ពិធី “​ហៅ​ទឹកភ្លៀង​”

249

​ភ្នំពេញ​៖ ក្នុងចំណោម​មរតក វប្បធម៌​ជាច្រើន​របស់​ខ្មែរ មាន​ពិធី​កម្ម មួយ​ហៅថា “​ពិធី​ហៅ​ទឹកភ្លៀង​” ដែល កូន​ខ្មែរ​ជំនាន់​ក្រោយ​ស្ទើរតែ​ភ្លេចភ្លាំង និង​លែង​យកចិត្តទុកដាក់​។​

​ប្រភព​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្តអាគម បាន​រៀបរាប់ថា សូម​សរសើរ​ប្រជាជន ខ្មែរ ជាពិសេស​អ្នករស់នៅ​ក្នុង​ឃុំ​លាង ដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​ក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ នៅតែ​រក្សា​យ៉ាង ខ្ជាប់ខ្ជួន​នូវ “​ពិធី​ហៅ​ទឹកភ្លៀង​” ដែលជា មរតក​វប្បធម៌​អរូបី​របស់​ដូនតា​យើង បាន​បន្សល់ទុក​សម្រាប់​ការងារ​កសិកម្ម និង​ការដាំដុះ​ផ្សេងៗ​។​
​ ​
​ប្រភព​ដដែល​បាន​រៀបរាប់ថា ពិធី​ហៅ​ទឹកភ្លៀង​ត្រូវបាន​ប្រជាជន​នៅ ឃុំ​លាងដៃ រួមគ្នា​ប្រារឰឡើង​នៅ ប្រាសាទនាគព័ន្ធ ពីព្រោះ​អ្នកស្រុក​ជឿ ជាក់​ថា​មាន​បារមី​ស័ក្តិសិទ្ធិ អាច​ផ្តល់នូវ ទឹកភ្លៀង​តាម​ការស្នើសុំ​របស់​ពួកគេ បាន​។ ពិធី​នេះ​ធ្វើឡើង​ដោយ​ប្រើ​រយៈ ពេល​ពីរ​ថ្ងៃ​។ នៅ​ថ្ងៃ​ដំបូង​គេ​រៀបចំ​ពិធី ក្រុង​ពាលី ប្រកា​សហេតុ​បួងសួង និង សែន​គ្រឿង​សំណែន​ផ្សេងៗ ក្នុង​គោល បំណង​សុំ​ទឹកភ្លៀង ។ បន្ទាប់មក​ទើប និមន្ត​ព្រះសង្ឃ​ជាង​២០​អង្គ ស្វាធ្យាយ នូវ​ព្រះ​បរិត្ត​ផ្សេងៗ ហើយ​នៅ​ក្នុងនោះ មាន​ព្រះ​បរិត្ត​មួយ​ដែល​អាចារ្យ​អ្នក រៀបចំ​កម្មវិធី​តែង​អារាធនា ដើម្បីឱ្យ ព្រះសង្ឃ​ស្វាធ្យាយ​មិនដែល​ខាន​នោះ​គឺ “​ធម៌​មហាមេឃ​”​។​

​ផេ​ក​ដដែល​បានបញ្ជាក់​ទៀតថា ជា​ទម្លាប់​កន្លងមក នៅពេលដែល​ព្រះ សង្ឃ​ចាប់ផ្តើម​សូត្រធម៌​មហាមេឃ គឺ តែងតែមាន​ភ្លៀង​បង្អុរ​ចុះមក​យ៉ាង​ស័ក្តិ សិទ្ធិ ។ ពិធី​បន្ទាប់មក គឺ​ពិធី​បញ្ចូល​រូប​។ នៅក្នុង​ពិធី​នេះ​តែងមាន​រូប អ្នកតា​ជា ច្រើន​ចូលមកសណ្ឋិត​ដូចជា​លោកតា រាជ (​នៅ​អង្គរវត្ត​) លោកតា​ខួច (​នៅ ប្រាសាទប្រែរូប​)​តា​សុខ តា​សៅ តា​ដំបង ដែក តា​ដំបងគ្រញូង នាង​ផាត់​សមុទ្រ នាង​ខ្មៅ អង្គ​ស្វា​អង្គត ជម្ពូទ្វីប សំពៅ មាស​ភុជង្គនាគ ជាដើម ។ ចំណែក​ស្នង រូប​មាន​ច្រើន​នាក់ ហើយ​សុទ្ធសឹង​ជា មនុស្ស​ស្រី​។ ពេល​ចូលមក គឺ​ផ្តើម​លាប ម្សៅ​បរិភោគ​គ្រឿង​ស្រវឹង​ផ្សេងៗ រាំ​ពត់​ពែន​ទៅតាម​ចង្វាក់ភ្លេង​។​នៅ ថ្ងៃទី​២ វេលា​ព្រឹក​ឡើង គេ​និមន្ត​ព្រះ សង្ឃ​ឆាន់​យាគូ និង​រាប់បាត្រ​ព្រះសង្ឃ តាម​ទំនៀម​ព្រះពុទ្ធសាសនា​។

​ប្រភព​ដដែល​អធិប្បាយ​ថា​មុននឹង បញ្ចប់​កម្មវិធី​អាចារ្យ​នាំ​អ្នកស្រុក​ដើរ ប្រទក្សិណ ប្រាសាទនាគព័ន្ធ​ចំនួន ៣​ជុំ ដោយ​ចាក់ទឹក​លើ​ក្បាល​ទ (​ដែល​អ្នក ស្រុក​ហៅថា រន្ធ​រា​ហ៊ូ​) ដែលមាន​ចម្លាក់ រូបសំណាក​នៅតាម​ទិស​ទាំង​បួន​។ បន្ទាប់មក អ្នកស្រុក​ក្មេង​ចាស់ នាំគ្នា​លេង ជះ​ទឹក​ដាក់គ្នា​ទៅវិញទៅមក ខ្លះ​ច្រៀង​ខ្លះ​រាំ​សប្បាយ​ក្អាកក្អាយ​ហាក់ ដូចជា កំពុង​ភ្លៀង​ធ្លាក់​មក​យ៉ាងពិត​ប្រាកដ ៕ ដោយ​: បញ្ញា​សាស្ត្រ​

ទិដ្ឋភាព​ពិធី​ហៅ​ទឹកភ្លៀង (​រូប​ផេ​ក​មន្តអាគម​ខ្មែរ​)
​ទិដ្ឋភាព​ពិធី​ហៅ​ទឹកភ្លៀង (​រូប​ផេ​ក​មន្តអាគម​ខ្មែរ​)​
​ទិដ្ឋភាព​ពិធី​ហៅ​ទឹកភ្លៀង (​រូប​ផេ​ក​មន្តអាគម​ខ្មែរ​)​