ពិភព​មូស្លីម​ថ្កោលទោស​ការទទួលស្គាល់រ​បស់​អាម៉េរិក​លើ​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​ជា​ទឹកដី​អ៊ីស្រាអែល​

422
ចែករម្លែក
  • 12
    Shares

​នៅ​ថ្ងៃ​អង្គារ​ទី​២៦​ខែមីនា​នេះ​អារ៉ាប់​ប៊ី​សា​អូឌីត​បាន​ដឹកនាំ​ការ​ថ្កោលទោស​របស់​ពិភព​មូស្លីម​ចំពោះ​ការទទួលស្គាល់​របស់​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ លើ​ការដាក់បញ្ចូល​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​ក្នុង​ទឹកដី​អ៊ីស្រាអែល​ឆ្នាំ ១៩៨៦​។​

​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​និយាយថា “​ការប៉ុនប៉ង​ដើម្បី​ទទួលស្គាល់​ទឹកដី​នេះ នឹងមិន​អាច​ផ្លាស់ប្តូរ​ការពិត​បានឡើយ​”​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន គឺជា “​ទឹកដី​អារ៉ាប់​ស៊ី​រី​ដែល​គេ​ដណ្តើម​កាន់កាប់ ដោយយោង​ទៅតាម​សេចក្តីសម្រេច​ចិត្តជា​អន្ដរជាតិ​ដែល​ពាក់ព័ន្ធ​”​។​

​សេចក្តីថ្លែងការណ៍​នោះ​និយាយទៀតថា “​វា​នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងខ្លាំង​ទៅលើ​ដំណើរការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​និង​សន្តិសុខ​និង​ស្ថិរភាព​នៃ​តំបន់​”​។​

​អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​អារ៉ាប់​លោក​អា​ម៉េ​ត អា​ប៊ុល ហ្គេ​អ៊ី​ត បាន​បន្ទរ​តាម​សេចក្តីថ្លែងការណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដោយនិយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការសម្រេចចិត្ត​របស់​លោក​ត្រាំ​នឹងមិន​ផ្លាស់ប្តូរ​ស្ថានភាព​របស់​តំបន់​នេះ​នោះទេ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​អេ​ហ្ស៊ី​ប MENA​។​

​ស៊ី​រី​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​សេចក្តីប្រកាស​របស់លោក​ត្រាំ ដោយ​ហៅ​វា​ថា​ជាការ​វាយប្រហារ​ដោយ​ចេតនា​មកលើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់ខ្លួន​និង​បាន​និយាយថា​ខ្លួន​មាន​សិទ្ធិ​ទាមទារ​យក​ទឹកដី​ហ្គោ​លែ​ន​នេះ​វិញ​។​

​លោក​ត្រាំ​រួមជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន​ណេ​តាន់​យ៉ា​ហ៊ូ​ក្នុងអំឡុង​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​មួយ​កាលពី​ថ្ងៃ​ចន្ទ​ជា​ផ្លូវការ​ដើម្បី​ផ្តល់​ការទទួលស្គាល់​របស់​ស​ហ​រដ្ឋ​អាម៉េរិក​លើ​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​ជា​ទឹកដី​អ៊ីស្រាអែល​។​

​អ៊ីស្រាអែល​បាន​ដណ្តើមយក​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​ពី​ប្រទេស​ស៊ី​រី​នៅក្នុង​សង្គ្រាម​មជ្ឈិមបូព៌ា​ឆ្នាំ ១៩៦៧ និង​បានដាក់​បញ្ចូល​ទឹកដី​នេះ​ក្នុង​ទឹកដី​របស់ខ្លួន​ក្នុង​ឆ្នាំ ១៩៨១ នៅក្នុង​ចំណាត់ការ​មួយ​ដែល​អន្តរជាតិ​មិន​ទទួលស្គាល់​។​

​របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ពណ៌នា​សេចក្តីប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​ជាការ​រំលោភ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​និង​ច្បាប់​អន្តរជាតិ​យ៉ាងច្បាស់​ក្រឡែត​។​

​នៅឯ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ អ្នកនាំពាក្យ​អ​.​ស​.​បលោក​ស្តេ​ហ្វេ​ន ឌួ​រិ​ក បាន​និយាយថា អគ្គលេខាធិការ​លោក​អង់​តូ​នី​ញ៉ូ ហ្គូ​ថេ​រ៉េ​ស “​ដឹង​ច្បាស់​ណាស់​ថា ស្ថានភាព​របស់​តំបន់​ហ្គោ​លែ​ន​គឺ​មិន​ផ្លាស់ប្តូរ​ទេ​”​។​

​លោក​ឌួ​រិ​កបាន​និយាយថា “​គោលនយោបាយ​របស់​អ​.​ស​.​ប​ស្តីពី​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​សេចក្តីសម្រេចចិត្ត​ពាក់ព័ន្ធ​របស់​ក្រុមប្រឹក្សាសន្តិសុខ​រួចហើយ ហើយ​គោលនយោបាយ​នេះ​គឺ​មិន​ផ្លាស់ប្តូរ​នោះឡើយ​”​។​

​សេចក្តីសម្រេចចិត្ត​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​មួយ​ដែល​ត្រូវបាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​ស្ថាប័ន​ដែលមាន​សមាជិក​ចំនួន ១៥ ប្រទេស​ក្នុង​ឆ្នាំ ១៩៨១ បានប្រកាសថា “​ការសម្រេចចិត្ត​របស់​អ៊ីស្រាអែល​ក្នុងការ​ដាក់ចេញ​នូវ​ច្បាប់ យុត្តាធិការ និង​រដ្ឋបាល​របស់ខ្លួន​នៅក្នុង​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​របស់​ស៊ី​រី​ដែល​ខ្លួន​ចូលមក​កាន់កាប់ គឺ​ចាត់ទុកជា​មោ​ឃៈ​និង​គ្មាន​ប្រសិទ្ធភាព​ផ្លូវច្បាប់​ជា​អន្តរជាតិ​នោះទេ​”​។ ក្រុមប្រឹក្សាសន្តិសុខ​ក៏បាន​ទាមទារ​ឱ្យ​អ៊ីស្រាអែល​លុបចោល​ការសម្រេចចិត្តរ​បស់​ខ្លួន​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​រួមជាមួយ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​បង្ហាញ​សេចក្តីប្រកាស​ទទួលស្គាល់​របស់​អាម៉េរិក​លើ​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​ជា​ទឹកដី​អ៊ីស្រាអែល