្រាក តែ​សកម្ម​ស្ងប់ស្ងាត់​ក៏​តែងតែ​កើតឡើង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះដែរ​ ។
​ ​
សរុបមក ពិធី​សែន និង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន បាន​បង្កើត​ឲ្យ​មាន​ចរន្ត​សេដ្ឋកិច្ច​ផ្តល់​ចំណូល ច្រើន​ផ្នែក ពិសេស​ការទិញ​ដូរ​រ​បស់​របរ​តុបតែង​ផ្ទះ បន្លែ​សាច់ ជាដើម​រួមទាំង​ដំណើរ ទេសចរណ៍​ក្នុងស្រុក ក៏ដូចជា​ការចេញ​ទៅលេង​កម្សាន្ត​នៅ​បរទេស​។ រីឯ​ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌​ចិន ក៏​កាន់តែ​ការ​ឫស​ជ្រៅៗ​ទៅ ក្នុងសង្គម​កម្ពុជា ព្រោះថា នៅ​កម្ពុជា​យើង មិនមែន​តែ​ចូលឆ្នាំ​ចិន​នេះ​ឯណា គឺ​មួយឆ្នាំ កម្ពុជា​យើង ចូលឆ្នាំ​ដល់​ទៅ​បី​ដង គឺ​ចូលឆ្នាំ​សកល ចូលឆ្នាំ​ចិន និង​ចូលឆ្នាំ​ខ្មែរ​៕ ដោយ​: ម៉េង​ឆៃ