ពិព័រណ៍​យន្តហោះ​ធំ​បំផុត​នៅ​ទ្វីបអាស៊ី​នឹង​ចាប់ផ្តើម​នៅ​សិង្ហ​បុរី​ថ្ងៃស្អែក​នេះ​

187

​ពិធី​បើក​ពិព័រណ៍​យន្តហោះ​ធំ​បំផុត​នៅ​ទ្វីបអាស៊ី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ទី ៦ កុម្ភៈ ដោយ​ផ្តល់នូវ​វេទិកា​មួយ​ដើម្បី​បង្ហាញ​អំពី​បច្ចេកវិជ្ជា​នាពេល​អនាគត​និង​ពិភាក្សា​ពី​បញ្ហា​ថ្មីៗ​ដែល​កើតមានឡើង​នៅក្នុង​ពិភព​អាកាសចរណ៍​ដូចជា​យន្តហោះ​ស្វយ័ត​និង​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​សម្រាប់​វិស័យ​អាកាសចរណ៍​។​

​ពិព័រណ៍​យន្តហោះ​នៅ​សិង្ហ​បុរី​ឆ្នាំ ២០១៨ នឹង​ទទួលភ្ញៀវ​ជា​ក្រុមហ៊ុន​ធំ​ចំនួន ៦៥ ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​យន្តហោះ​សកលលោក​ទាំង ១០០ ដូចជា Airbus, Boeing និង Rolls Royce ។ ក្រុមហ៊ុន​ជាង ១.០០០ មកពី​ប្រទេស​ចំនួន ៥០ និង​នៅក្នុង​តំបន់​នឹងចូលរួម​ក្នុង​ពិព័រណ៍​ការពារជាតិ​និង​អាកាស​ដែលមាន​រយៈពេល ៤ ថ្ងៃ​។​

​អ្នកទស្សនា​ជាង ១៣០.០០០ នាក់​រំពឹង​ចូលរួម ដែល​ភាគច្រើន​នឹង​មក​មើល​នៅ​ថ្ងៃទី ១០ និង ១១ កុម្ភៈ នៅពេលដែល​ពិព័រណ៍​នេះ​បើក​ឱ្យ​សាធារណជន​ចូល​មើល​។​

​ដូច​សព្វមួយដង​អ៊ីចឹង ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​គឺ​ការសម្តែង​លើ​អាកាស ជាមួយ​អាកាសយានិក​មកពី​ប្រទេស​ចំនួន​៦ រួមមាន​សិង្ហ​បុរី កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក នឹងចូលរួម​ក្នុងឆ្នាំនេះ​។ យន្តហោះ​មួយចំនួន​នឹងត្រូវ​បានដាក់​តាំង​បង្ហាញ​ជា​លើកដំបូង​ផងដែរ​។​

​ក៏​នឹងមាន​ពិព័រណ៍​រៀបចំ​នៅ​ខាងក្នុង​សាល​ទំហំ​ជាង ៣.០០០ ម៉ែត្រការ៉េ​ផងដែរ​ដែល​រៀបរាប់​លម្អិត​អំពី​ប្រវត្តិសាស្ត្រ​នៃ​កងទ័ពអាកាស​របស់​សាធារណរដ្ឋ​សិង្ហ​បុរី (RSAF) និង​បង្ហាញ​ពី​សមត្ថភាព​បច្ចុប្បន្នរ​បស់​ប្រទេស​នេះ​។​

​ការបង្ហាញ​សមត្ថភាព​លើ​អាកាស​រយៈពេល ១៥ នាទី​ដោយ RSAF ដែល​នឹង​ប្រារព្ធ​ខួប​លើក​ទី ៥០ របស់ខ្លួន​ក្នុងឆ្នាំនេះ នឹងមាន​សមយុទ្ធ ១៥ ក្បាច់ ក្នុងនោះ​មាន​ក្បាច់​ថ្មី​ចំនួន ៦៕ ដោយ៖ កញ្ញាដាលីស

ពិធី​បើក​ពិព័រណ៍​យន្តហោះ​ធំ​បំផុត​នៅ​ទ្វីបអាស៊ី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ទី ៦ កុម្ភៈ