ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ឆ្នាំ​២០១៩​នៅ​ខេត្តសៀមរាប​

433
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកក្កដា ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាន​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ប្រចាំ​នៅ​កម្ពុជា ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ហើយ​កាលពី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សួន​សាធារណៈ ខាងមុខ​ព្រះរាជដំណាក់ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី មានការ​ចូលរួម​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​កម្ពុជា , លោកស្រី Ina Hagningtyas Krisnamurthi ទីប្រឹក្សា​ពិសេស​ក្រសួងការបរទេស​ផ្នែក​សេដ្ឋកិច្ច​ការទូត​ឥណ្ឌូនេស៊ី និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ឆ្នាំ​២០១៩ នេះ ជា​ព្រឹត្តិការណ៍​មួយ​ដែល​បង្ហាញ​ពី​ការចូលរួម​សាមគ្គី ចំណង​មេត្រីភាព និង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការល្អ ក្នុងនាម​ជា​បងប្អូន​រួម​តំបន់ និង​រួម​ភពផែនដី​។​តាមរយៈ​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ថ្លៃថ្លា​នេះ វា​ពិតជា​បានបញ្ជាក់​ឱ្យ ឃើញ​អំពី​សុខសន្តិភាព សុវត្ថិភាព​ពេញ​បរិបូណ៌ និង​ការរីក ចម្រើន​ឥតឈប់ឈរ​របស់​កម្ពុ​ជា ពិសេស​នៅ​ខេត្តសៀមរាប ដែលជា​ខេត្ត​ទេសចរណ៍ ប្រវត្តិសាស្ត្រ ធម្មជាតិ​ដ៏​ល្បីល្បាញ​នៅក្នុង​តំបន់ និង ពិភពលោក ។​

​លោក​បាន​បន្តថា ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​ខេត្តសៀមរាប មាន​ចំនួន ៥.៨៤០.៥៦២​នាក់ មានការ​កើន ឡើង ៥,៣៦​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន ប្រសាសន៍ថា ឆ្នាំនេះ គឺជា​ឆ្នាំ​ខួប​លើក​ទី ៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាព​រួមគ្នា រៀបចំ​សកម្មភាព និង​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​ដើម្បី​លើកកម្ពស់​ចំណងមិត្តភាព និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ខណៈ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ មានតម្លៃ​ជាង ៥៥៨.៦២ លាន​ដុល្លារ ក្នុងនេះ កម្ពុជា​នាំចូល​មកពី​ឥណ្ឌូនេស៊ី​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥២៥.៦​លាន​ដុល្លារ កើនឡើង ៦,៦៩​ភាគរយ និង​នាំចេញ​ទៅកាន់​ឥណ្ឌូនេស៊ី​វិញ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣៣ លាន​ដុល្លារ កើនឡើង ១៥.៣៨​ភាគរយ ។​

​លោក​បាន​បន្តថា ផលិតផល​ដែល​កម្ពុជា​នាំចូល​មកពី​ឥណ្ឌូនេស៊ី រួមមាន : ផលិតផល​ថ្នាំជក់ , ប្រេងឥន្ធនៈ​ធម្មជាតិ , ហ្គាស​ធម្មជាតិ , គ្រឿងយន្ត , គ្រឿង ម៉ាស៊ីន , ផលិតផល​ថ្នាំពេទ្យ , ឱសថ , ម្ហូបអាហារ និង​ភេសជ្ជៈ ។​ល​។ ហើយ​កម្ពុជា បាន​នាំ​ផលិតផល​មួយចំនួន​ទៅ​ឥណ្ឌូនេស៊ី​វិញ មានដូចជា ផលិតផល​បំពេញ​ឱ្យ​ការផលិត​សម្លៀកបំពាក់​កាត់ដេរ , ស្បែកជើង , ផលិតផល​ផ្លា​ស្ទីក ផលិតផល​បន្ទាប់បន្សំ​បម្រើឱ្យ​ការផលិត​ផ្សេងៗ​។​ល​។​

​លោក​បាន​បន្តទៀតថា គិត​មក​ត្រឹម​ខែមេសា ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ១៩៦.២៦ លាន​ដុល្លារ កើនឡើង​១០.៤៨​ភាគរយ បើ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ដែល​ក្នុងនោះ ឥណ្ឌូនេស៊ី​ចេញ​កើនឡើង ៧,៧៥​ភាគរយ និង​កម្ពុជា​នាំចូល​កើនឡើង ៥៤.១៨​ភាគរយ ហើយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា ការកសាង​សមត្ថភាព​លើ​វិស័យ​កសិកម្ម និង​សេដ្ឋកិច្ច ។​

ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​-​ឥណ្ឌូនេស៊ី ឆ្នាំ​២០១៩​នៅ​ខេត្តសៀមរាប​៕​គូលែន​

​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​បន្តទៀតថា ពិព័រណ៍​នេះ គឺជា​ការចូលរួម​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម​រួមគ្នា រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ស្ថានទូត​ឥណ្ឌូ​ន​សេ​ស៊ី ហើយ​ស្ថានទូត​ឥណ្ឌូណេស៊ី គ្រោង​នឹង​រៀបចំ​បេសកកម្ម​ពាណិជ្ជកម្ម ដឹកនាំ​ពាណិជ្ជករ​កម្ពុ​ជា ប្រមាណ ៣០​ក្រុមហ៊ុន ទៅ​ចូលរួម​ជំនួប​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ជាមួយ​ពាណិជ្ជករ​ឥណ្ឌូនេស៊ី និង​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សា​កាតា នា​ចុងឆ្នាំ​២០១៨​នេះ ពិសេស​ស្ថានទូត នឹង​កៀរគរ​ក្រុមហ៊ុន​មកពី​ឥណ្ឌូនេស៊ី ប្រមាណ ៣០ ក្រុមហ៊ុន ដើម្បី​ចូលរួម​ពិព័រណ៍​ផលិតផល នាំចេញ​-​នាំចូល​កម្ពុជា ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​ផងដែរ​៕ ល​