ពិព័រណ៍​រូបថត​អគារ​បេតិកភណ្ឌ​ដែល​ត្រូវគេ​មើលរំលង​

781
ចែករម្លែក

ដោយ​: អា​មេ​ហ្ស៊ី​ង​ខេ​ម​បូ​ឌា
​ភ្នំពេញ​:
ពិព័រណ៍​រូបថត​អគារ​បេតិកភណ្ឌ​ដែល​ត្រូវគេ​មើលរំលង​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​តែមួយគត់​មិន​ធ្លាប់មាន​ពីមុនមក​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Amazing Cambodia ដែលមាន​បទពិសោធន៍ ក្នុងការ​ស្រាវជ្រាវ និង​ប្រមូលផ្តុំ​រូបភាព​អតីតកាល​នៃ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​ដែល គេហទំព័រ​នេះ​ជា​ស្នាដៃ​បង្កើត​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​យុវជន ស្រ៊ិ​ន សុខ​មាន វ័យ​២៦​ឆ្នាំ ជា​គ្រូបង្រៀន ភាសា​អង់គ្លេស និង ជា​អ្នកសារព័ត៌មាន​មួយរូប​នៅ​រាជធានី​ភ្នំពេញ​។

​កម្មវិធី​ពិព័រណ៍​នេះ​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ “​វិចិត្រសាល​ក្បាច់​” ក្នុង​បរិវេណ​មជ្ឈមណ្ឌល Factory Phnom Penh ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២(​ទល់មុខ​វត្ត​ចាក់អង្រែលើ​) នៅ​ថ្ងៃទី ១០-១២ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ប្រធានបទ​នៃ​ពិព័រណ៍​នេះ​ផ្តោត​សំខាន់​ទៅលើ​មរតក​ស្ថាប​ត្យ កម្ម​ដែល​លាក់កំបាំង​ឆ្ងាយ​ពី​ភ្នែក​មហាជន​ទូទៅ​ស្ថិតនៅ​រាយប៉ាយ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​តំបន់​រាជធានី​រហូតដល់​តំបន់​និគមជនបទ​ដាច់ស្រយាល ស្ទើរតែ​គ្មាន​អ្នក​ក្រៅ​ទៅដល់​។ ទាំងនេះ​ជា​លទ្ធផល​បាន មកពី​បេស​សក​កម្ម​ចុះ​ស្រាវជ្រាវ​ដោយ​ឯកឯង​ជាច្រើនលើក​ច្រើនសា​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​ក្នុងអំឡុងពេល ប្រមាណ​១០​ឆ្នាំ​កន្ល​មកនេះ​។

​ដោយសារតែ​ជា​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​ចំពោះ​ផ្នែក​វប្បធម៌ និង ស្ថាបត្យកម្ម​ជាតិ ស្ថាបនិក ខាងលើ​បានធ្វើការ​ស្រាវជ្រាវ​លើ​ផ្នែក​នេះ​ទាំង​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ផង និង ការចុះ​រុករក​ដល់ទី​តាំង មូលដ្ឋាន​ជាក់ស្តែង​ផង​ដោយ​គម្រោង​ថវិកា​ចំណាយ​ផ្ទាល់ខ្លួន​សុទ្ធសាធ និង​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ សាធារណៈ​ទាំងស្រុង​ដោយ​គ្មាន​យានជំនិះ​ផ្ទាល់ខ្លួន​។ គាត់​ត្រូវ​ធ្វើដំណើរ​ផ្សងព្រេង​ទៅកាន់​តំបន់​ថ្មីៗ​យ៉ាង ហោចណាស់​ក៏​ម្តង​ឬ​ពីរដង​ដែរ​ក្នុង​មួយខែ ដើម្បី​ស្វែងរក​ទីតាំង​អគារ​ប្រវត្តិសាស្ត្រ​និង​ផ្តិត​រូបភាព​របស់​វា​ទុក ជា​ឯកសារ​ទៅ​ថ្ងៃ​អនាគត​។

“​គោលបំណង​ធំ​នៃ​ការបង្កើត​ពិព័រណ៍​នេះ​ឡើង​គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​មហាជន​អំពី អគារ​បេតិកភណ្ឌ​ទាំងឡាយ​ទូទាំងប្រទេស​ដែលជា​ទូទៅ​ត្រូវបាន​គេ​មើលរំលង​។ អគារ​ទាំងនោះ​មានគុណ តម្លៃ​ពិសេស​រៀងៗ​ខ្លួន ប៉ុន្តែ​ជា​អកុសល អគារ​ភាគច្រើន​ត្រូវបាន​គ្របដណ្តប់​ស្ទើរ​ជិតឈឹង​ដោយសារតែ ឥទ្ធិពល​កិត្យានុភាព​នៃ​តំបន់​ទេសចរណ៍​ដែល​ល្បីៗ​នៅក្នុង​ខេត្ត​ជាមួយគ្នា​។ តាមរយៈ​ការចូលរួមចំណែក ផ្សព្វផ្សាយ​តាម​កម្មវិធី​ពិព័រណ៍​នេះ មរតក​ស្ថាបត្យកម្ម​ទាំងនោះ​ច្បាស់​ជា​នឹង​ត្រូវបាន​លើកស្ទួយ និង អភិរក្ស កាន់តែ​បាន​ប្រសើរឡើង ” ស្ថាបនិក​កម្មវិធី​បានលើកឡើង​។ លោក​បាន​បន្ថែមថា លោក​សង្ឃឹម​យ៉ាង​មុតមាំ ថា អ្នកទេសចរ អ្នកស្រាវជ្រាវ និស្សិត​ស្ថាបត្យកម្ម និង ផលិតករ​ភាពយន្ត​នឹងធ្វើ​ដំណើរ​ទៅដល់​អគារ​ទាំង នោះ​ហើយ​អ្នក​ដែល​ទទួល​ផលប្រយោន៍​ដោយផ្ទាល់​គឺ​ប្រជា​សហគមន៍​តំបន់​នោះ​។​”

​ក្រៅពីនេះ ពិព័រណ៍​ខាងលើ​ក៏មាន​គោលបំណង​បណ្តុះ​ស្មារតី​មោទនភាព​ជាតិ​ចំពោះ​យុវជន​ជំនាន់ ក្រោយ ហើយ​រួបរួម​ចែករំលែក​ប្រវត្តិ​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​នឹង​អគារ​ដែល​ចាស់​ទ្រុឌទ្រោម ឬ​ត្រូវបាន​បោះបង់ ឬ ដួលរលំ​ទៅហើយ​ឲ្យ​ដល់​កូនចៅ​ជំនាន់​ក្រោយ​រប​សស់​ពួកគេ​បន្តទៀត​។ កញ្ញា​កែវ សុ​ផានិត និស្សិត​ឆ្នាំ ទី​៤ ជំនាញ​នាដ​សាស្ត្រ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង ជា​តួឯកល្ខោន​យីកេ​វ័យក្មេង​កំពុង មានឈ្មោះ​បោះ​សម្លេង ដែល​បាន​ចូលរួម​ជា​សិល្បការិនី​ស្ម័គ្រចិត្ត​ក្នុង​ការថត​យុទ្ធនាការ​ផ្សព្វផ្សាយ​កម្មវិធី​នេះ បាន​សម្តែង​ចំណាប់អារម្មណ៍​ថា “ វា​ពិតជា​មានតម្លៃ​ណាស់​សម្រាប់​ខ្ញុំ​។ ការខិតខំ​ចំណាយពេល ការ ស្រលាញ់​ពេញចិត្ត ការអភិរក្ស​នូវ​សិល្បៈ​វប្បធម៌​ជាតិ បន្ត​កេរដំណែល​ដូនតា​ដែល​បាន​បន្សល់ទុក​នូវ​ទម្រ​ង់ សិល្បៈ​ស្ថាបត្យកម្ម​ជាច្រើន​មកដល់​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​យល់ដឹង​កាន់តែច្បាស់ ជាពិសេស​ក្លាយជា​ការចូលរួមចំណែក​តំណាង​ព្រលឹង​ជាតិ​ដើម្បី​អភិវឌ្ឍ​វា​ឲ្យ​កាន់តែ​រីកចម្រើន​។ ”

​ជាមួយនឹង​តម្លៃ​វិភាគទាន​ត្រឹមតែ ៥​ដុល្លារ អ្នកចូលរួម​ម្នាក់ៗ​មិន​ត្រឹមតែ​អាច​ទស្សនា​កម្រង​រូបភាព​អគារ​បេតិកភណ្ឌ​ទាំង​៥០​ទីតាំង​នោះទេ អ្នក ក៏​អាច​ទស្សនា​ផ្ទាំងទស្សនីយភាព​វប្បធម៌​អរូបី​ជាច្រើន​ដែល​កម្រ​នឹងមាន​គេ​យកមក​សម្តែង​ជា​សាធារណៈ ដូចជា របាំ​ប្រពៃណី​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ការ​ស្មូត្រ​កំណាព្យ​អំពី​អគារ​បេតិកភណ្ឌ​ដោយ​អតីត​ជ័យ លា​ភី​ស្មូត្រ​កំណាព្យ​លេខ​១​ទូទាំងប្រទេស ការ​ទស្សនា​វីដេអូ​ខ្លី​ដ៏​កម្រ​អំពី​ប្រទេស​ម្ពុ​ជា​ពី​សម័យ​សង្គមរាស្ត្រនិយម ទម្រង់​ល្ខោនបាសាក់​ទោល​របស់​លោកតា ពៀក ចា​ប៉ិច មរតក​មនុ​ស្សរស់​ថ្នាក់ជាតិ​ដែល​តែងតាំង​ដោយ​ព្រះមហាក្សត្រ ព្រមទាំង​ការ​រាំលេង​កម្សាន្ត​តន្ត្រី​ទំនើប​សម័យ​ទ​.​វ​.​ទី​៦០ និង ៧០​។

​គួរបញ្ជាក់​ផងដែរ​ថា ប្រាក់កម្រៃ​ដែល​ទទួលបាន​ពី​ថ្លៃ​ជាវ​សំបុត្រ​នឹងត្រូវ​យកទៅ​ទ្រទ្រង់​សកម្មភាព ស្រាវជ្រាវ និង រៀបចំ​ចងក្រង​បោះពុម្ព​ឯកសារ​ស្តីពី​ស្ថាបត្យកម្ម​បេតិកភណ្ឌ ហើយ​មួយចំណែក​ទៀត​សម្រាប់​ជា​មូលនិធិ​ជួយ​ជីវភាព​និង​លើកទឹកចិត្ត​លោក​ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច ដែល​កំពុង​ជួបប្រទះ​ភាពខ្វះខាត និង មាន​វ័យ​ជរា រស់នៅក្នុង​តំបន់​ជនបទ​នៃ​ខេត្តស្វាយរៀង​។
“​យើងខ្ញុំ​សង្ឃឹមថា នឹងមាន​វត្តមាន​ចូលរួម​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវកិត្តិយស និង មហា ជន​ទូទៅ​ដើម្បី​ជា​សក្ខីភាព​នៃ​របកគំហើញ​ស្រាវជ្រាវ​របស់​ពួកយើង​។ ភ្ញៀវ​ទាំងអស់​នឹង​ទទួលបាន​នូវ​កាត​ប៉ូ ស្តា​ល់​អនុស្សាវរីយ៍​យ៉ាង​ស្រស់ស្អាត​គ្មាន​ពីរ​មួយ​សន្លឹក​ក្នុង​ថ្ងៃ​សម្ពោធន៍​។ យើងខ្ញុំ​ពិតជា​ត្រូវការ​ការផ្តល់​វិភាគ ទាន​គ្រប់​រូបភាព​ពី​លោកអ្នក​ដើម្បី​ជា​បច្ច័យ​បន្ត​គម្រោង​បន្ទាប់​របស់​យើង​។ ខ្ញុំ​ជឿថា​អ្នកគាំទ្រ​ទាំងអស់​ប្រាកដ ជា​កំពុង​រង់ចាំ​អាន​ស្នាដៃ​សៀវភៅ​ឯកសារ​នោះ​។ ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​មហាជន យើង​ក៏​មិនអាច​ឈាន ជំហាន​បន្ទាប់​បានដែរ​”៕