ពិភពលោក​កំពុង​ប្រវេប្រវា​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ត្រាំ​កំពុង​ព្យាយាម​ពន្លិច​

892
ចែករម្លែក
  • 42
    Shares

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កំពុង​ប្រឈម​នឹង​ភាព​ឯកោ​ខាង​ការទូត​កាលពី​ថ្ងៃ​ពុធ ទី​៩​ឧសភា ខណៈដែល​មហាអំណាច​ពិភពលោក​កំពុង​ប្រវេប្រវា​សង្គ្រោះ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដែល​លោក​ត្រាំ​បដិសេធ​។​

​ការសម្រេចចិត្ត​របស់​ត្រាំ​ក្នុងការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​និង​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​សាធារណរដ្ឋ​អ៊ីស្លាម​នេះ​បាន​រំលាយចោល​ការទូត​ជាច្រើន​ឆ្នាំ អាច​នឹងធ្វើ​ឱ្យ​អ​ស្ថិ​ភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​កាន់តែ​អាក្រក់ និង​គំរាមកំហែង​ដល់​អាជីវកម្ម​នានា​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។​

​ខណៈដែល​គូប្រជែង​ប្រចាំ​តំបន់​របស់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ គឺ​អារ៉ាប់​ប៊ី​សា​អូឌីត​និង​អ៊ីស្រាអែល​បាន​អបអរសាទរ​ការសម្រេច​ចិត្ត​របស់លោក​ត្រាំ​ក្នុង​ការដក​វ៉ាស៊ីនតោន​ចេញពី​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥​នោះ អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​នេះ ជាមួយ​សមាជិកសភា​អ៊ីរ៉ង់​នាំគ្នា​ដុត​ទង់ជាតិ​អាមេរិក និង​ស្រែកថា “​ស្លាប់ទៅ​អាមេរិក​”​។​

​ប្រធានាធិបតី​បារាំង លោក អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង និង​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស​សាន់ រូ​ហា​នី បាន​យល់ព្រម​កាលពី​ថ្ងៃ​ពុធ​ដើម្បី​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បើទោះបីជា​អាមេរិក​បានសម្រេច​ចិត្ត​ដកខ្លួន​ចេញ​ក៏ដោយ ដែល​លោក​ម៉ា​ក្រុង ហៅថា “​កំហុស​”​។​

​មុននេះ អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល និយាយថា បណ្តា​ប្រទេស​ហត្ថលេខី​អឺរ៉ុប​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ធានាថា​រាល់​ការកំណត់​ទាំង​អស់នៃ​កិច្ចព្រមព្រៀង​គឺ​ស្ថិត​នៅនឹងកន្លែង​ដដែល​។​

​ការសន្យា​នេះ​បានធ្វើ​ឡើង ខណៈ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក អា​យ៉ា​តូ​ឡាស អា​លី ខា​មេ​នី បាន​ប្រាប់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ថា​ខ្លួន​ក៏​គួរតែ​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែរ លើកលែងតែ​អឺរ៉ុប​ផ្តល់​ការធានា​ឱ្យបាន​រឹងមាំ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​នឹង​បន្ត​។​

​ប្រទេស​ហត្ថលេខី​ផ្សេងទៀត​រួមទាំង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​គឺ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏បាន​សន្យាថា​នឹង​ធ្វើការ​ដើម្បី​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​នេះដែរ​។​

​ចិន​បាន​ទទូចថា​ខ្លួន​នឹង​រក្សា “​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ធម្មតា​ជាមួយ​តេ​ហេ​រ៉ង់​” និង “​បន្ត​លះបង់​ខ្លួនឯង​ដើម្បី​ការពារ​និង​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​បានប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ខណៈ​ពិភពលោក​កំពុង​ព្យាយាម​សង្គ្រោះ​វា