ពិព័រណ៍​អាពាហ៍ពិពាហ៍​២០១៧ ចាប់ផ្ដើម​សម្ពោធ​

1584
ចែករម្លែក

​ភ្នំពេញ​: ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២ ឆ្នាំ​២០១៧ បាន​សម្ពោធ​បើក​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២២​កក្កដា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។​

​លោកស្រី ភឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក ឈួន ដា​រា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ពិព័រណ៍​រយៈពេល​២​ថ្ងៃ (២២-២៣​កក្កដា​)​នេះ​។​

​លោក សេង ពិសិដ្ឋ ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនុស្សា​ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ ឡើង​នោះបាន​បញ្ចាក់​ឲ្យ​ដឹងថា នេះ​ជា​ឱកាស​មួយ​សម្រាប់​អនាគត​គូ​ស្វាមីភរិយា​ថ្មី ដែល​គ្រោង​នឹង​រៀបចំ​អាពាហ៍ពិពាហ៍ នាពេល​ខ្លី​ខាងមុខនេះ មាន​មាន​គំនិតល្អៗ ស្ដីពី​ការរៀបចំ​មង្គលការ​រ​បស់​ខ្លួន យល់ដឹង​ពី​របៀប​ក្នុងការ​ជ្រើសរើស​សម្ភារៈ អ្នកផ្គត់ផ្គង់​សេវាកម្ម​មង្គលការ បានទទួល​ការប្រឹក្សា​យោបល់​ពី​ការរៀបចំ​តុបតែង​ឆាក ព្រមទាំង​ការរៀបចំ​ផ្កា​នៅមុខ​ក្លោងទ្វារ​ជាដើម​។​

​ពិព័រណ៍​នេះ បាន​ក្លាយជា​កន្លែង​សម្រាប់​ផ្ដល់​បទពិសោធន៍​មួយ ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ​ចំពោះ​អ្នកមាន​គម្រោង​រៀបចំ​មង្គលការ​ទាំងអស់ ឲ្យ​ទទួលបាន​មង្គលការ​មួយ​អស្ចារ្យ ចំណេញ​ទាំង​ថវិកា និង​ពេលវេលា​។​

​មាន​ក្រុមហ៊ុន​ប្រមាណ​៥០​បាន​ចូលរួម​តាំង​បង្ហាញ​ភេសជ្ជៈ សេវាកម្ម​ថតរូប សម្លៀកបំពាក់​មង្គលកា​រ ម្ហូបអាហារ គ្រឿង​សង្ហា​រឹម ការតុបតែង​បាញ់​ទឹក​សម្រាប់​កម្មវិធី​។ មានការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ប្រពៃណី សម័យបូរាណ របស់​កូន​ក​ម្លោះ​កូនក្រមុំ​សម្រាប់​ថ្ងៃ​រឿប​ការ ការសម្ដែង​នូវ​កម្មវិធី​មង្គលការ​សំខាន់ៗ​មួយចំនួន​ទៀតផង ដូចជា​ពិធី​ចូល​ម្លប់ ពិធី​បុក​ល័​ក្ខ របាំ​ពិណ​អង្គរ ព្រមទាំង​ការប្រគុំ​ភ្លេង​បែប​ប្រពៃណី សម្រាប់​មង្គលការ​ដែរ​។​

​ក្នុង​ពិព័រណ៍​នេះ ក៏មាន​បង្ហាញ​ពី​សម្លៀកបំពាក់​ប្រពៃណី​មង្គលការ​របស់​បងប្អូន​ខ្មែរឥស្លាម ព្រមទាំង​ប្រពៃណី​រៀបការ​មួយចំនួន តាមបែប​មូ​ស្លឹ​ម​ទៀតផង​។​

​លោកស្រី ភឿន ស​កុ​ណា និង​លោក ឈួន ដា​រ៉ា បាន​ចាត់ទុកថា នេះ​ជាការ​រួមចំណែក​គាស់​បង្ហាញ​ពី​ប្រពៃណី​រៀបការ​ខ្មែរ​ឲ្យ​ក្មេងៗ​ជំនាន់​នេះ បានដឹង ព្រោះ​សព្វថ្ងៃ​មង្គលការ​ភាគច្រើន​គេ​ធ្វើ​ដោយ​កាត់ៗ ដើម្បី​ចំណេញ​ពេលវេលា និង​ថវិកា​៕ ដោយ​៖ រ៉ូ​ហ្សា​