ពិ​ពណ៌​ពាណិជ្ជកម្ម ទេសចរណ៍​លើក​ទី១​ធ្វើ​នៅ​ខេត្តសៀមរាប​និង​ក្រុងភ្នំពេញ​នា​ដើមខែ​កញ្ញា​នេះ​

886
ចែករម្លែក

​ដោយ​ : មូល​សម្បត្តិ​/ ​ភ្នំពេញ : ​លោក​ធួន ស៊ីណាន​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ហ្វី​ក​ហៅ​កាត់​ថា​PATA​បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤ ខែសីហា​នេះ​ថា ​ការរៀបចំ​ពិ​ពណ៌​ពាណិជ្ជកម្ម ទេសចរណ៍​លើក​ទី​១​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្តសៀមរាប​នា​ថ្ងៃទី​៣ ​ខែកញ្ញា ​និង​ធ្វើ​នៅ​ក្រុងភ្នំពេញ​នា​ថ្ងៃទី​៥ ​ខែកញ្ញា ​ឆ្នាំ២០១៨​នេះ​។

​ការធ្វើ​ពិ​ពណ៌​នេះ​នឹងមាន​បណ្តា​ក្រុមហ៊ុន​អ្នកទិញ​ក្រៅប្រទេស​ប្រមាណ​៥០​ក្រុមហ៊ុន ​មកពី​អាស៊ាន ​ប្រទេស​បង់​ក្លា​ដែ​ស ​និង​ប្រទេស​អាស៊ី​មួយចំនួនទៀត​។​ ចំណែក​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ភាគច្រើន​ជា​អ្នកលក់​ផលិតផល​ទេសចរណ៍ ​អាច​នឹងមាន​ប្រមាណ​៧០​ក្រុមហ៊ុន​ចូលរួម ។ ​ក្នុងនោះ​មាន​ក្រុមហ៊ុន​ជា​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមនីយដ្ឋាន ផ្សារ​លក់​ផលិតផល ហើយ​យើង​នឹង​លើកទឹកចិត្ត​អោយ​ផលិតផល​ទេសចរណ៍​តាម​ខេត្ត​ទូទាំងប្រទេស ​ចូលរួម​មក​បង្ហាញ​ផលិតផល​ទេសចរណ៍​របស់ខ្លួន​បាន​។​

​លោក​ស៊ីណាន ​បានបញ្ជាក់​ថា ​យើង​ធ្វើ​ពិ​ពណ៌​លើក​នេះ​​មិន​ប្រើ​រូបភាព​ទ្រង់ទ្រាយ​ធំ​ទេ ធ្វើ​តូច​ចំណាយ​ទុន​តិច តែ​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​ការតាំង​ពិ​ពណ៌​នេះ​។ ​យើង​មាន​គំរោង​ធ្វើ​ពិ​ពណ៌​បែបនេះ​អោយបាន​៤​ដង​ក្នុង​១​ឆ្នាំ ហើយ​ជ្រើស​រើសយក​រដូវ​ណា​ដែល​ខ្សត់​ភ្ញៀវ​មក​កម្ពុជា ដើម្បី​ចលនា​អូសទាញ​អោយគេ​មក​ពេល អត់​ភ្ញៀវ​អោយមាន​ភ្ញៀវ​ជាប់​ជាប្រចាំ​។ យើង​ក៏​ចង់​ផ្លាស់ប្តូរ​ចរន្ត​ភ្ញៀវ​ដោយ​មិន​ពឹង​តែ​ទេសចរ​អឺរ៉ុប​មក​តាម​រដូវ​កាលនោះ​ដែរ​។ ​គឺ​យើង​ត្រូវ​ពឹង​ភ្ញៀវ​មកពី​អាស៊ី​មកអោយ​បាន​ច្រើន​ថែមទៀត​។​ ​ដូច្នេះ​ការរៀបចំ​ពិ​ពណ៌​នេះ​ដើម្បី​ផ្សាយ​ទៅដល់​មូលដ្ឋាន ម្ចាស់​អាជីវកម្ម​ទេសច​រណ៍​នានា​បាន​ចូលរួម​គួរ​ទាក់ទង​ទៅ​សមាគម​ប៉ា​តា​និង​ក្រុមហ៊ុន​ទេស​រណ៍​B2B​។​

​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​ថោង ខុន​ ធ្លាប់មាន​ប្រសាសន៍ថា​ការធ្វើ​ពិ​ពណ៌​ទេសចរណ៍​ម្តងៗ​ គឺជា​ការបង្ហាញ​នូវ​ផលិតផល​ទេសចរ​ថ្មីៗ​ ដើម្បី​ទាក់ទាញ​ទេសចរ​ក្នុង​និង​ក្រៅប្រទេសឲ្យគេ​មក​កំសាន្ត​មក​កម្ពុជាឲ្យបាន​យូរថ្ងៃ ចាយលុយ​ច្រើន ​បាន​ទៅ​ដល់ដៃ​សហគមន៍​ទេសចរណ៍​ផ្ទាល់​តែម្តង​ ៕B