ពិនិត្យ​នំ​បញ្ចុក ម្ហូបអាហារ​ក្នុង​ផ្សារ​នា​ក្រុង​សិរីសោភ័ណ លទ្ធផល​វិជ្ជមាន​

609
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​ជំនាញ​កាំកុងត្រូល​និង​ពាណិជ្ជកម្ម បាន​សហការគ្នា​ចុះ​ត្រួតពិនិត្យ ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់​ក្នុង​នំ​បញ្ចុក ក្នុង​ម្ហូបអាហារ​ទាំងឡាយ​ផ្សារ​សិរីសោភ័ណ នា​សង្កាត់​ព្រះ​ពន្លា​និង​ផ្សារ​ហ៊ុយ ឡេង នា​សង្កាត់​អូរ​អំបិល​ក្នុង​ក្រុង​សិរីសោភ័ណ ។ ជា​លទ្ធផល​គឺ​វិជ្ជមាន​។​

​សកម្មភាព​ជំនាញ​បច្ចេកទេស​នេះ ដឹកនាំ​អនុវត្ត​ដោយ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត លោក ដុំ វណ្ណឌី អនុប្រធាន​ម​ន្ទិ​រពា​ណិ​ជ្ចក​ម្ម​ខេត្តបន្ទាយមានជ័យ​។​

​មន្ដ្រី​ជំនាញ​បាន​ពិនិត្យ ធ្វើតេស្ត​លើ​អ្នក​នំ​បញ្ចុក​សម្ល​និង​អ្នកលក់​សរស​សៃ​នំ​បញ្ចុក​ចំនួន​៥​ម្ចាស់​ផ្សេងគ្នា ហើយ​បន្ត​ពិនិត្យ ធ្វើតេស្ត​លើ​ទំនិញ​ម្ហូបអាហារ​មាន​គ្រឿង​បុក ឆៃប៉ូវ សៀង ប្រហិត ប្រហុក​ផ្អក ត្រីងៀត ណែម សាច់ក្រក គ្រឿងទេស​ក៍​ជាដើម​ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់ ជាតិ​បូរ៉ា​ក់ និង​គុណភាព សុវត្ថិភាព​។​

​ជា​លទ្ធផល លោក​សាន វិជ្ជា​សា​រ៉ាវុធ​និយាយថា សមត្ថកិច្ច​រកឃើញ​ផលិតផល​ម្ហូបអាហារ ពិសេស​នំ​បញ្ចុក​ដែល​នឹង​ក្លាយជា​អាហារ​ក្នុង​យុទ្ធនា​ការហូប​នំ​បញ្ចុក​សាមគ្គី នា​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩ ក៏ដូចជា​នំ​ដ៏​មាន​ប្រជាប្រិយ​តទៅ​នោះ បាន​វិជ្ជមាន​គឺ​ល្អ​ទាំងអស់​ទាំង​នៅ​ផ្សារ​សិរីសោភ័ណ ទាំង​នៅ​ផ្សារ​ហ៊ុយ ឡេង​។​

​លោក ហ៊ុយ ឡេង ជា​ម្ចាស់​ផ្សារ​ហ៊ុយ ឡេង​៥​កន្លែង​ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុងនោះ​មាន​ផ្សារ​ដែល​បោះ​ដុំ​បន្លែ​ផ្លែឈើ ម្ហូបអាហារ​ធំជាងគេ​នៅ​ក្រុង​សិរីសោភ័ណ​ផង បាន​ប្រាប់​សមត្ថកិច្ច​ថា លោក​ក៏​សូម​ស្នើអោយ​សមត្ថកិច្ច​ជំនាញ​បន្ត​ចុះ​ពិនិត្យ ធ្វើតេស្ត​ទំនិញ​ម្ហូបអាហារ​នៅ​ផ្សារ​របស់លោក​អោយ​ញឹកញាប់ ហើយ​លោក​សហការ​ជានិច្ច ព្រោះ​សកម្មភាព​នេះ នឹង​បាន​ជួយ​រួមចំណែក​លើកកម្ពស់​ពង្រឹង​គុណភាព សុវត្ថិភាព​ម្ហូបអាហារ​ជូន​ពលរដ្ឋ​ទូទៅ​ផងដែរ​៕ ល​