ពិព័រណ៍​ពាណិជ្ជកម្ម​ខេត្ត​ស៊ី​ឈួន​-​កម្ពុជា លើកដំបូង​នឹង​ប្រារព្ធ​ធ្វើ​នៅ​កម្ពុ​ជានា​ខែមិថុនា​

1134
ចែករម្លែក
  • 12
    Shares
ខេត្ត​ស៊ី​ឈួន របស់​ប្រទេស​ចិន នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ធំ​លើកដំបូង ពីថ្ងៃ​ទី​២១​ដល់​២៣​ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​តំបន់​ពាណិជ្ជកម្ម​ឆឹង​ទូ ប៉ាយ​អ៊ី ដែល​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ចំងាយ​២៣​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​(​រូប សុផល​) ​

​ដោយ​: សុផល / ភ្នំពេញ​: ខេត្ត​ស៊ី​ឈួន របស់​ប្រទេស​ចិន នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ធំ​លើកដំបូង រយៈពេល​៣​ថ្ងៃ ផ្តើម​ពីថ្ងៃ​ទី​២១​ដល់​២៣​ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​តំបន់​ពាណិជ្ជកម្ម​ឆឹង​ទូ ប៉ាយ​អ៊ី ដែល​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ចំងាយ​២៣​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​

​ក្រុមហ៊ុន​ធំៗ​និង​ល្បីៗ​ជាង​១០០​មកពី​ចិន ដែល​រកស៊ី​វិស័យ​គ្រឿងសំណង់ គ្រឿង​សង្ហា​រឹម និង​គ្រឿងអគ្គិសនី នឹង​មក​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ដើម្បី​បង្ហាញ​ផលិតផល​និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​។

លោក​លី​តុង ឈុន (Li Dong Chun) អគ្គលេខាធិការ​សមាគម​ខេត្ត​ស៊ី​ឈួន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា​៖ ពិព័រណ៍​នេះ​នឹង​ធ្វើតាម​យុទ្ធសាស្ត្រ​នៃ “​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​” សម្រាប់​កសាង​វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែលមាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ពង្រីក​ទំហំ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​ផ្តោត​សំខាន់​លើ​គ្រឿង​សង្ហា​រឹម សម្ភារៈ​គ្រឿងសំណង់ សម្ភារៈ​បន្ទប់ទឹក ផលិតផល​សេ​រ៉ា​មិច ភ្លើងចង្កៀង​បំភ្លឺ គ្រឿង​សង្ហា​រឹម ឥត​ការ៉ូ ថ្ម​ម៉ាប ថ្នាំលាប​ថ្នាំ​បៀក​ជាដើម ដែល​សុទ្ធសឹង​ជាមាន​ម៉ាក​ល្បីៗ​ក្នុងប្រទេស​ចិន​រួមជាមួយ​នឹង​ព្រឹត្តិការណ៍​លក់​បញ្ចុះតម្លៃ​ជាច្រើន​ក្នុង​ពិព័រណ៍​នេះ​។​

​លោក​បាន​បញ្ជាក់ថា​កម្ពុ​ជា​គឺជា​ប្រទេស​សំខាន់​មួយ​ដែល​ខេត្ត​ស៊ី​ឈួន​ចូលរួម​ក្នុង​កសាង​យុទ្ធសាស្ត្រ ” ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​” នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ដែលមាន​តម្រូវការ​យ៉ាង​ធំ​នៅក្នុង​វិស័យ​គ្រឿង​សង្ហា​រឹម សំណង់ កសិកម្ម និង គ្រឿងចក្រ​។​លោក លី ក៏បាន​ឲ្យ​ដឹងថា​ពិព័រណ៍​នេះ​មាន​ក្រុមហ៊ុន​គ្រឿងសំណង់ និង​សង្ហា​រឹម​ជាង​១០០​ចូលរួម​ហើយ​រំពឹងថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​១​ម៉ឺន​នាក់​។​

​កន្លែង​តាំងពិព័រណ៍ ទីក្រុង​ពាណិជ្ជកម្ម​ឆឹង​ទូ​ប៉ាយ​អ៊ី​កម្ពុជា​-​ចិន គឺជា​គម្រោង​ប្រើប្រាស់​ចម្រុះ​ដ៏​ធំ​មួយ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន ឆឹង​ទូ ប៉ាយ​អ៊ី គ្រុប ដែលមាន​ចំងាយ ២៣​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ ៤ នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​។ ទីក្រុង​ពាណិជ្ជកម្ម​ឆឹង​ទូ​ប៉ាយ​អ៊ី​កម្ពុជា​-​ចិន​នេះ មាន​ផ្ទៃដី ៨១០​ហិច​តា​និង​ជាទី​ផ្សា​លក់ដុំ​ខ្នាត​ធំ កន្លែង​ដឹកជញ្ជូន ឃ្លាំង​ស្តុក​និង​ពាណិជ្ជកម្ម មាន​ទីផ្សា​លក់ដុំ ផ្ទះល្វែង ផ្ទះ​វីឡា មជ្ឈមណ្ឌល​សន្និសីទ និង​សណ្ឋាគារ​ជាដើម​។ វា​ជា​គម្រោង​សំខាន់​របស់​ខេត្ត​ស៊ី​ឈួន ដែល​នៅ​ឆ្នាំ​២០២៣​វា​នឹងត្រូវ​បញ្ចប់​ការសាងសង់​។​

​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានលើកឡើង​ពី​ការរីកចម្រើន នៅ​កម្ពុជា​ដោយសារ​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ទើប​ធ្វើ​ឲ្យ​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ​កាន់តែ​ច្រើនឡើង​។​
​លោក​បញ្ជាក់ថា​៖​តាម​ការផ្សាយ​ព័ត៌មាន របស់​សារព័ត៌មាន​លោកខាងលិច​មួយ ចំនួន​បានធ្វើ​ឲ្យ អ្នកវិនិយោគ​មិន​ហាន​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ទេ ប៉ុន្តែ​នៅពេល​មកដល់​កម្ពុជា​ផ្ទាល់​ពួកគេ​បាន​ទុកចិត្ត ហើយ​នាំគ្នា​មក​ធ្វើការ​វិនិយោគ​។ ទិសដៅ​របស់​រាជរដ្ឋាភិបាល នឹង​រក្សា​ឲ្យ​បាន​នូវ​អត្រា​ការ​ប្តូរប្រាក់​ដើម្បី​ជួយ​ដល់​អ្នកវិនិយោគ​មករ​ក​ស៊ី​នៅ​កម្ពុជា​។​

​ក្នុង​សន្និសីទកាសែត​នោះដែរ លោក ជា សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​កម្ពុជា​-​ចិន នៃ​សមាគម កម្ពុជា​-​ចិន ក៏បាន​លើកឡើងថា ការ​ពិព័រណ៍​ខេត្ត​ស៊ី​ឈួន ស្រប​ពេលដែល​ទំនាក់ ទំនង​របស់ ប្រទេស​ទាំងពីរ​បាន​វិវត្តន៍​ឥតឈប់ឈរ​ដូច​អ្វីដែល​ប្រមុខ​ដឹកនាំ​ចិន​-​កម្ពុជា ប្រកាស​ជា មិត្ត​ភ័​ក្ត​ល្អ​នឹង​គ្នា​។ លោក​បន្តថា សមាគម​កម្ពុជា​-​ចិន​ជា​ស្ពាន​និង​ជា​ខ្សែ​ក្រ​វ៉ាត​ត​ភ្ជាប់​រវាង​ចិន​-​កម្ពុជា​។ ក្នុង​រយៈ ពេលកន្លងមក​ប្រទេស​ទាំងពីរ បានធ្វើ​ទំនាក់ទំនង​គ្នា​លើ​វិស័យ​វប្បធម៌ និង​ពាណិជ្ជកម្ម ដោយបាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផងដែរ​៕ ល​