ពិព័រណ៍​ទេសចរណ៍​ពាណិជ្ជកម្ម​និង​វិស័យ​អប់រំ​នៃ​ប្រទេស​ហ្វីលីពីន​លើកដំបូង​នៅ​កម្ពុជា​

366
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ប្រទេស​ហ្វីលីពីន​បានដាក់​តាំង​បង្ហាញ​ពិព័រណ៍​លើ​វិស័យ​ទេសចរណ៍​ពាណិជ្ជកម្ម​និង​វិស័យ​អប់រំ​លើកដំបូង​នៅ​កម្ពុជា​ដើម្បី​បញ្ជាក់​ឱ្យដឹងថា​ប្រទេស​ដែន​កោះ​រួម​អាស៊ាន​មួយ​នេះ​កាន់តែ​គាំទ្រ​ឱ្យ​វិស័យ​ឯកជន​ធុរជន​ក្រុមហ៊ុន​និង​ផ្នែក​ពាក់ព័ន្ធ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស កម្ពុជា​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

​ពិព័រណ៍​លើ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​វិស័យ​អប់រំ​ហ្វីលីពីន នេះដែរ​បានរៀបចំ​ឡើង​នា សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​វិស័យ ទេសចរណ៍ និង​អប់រំ​ដោយមាន​ការចូលរួម​ពី​ទីភ្នាក់ងារ​ទេសចរណ៍​ធុរជន​ក្រុមហ៊ុន​និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​ជាច្រើន​របស់​ហ្វីលីពីន​។​

​បញ្ជាក់​ក្នុង​ពិធី​នេះ​តំណាង​ស្ថានទូត​ហ្វីលីពីន​លោកស្រី​MycaMagnoliaFischer​បានបង្ហាញ​ពី​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ​កម្ពុជា​ទៅកាន់​ប្រទេស​ហ្វីលីពីន​ក្រោយ​ការបើក​ឱ្យមាន​ជើងហោះហើរ​ត្រង់​ភ្នំពេញ​-​ម៉ានីល​និង​កោះ​សេ​ប៊ូ​រួចមក​។​ទាក់ទិន​ទៅនឹង​រឿង​នេះដែរ​លោកស្រី​Myca​បានបញ្ជាក់​បន្ថែមថា​“​នាពេល​បច្ចុប្បន្ន​ប្រទេស​ហ្វីលីពីន​កំពុង​ក្លាយជា​ប្រទេស​ដ៏​ទាក់ទាញ​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​មិន​ត្រឹមតែ​សម្រាប់​ការធ្វើដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ការសិក្សា​តែម្តង​”​។​

​គួរ​បញ្ជាក់ដែរថា​នៅមុន​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​នា​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា មានការ​ផ្គូផ្គង​អាជីវកម្ម និង​ការទទួល​បណ្តាញ​ដៃគូ​អាជីវកម្ម ដើម្បី​បង្កើន​កិច្ចសហការ​រវាង​ប្រតិបត្តិ​ករ​ទេសចរណ៍​ហ្វីលីពីន និង​កម្ពុជា​ក៏ដូចជា​សាលារៀន​ភាសា​អង់គ្លេស​និង​ភាសា​ហ្វីលីពីន​នៅ​ប្រទេស​ហ្វីលីពីន​និង​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​ផ្នែក​អប់រំ​នៅ​កម្ពុជា​។​
ដោយឡែក​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ក៏មាន​ការធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​តំបន់​ទេសចរណ៍​ល្បីៗ សាកលវិទ្យាល័យ​ល្បីៗ និង​បទពិសោធន៍​នៃ​ការសិក្សា​នៅ​ហ្វីលីពីន ការបង្ហាញ​ពី​ម្ហូបអាហារ ផលិតផល វប្បធម៌ ។​តាមរយៈ​ការសម្ដែង​របាំ​ប្រជាប្រិយ​ហ្វីលីពីន ការបកស្រាយ​បទ​ចម្រៀង kundiman​ឬ​បទ​ចម្រៀង​ស្នេហា​បុណ្យ​ណូអែល​និង​ក្បាច់គុន​របស់​ហ្វីលីពីន​ភ្លក្ស​អាហារ​ដោយ​ឥតគិតថ្លៃ​។

​ជាមួយគ្នា​ក៏មាន​ការបង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ហ្វីលីពីន​ព្រមទាំង​វត្តមាន​របស់​តារា​ម៉ូ​ដែល​អ្នកនាង​នេ​ត​រក្សា​និង​អ្នកនាង​ដា​រ៉េត​សា​រ៉ា​ដែល​បានបង្ហាញ​ពី​របៀប​ពាក់​ក្រមា​ច្នៃ​ដោយរ​ចនាករ​ជនជាតិ​ហ្វីលីពីន​ល្បីឈ្មោះ​លំដាប់​ពិភពលោក​។​

​សូមបញ្ជាក់ថា​ក្នុង​ពិធី​នេះ​ក៏មាន​ការផ្តល់​នូវ​រង្វាន់​Raffle​សម្រាប់​ប្រគល់ជូន​ដល់​បុគ្គល​ដែល​បានមក​ទស្សនា​ពិព័រណ៍​នេះ​ទៀតផង​។​ក្នុងនេះ​ម្នាក់ៗ​បានឈ្នះ​សំបុត្រ​ទៅកាន់​ប្រទេស​ហ្វីលីពីន​ដោយមាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ និង​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​៕S/

​ប្រទេស​ហ្វីលីពីន​ដាក់តាំង​បង្ហាញ​លើ​ពិព័រណ៍​ទេសចរណ៍ ពាណិជ្ជកម្ម និង​វិស័យ​អប់រំ លើកដំបូង​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​