ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ក្រុង​បាងកក អំពាវនាវ​ឲ្យ​ពាណិជ្ជករ សាជី​វករ និង​សហគ្រិន​ខ្មែរ​ចូលរួម​

615
ចែករម្លែក

​ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃទី​២៧​ខែកញ្ញា​នេះ នៅឯ​សណ្ឋាគារ The Great Duke កញ្ញា កា​ណុ​ផន ដំរង់​គុល ប្រធាន​នាយកដ្ឋាន​ពិព័រណ៍​ថៃ បានផ្តល់​ការលើកទឹកចិត្ត​ដល់​អ្នកជំនួញ​កម្ពុជា ដើម្បី​ទាញយក​ឱកាស​ស្រូបយក​ផលប្រយោជន៍ ពី​ព្រឹត្តិការណ៍​នៃ​ការតាំងពិព័រណ៍​ខ្នាត​អន្តរជាតិ​នេះ នៅ​ទីក្រុង​បាងកក​នា​ឆ្នាំ​ក្រោយនេះ​។

​ពិព័រណ៍​ជំនួញ​អន្តរជាតិ​ដែលមាន​ទំ​ទិញ និង​ផលិតផល​ដ៏​សំបូរបែប​ក្នុង​ព្រឹត្តិការណ៍​បាន​ជំរុញ​អ្នកជំនួញ ពាណិជ្ជករ​ខ្មែរ​ទាំងអស់ ឆ្លៀត​យក​វេទិកា​នេះ​ដើម្បី​ស្វែងរក​ទីផ្សារ​ថ្មីៗ សំរាប់ធ្វើ​ការនាំ​ចេញទៅ​កាន់​ទីផ្សារ​ជាច្រើន​ទៀត និង​បង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន​ឲ្យ​ពិភពលោក​ស្គាល់​ច្រើន​ថែមទៀត​។​

​កញ្ញា កា​តុ​ផន បាន​ប្រាប់ថា កម្ពុជា​ជា​ប្រទេស​ទី​១ នៅក្នុង​អាស៊ាន​ដែល TCEB (Thailand convention&exhibition bureau) បាន​ប្រារព្ធ​យុទ្ធនាការ​ថ្មី​នេះ ពីព្រោះ​ទិន្នន័យ​របស់​យើង​បង្ហាញថា អ្នកទស្សនា​កម្ពុជា​ជា​ផ្នែក​ដែល​លូតលាស់​លឿន​ជាងគេ​បំផុត នៅក្នុង​អាស៊ាន ទៅកាន់​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០១៧​។ ខណៈដែល​អត្រាកំណើន​ទូទៅ សម្រាប់​អ្នកទស្សនា​ជំនួញ​អាស៊ាន​ជា​មធ្យម​126,24%​ធៀប​ទៅនឹង​ឆ្នាំមុន​។ អ្នកទស្សនា​មកពី​កម្ពុជា គឺ​ឈានមុខ​គេ​ជាមួយនឹង​អត្រាកំណើន​274,52%​។ សហគ្រិន​និង​ពាណិជ្ជករ​កម្ពុជា​បាន​រកឃើញថា ពិព័រណ៍​ពាណិជ្ជកម្ម​ពិតជា​វេទិកា​យ៉ាង​មាន​ប្រសិទ្ធិភាព​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​។ យើង​សង្ឃឹមថា យុទ្ធនាការ​នេះ នឹង​បង្កើន​នូវ​ផលប្រយោជន៍ និង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជាច្រើន​អាច​ទទួលជោគជ័យ​ក្នុង​ជំនួញ តាមរយៈ​ពិព័រណ៍​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ថៃ ខាងមុខនេះ​។ អ្នកជំនួញ​ខ្មែរ​យើង​ណា​មានបំណង​ចូលរួម​តាំងពិព័រណ៍ អាចដាក់​ពាក្យស្នើសុំ​បំពេញ​ឯកសារ​យ៉ាងហោចណាស់​៣០​ថ្ងៃ មុនពេល​កាលបរិច្ឆេទ​នៃ​កម្មវិធី​។​

​កញ្ញា​បាន​កញ្ជាក់​ទៀតថា TCEB គឺជា​ទីភ្នាក់ងារ​នាំមុខ​របស់​រដ្ឋាភិបាល​ថៃ សម្រាប់​ការអភិវឌ្ឍន៍​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ថៃ​។ តួនាទី​បម្បង​របស់​វា គឺ​បង្កើន​អត្ថប្រយោជន៍​ប្រកួតប្រជែង​របស់​ប្រទេស​ថៃ តាមរយៈ​ការរៀបចំ​គោលនយោបាយ និង​ការអនុវត្ត​កិច្ចសហការ និង​ភាពជា​ដៃគូរ​និង​ការចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​និង​ក្រៅប្រទេស​។ តាមរយៈ​ព្រឹត្តិការណ៍​នេះ អ្នកឯកទេស​និង​សហគ្រិន​នៅក្នុង​អាស៊ាន​អាច​ជួបជុំគ្នា​ធ្វើ​អន្តរ​កម្ម​និង​រៀនសូត្រ​ពី​អ្នកដឹកនាំ​គំនិត ក៏ដូចជា​ស្វែងរក​និន្នាការ និង​បច្ចេកវិទ្យា​ថ្មីៗ​បន្ថែមទៀត​។ ជាមួយគ្នា​នោះ ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​អ៊ែរ​វ៉េ​ក៏បាន​គាំទ្រ ដោយ​មោទនភាព​នូវ​ព្រឹត្តិការណ៍​តាំង​ពិ​ពណ៌​អន្តរជាតិ​នេះ​។ ហើយ​ផ្តល់ជូន​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់ នាំមក​នូវ​ការធ្វើដំណើរ​ដឹកជញ្ជូន​រាល់​អ្នកដំណើរ​ទាំងអស់​ពី​ភ្នំពេញ ឬ​ពី​សៀមរាប​ទៅកាន់​ក្រុង​បាងកក ដោយ​សុវត្ថិភាព​និង​ធានា​សេវាកម្ម​ប្រកបដោយ​គុណភាព ពិសេស​នាឱកាស​បើក​ព្រឹត្តិការណ៍​ជា​អន្តរជាតិ​នេះ​។ ក្រុមហ៊ុន​នេះ បាន​រកស៊ី​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៧​មកម្ល៉េះ ដោយ​ហោះហើរ​៦​ជើង​ជា​រៀងរាល់ថ្ងៃ និង​៥​ជើង​ពី​សៀមរាប​ទៅ​បាងកក​៕ ល​

#