ពិព័រណ៍​យោធា​កម្ពុជា​-​ចិន​: “​ក្រសួងការពារជាតិ​ជូនដំណឹង​ពី​ការ​ចល័ត​សម្ភារៈ​យោធា​ចូល​កោះ​ពេជ្រ​”

1467
ចែករម្លែក
  • 298
    Shares
ពិព័រណ៍​យោធា និង​​ការ​ប្រកួត​កីឡា​កងទ័ព ​ថ្ងៃទី​១២ ដល់ ១៤ ខែ​មករា ឆ្នាំ​២០១៨ កន្លងទៅ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ (រូបឯកសារ)

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រសួងការពារជាតិ​បានប្រកាស​ឱ្យដឹងថា កងយោធពល​ខេមរភូមិន្ទ នឹង​ដឹកជញ្ជូន និង​ចល័ត​សម្ភារៈ​យោធា​មកពី​តាម​បណ្តា​អង្គភាព​មួយចំនួន នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ចូលរួម​ការតាំងពិព័រណ៍​យោធា​កម្ពុជា​-​ចិន នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិ​ពណ៌​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​។​

​ការរៀបចំ​ពិធី​បើក​ការ​ពិព័រណ៍​យោធា​នេះ នឹងត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ (WEI FENGHE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ទាក់ទង​ពិ​ពណ៌​យោធា​រួមគ្នា​កម្ពុជា​-​ចិន ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹងថា ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រសួងការពារជាតិ​ក​ម្ពុ​ជា នឹង​រៀបចំ​ការតាំង​ពិ​ពណ៌​កិច្ច​សដ​ហ​ប្រតិបត្តិការ​យោធា​កម្ពុជា​-​ចិន ដើម្បី​អបអរ​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់​ទំនាក់​ការទូត​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ព្រមទាំង​បង្ហាញ​នូវ​សមិទ្ធផល​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ រយៈពេល​៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨​។ ការតាំង​ពិ​ណ៌​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ (WEI FENGHE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ​។ ការ​មក​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិចិន គឺ​តាម​ការអញ្ជើញ​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

#