ពិសោធន៍​ល្អ ដែល​គួរតែ​ពង្រីក​នៅ​ទូទាំងប្រទេស​

914
ចែករម្លែក

កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​កំពង់ចាម បាន​ជូន​រង្វាន់​ដល់​ឃុំ ដែល​អនុវត្ត ចលនា​ប្រឡងប្រណាំង​បម្រើសេវា​បានល្អ តាម​អ្វីដែល​បានប្រកាស​កាលពី​ឆ្នាំមុន ដោយ​លេខ​១ បាន​ទៅលើ​ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស​, លេខ​២ ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ និង​លេខ​៣ ឃុំ​សូរគង ស្រុក​កងមាស​។ ឃុំ​ទទួល​ជ័យលាភី​ក៏បាន​ទទួល​រង្វាន់​ជា​ទឹកប្រាក់​យ៉ាង​ក្រាស់ក្រែល ពី​លោក​អភិបាលខេត្ត​ទៀតផង​។​

​តាម​គោលនយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ផ្តោតលើ​ការកែទម្រង់ ការផ្តល់ សេវាសាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​បាន​កំណត់ថា បម្រើ​ប្រជាពលរដ្ឋ ឲ្យ​បាន​កាន់តែ​ល្អ ប្រសើរឡើង ដើម្បី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និង​វិបុលភាព​ប្រទេសជាតិ ប្រកបដោយ តម្លាភាព ប្រសិទ្ធិភាព និង​ប្រសិទ្ធ​ផល ដោយ​ឈរលើ​អភិបាលកិច្ច​ល្អ​។

​ចំពោះ​គោលនយោបាយ​នេះ កាលពី​ឆ្នាំ​២០១៨ រដ្ឋបាលខេត្ត​កំពង់ចាម​បាន​បង្កើត​ចលនា​ប្រឡង ប្រណាំង​ឃុំ​សង្កាត់ បម្រើសេវា​ល្អ ដោយ​ផ្តល់​ជា​ប្រាក់រង្វាន់ សម្រាប់​លេខ​១​ចំនួន ១០​លាន​រៀល​។ លេខ​២ ចំនួន ៦​លាន​រៀល​។ លេខ​៣ ចំនួន ៤​លាន​រៀល និង​ឃុំ សង្កាត់ ដែល​ទទួលបាន​ចំណាត់ថ្នាក់​ពី​លេខ​៤ ដល់​លេខ​១០ ក្នុង​មួយ​ឃុំ​សង្កាត់ ទទួលបាន​រង្វាន់​ជា​ប្រាក់ ២​លាន​រៀល​។​

​ក្រោយពេល​កម្មវិធី​ចលនា​ប្រឡងប្រណាំង​បម្រើសេវា​សាធារណៈ​នេះ ការបម្រើ​សេវាសាធារណៈ នៅតាម​ឃុំ​សង្កាត់​ទាំង​១០៩ ក្នុង​ខេត្តកំពង់ចាម ត្រូវបាន​គេ​មើលឃើញថា មាន​សកម្ម​ភាពរស់រវើក ដោយ​អាជ្ញាធរ​ឃុំ​សង្កាត់ រួមជាមួយ​នឹង​នគរ​បាល​រដ្ឋបាល​ឃុំ​សង្កាត់ បានធ្វើការ​ទំនាក់ទំនង​ល្អ ជាមួយ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ដូចជា ការផ្តល់​សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព ជាដើម ត្រូវបាន​អាជ្ញាធរ​ឃុំ​សង្កាត់ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ឃុំ​សង្កាត់ យកទៅ​ជូន​ប្រជាពលរដ្ឋ​ដល់​តាម​ខ្នង​ផ្ទះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ពេញ​ចិត្តនឹង​ទទួលយក ដោយ​ក្តី​សប្បាយរីករាយ​។​

​ជ័យលាភី​ចលនា​ប្រឡងប្រណាំង​ឃុំ​សង្កាត់ បម្រើសេវា​សាធារណៈ​បានល្អ​នេះ ត្រូវបាន បង្កើតឡើង ដើម្បី​ឲ្យ​ឃុំ​សង្កាត់ បន្ត​ខិតខំ​បម្រើសេវា​សាធារណៈ បានល្អ​ថែមទៀត ក្នុង​បំណង​បម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។​

​ក្រៅពី​ផ្តល់​ជូនប​ណ្ណ័​សរសើរ និង​ប្រាក់រង្វាន់​ដល់​ឃុំ​ជ័យលាភី​ខាងលើនេះ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ក៏បាន​ប្រកាស​ពី​ការប្រកួត​យក​រង្វាន់​ក្នុង​កម្មវិធី​ប្រឡងប្រណាំង​ថ្មី មួយទៀត គឺ​ចលនា​ឃុំ​សង្កាត់ មាន​បន្ទប់ទឹក​គ្រប់​ខ្នង​ផ្ទះ​។

​ឃុំ​សង្កាត់​មាន​បន្ទប់ទឹក ឬ​បន្ទប់​អនាម័យ បង្គន់​គ្រប់​ខ្នង​ផ្ទះ ត្រូវ​ចាប់ផ្តើម​ពី​ពេលនេះ ដោយ​ការធ្វើ​សម្រង់​ស្ថិតិ និង​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​សាងសង់​បន្ទប់ទឹក​។ ឃុំ​សង្កាត់​ណា​មាន បន្ទប់ទឹក​គ្រប់​ខ្នង​ផ្ទះ ពេលណា គឺ​ទទួលបាន​ប្រាក់រង្វាន់​នៅពេលនោះ​។ កម្មវិធី​នេះ ក៏​ជា​គោលដៅ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ថា ដល់​ឆ្នាំ​២០២៥ គ្រប់​ខ្នង​ផ្ទះ មាន​បន្ទប់​អនាម័យ ឬ​មាន​បង្គន់​អនាម័យ​។​

​ក្រៅពី​ចលនា​ប្រឡងប្រណាំង​របស់​ខេត្តកំពង់ចាម លើ​ការផ្តល់​សេវាសាធារណៈ តាម​ឃុំ​សង្កាត់ ព្រមទាំង​ការប្រកួតប្រជែង​លើ​បន្ទប់ទឹក ឬ​បង្គន់​អនាម័យ​ខាងលើនេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ ក៏បាន​អនុ​សាកល្បង​រួចហើយ​នូវ​កម្មវិធី «​ច្រកចេញចូល​តែមួយ សម្រាប់​សេវា​អត្តសញ្ញាណ​កម្ម​» នៅ​សាលាឃុំ​សង្កាត់ ដោយ​ធ្វើឡើង​សាកល្បង​នៅ​ឃុំ​សង្កាត់ ចំនួន ១០ ក្នុង​ខេត្ត​កែប និង​ខេត្តកំពត នាពេល​កន្លងមក​។​

​កិច្ចប្រជុំ​បូកសរុបរ​បាយ​ការណ៍​សាកល្បង​របស់​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ក្នុង​កិច្ចប្រជុំ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្មបាន ស្នើសុំ​ដល់​ក្រសួងមហាផ្ទៃ ដើម្បី​ពង្រីក​ការសាកល្បង “​ច្រកចេញចូល​តែមួយ​នេះ​” នៅ​ឃុំ​សង្កាត់ តាម​បណ្តា​ខេត្ត​ដទៃទៀត ពិសេស​នៅ​រាជធានី​ភ្នំពេញ​។​

​ការសាកល្បង “​ច្រកចេញចូល​តែមួយ សម្រាប់​សេវា​អត្តសញ្ញាណ​កម្ម​” នៅ​ឃុំ​សង្កាត់ ចំនួន​១០ ក្នុង​ខេត្តកំពត និង​ខេត្ត​កែប កន្លងមក មាន​សេវា​ចំនួន​៥ រួមមាន​៖ ១-​សេវា​ចុះបញ្ជី​អត្រានុកូលដ្ឋាន ២-​ចម្លងសំបុត្រ​អត្រានុកូលដ្ឋាន ៣-​ចុះបញ្ជី​ស្នាក់នៅ ផ្ដល់​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ៤-​ស្នើសុំ និង​ទទួល​អត្តសញ្ញាណ​បណ្ណ​សញ្ញជាតិ​ខ្មែរ និង​ទី​៥-​ស្នើសុំ​លិខិតបញ្ជាក់​ទីលំនៅ ឬ​លិខិត​ស្នាក់នៅ​បណ្ដោះអាសន្ន​។

យ៉ាងណាក៏ដោយ តាមរយៈ​ការអនុវត្ត​សាកល្បង​នៅ​ឃុំ​សង្កាត់ ចំនួន ១០ ក្នុង​ខេត្តកំពត និង​ខេត្ត​កែប​កន្លងមក ក្រុមការងារ​ច្រកចេញចូល​តែមួយ ផ្នែក​សេវា​អត្តសញ្ញាណ​កម្ម បាន​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត សម្ភារៈប្រើប្រាស់ ម៉ាស៊ីនភ្លើង និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា រួមទាំង​ការខ្វះ​កម្លាំង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ប្រចាំការ​ព្រមទាំង​សមត្ថភាព​មន្ត្រី នៅមានកម្រិត និង​បិទ​ការិយាល័យ មុន​ម៉ោង​រដ្ឋបាល ជាដើម​។

​ក៏ប៉ុន្តែ​លទ្ធផល​វិជ្ជមាន​ជាច្រើន ពី​ច្រកចេញចូល​តែមួយ ផ្នែក​សេវា​អត្តសញ្ញាណ​កម្ម នេះ គឺ​អ្នកទទួល​សេវា ៩៩​ភាគរយ បាន​គាំទ្រ ចំពោះ​គម្រោង​សាកល្បង​នេះ និង​ធានាបាន​នូវ​តម្លាភាព ពិសេស​កាត់បន្ថយ​អំពើពុករលួយ​។​

​សរុបមក ចលនា​ប្រឡងប្រណាំង​ឃុំ​សង្កាត់ បម្រើសេវា​សាធារណៈ​បានល្អ ព្រមទាំង​ចលនា ឃុំ​សង្កាត់ មាន​បន្ទប់ទឹក​គ្រប់​ខ្នង​ផ្ទះ នៅ​ឃុំ​សង្កាត់​ក្នុង​ខេត្តកំពង់ចាម និង​ដំណើរការ​សាកល្បង ច្រកចេញចូល​តែមួយ ផ្នែក​សេវា​អត្តសញ្ញាណ​កម្ម នៅ​ឃុំ​សង្កាត់ ក្នុង​ខេត្ត​កែប និង​ខេត្តកំពត គឺ​ត្រូវបាន​ប្រជាពលរដ្ឋ អបអរសាទរ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​នៅ​ថ្នាក់មូលដ្ឋាន​បន្ត ដំណើរការ​នេះ ព្រមទាំង​ពង្រីក​ទៅគ្រប់​ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស ព្រោះថា ប្រជាពលរដ្ឋ ដែល​ទទួលបាន​សេវា​របៀបនេះ ពី​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​ឃុំ​សង្កាត់​គំរូ រួមទាំង​នៅ​ថ្នាក់ស្រុក​ក្រុង​ខណ្ឌ ខេត្ត​រាជធានី កន្លងមក​ក៏​សុទ្ធតែ​សម្តែង​ការពេញចិត្ត​ជាខ្លាំង នឹង​អាជ្ញាធរ​សមត្ថកិច្ច​។

​ក្រៅពី​លុបបំបាត់​ការិយាល័យ​ធិបតេយ្យ ភាពមិនប្រក្រតី តម្លាភាព និង​ជាពិសេស​បំបាត់​អំពើ ពុករលួយ គឺ​ការបង្កើត​ឲ្យ​មានការ​ផ្តល់​សេវាសាធារណៈ​ល្អ ពិសេស​ច្រកចេញចូល​តែមួយ នៅ​ឃុំ​សង្កាត់ បានបង្ហាញ​កាន់តែច្បាស់​ថែមទៀត​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ មូលដ្ឋាន​ក្នុងការ​បម្រើ​រាស្ត្រ​ម្ចាស់ឆ្នោត ស្របតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​ប្រកាស​ដាស់តឿន​ថា “​មន្ត្រី​ត្រូវ​ធ្វើជា​អ្នកបម្រើ​រាស្ត្រ​ម្ចាស់ឆ្នោត​”៕ ដោយ​: ម៉េង​ឆៃ​