ពិធី​សំណេះសំណាល និង​ចែក​រង្វាន់​ជូន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៣២​នាក់ នៅ​ខេត្តបាត់ដំបង​

169
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​បាត់ដំបង បាន​វៀប​ចំ​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស សមាជិក ស​.​ស​.​យ​.​ក និង​ចែក​រង្វាន់​ម៉ូតូ​ជូន​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និទ្ទេស A ចំនួន​៣២​នាក់​នៅ​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក ស សុខា រដ្ឋលេខាធិកា​ក្រសួង​អប់រំ​យុវជន និង​កីឡា អនុប្រធាន ស​.​ស​.​យ​.​ក ទទួល​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តព្រៃវែង លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

​លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​បាន​រាយ​កាណ៍​អំពី​លទ្ធផល នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨-២០១៩ សម្រាប់​បេក្ខជន​ក្នុង​ខេត្តបាត់ដំបង បេក្ខជន​ចុះឈ្មោះ​ប្រឡង​ចំនួន​៧,២៧៤​នាក់ (​ស្រី​៤,០៧៤​នាក់​) បេក្ខជន​បានមក​ប្រឡង​ចំនួន​៧,១៦៥​នាក់ ស្រី​៤,០២១​នាក់​។ បេក្ខជន​ប្រឡង​ជាប់​ចំនួន​៤,៦៣១​នាក់​(​ស្រី​២,៧២៧​នាក់​)​។ ក្នុងនោះ និទ្ទេស A ចំនួន​៣២​នាក់ (​ស្រី​១៧​នាក់​)​។​

​បន្ទាប់មក​លោក ស សុខា បាន​ថ្លែងអំណរគុណ​ចំពោះ​លោក លោកស្រី ដែលជា​សប្បុរសជន​បាន​ជួយឧបត្ថម្ភ​ប្រគល់​ម៉ូតូ​ដល់​ក្មួយៗ​នេះ​។ បើ​ប្រៀបធៀប​ខេត្តបន្ទាយមានជ័យ មានសំណាង​ជាង​ដោយ​អ្នក​ជាប់​និទ្ទេស A ទទួលបាន​ថវិកា​សរុប​ជាង​៣​ពាន់​ដុល្លារ ក្នុងនោះ​ម៉ូតូ​១​គ្រឿង​តម្លៃ​ជាង​១​ពាន់​ដុល្លារ iPhone១​គ្រឿង ថ្នាក់ដឹកនាំ​ខេត្ត​ជួយ​ម្នាក់ៗ​២០០​ដុល្លារ ពេល​ទៅ​ជួប​សម្តេច​តេ​ជោ​ជួយ​៥០០​ដុល្លារ​។ ដោយឡែក​នៅ​ខេត្តបាត់ដំបង​លោក​ឧកញ៉ា ភួ ពុ​យ តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង ជួយឧបត្ថម្ភ​សិស្ស​ជាប់​និទេស A ក្នុង​ម្នាក់ៗ​១០០​ដុល្លារ សរុបទៅ​ម្នាក់ៗ​បាន​ជាង​៣​ពាន់​ដុល្លារ និង​រដ្ឋបាលខេត្ត​ជួយ​មួយចំនួនទៀត​ទុកជា​អនុស្សាវរីយ៍​៕ ល​