ពិ​ព័រ​ណ៌​ផលិតផល​ជប៉ុន​-​ខ្មែរ​បង្កើន​ចំណងមិត្តភាព​និង​ទាក់ទាញ​ដៃគូ​វិនិយោគ​គិ​ន​

382
ចែករម្លែក

​ភ្នំពេញ​៖ កាល​ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៩ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន កម្ពុជា និង​ជប៉ុន ភាគី​ទាំងពីរ បានប្រកាស​បើក​កម្មវិធី​តាំង​ពិ​ព័រ​ណ៌​ខ្មែរ​-​ជប៉ុន (Japan Festival Cambodia 2019) ជា​លើកដំបូង នៅ​ផ្សារ​រាត្រី ខណៈ​វិនិយោគិន​កម្ពុជា បានដាក់​ក្ដី​រំពឹង​ក្រោយ​ពិ​ព័រ​ណ៌​នេះ ថា​នឹង​កៀងគរ​វិនិយោគិន​ជប៉ុន​មក​ធ្វើការ​វិនិយោគ នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត ។​

​ពិធី​បើក​កម្មវិធី​តាំង​ពិ​ព័រ​ណ៌​ខ្មែរ​-​ជប៉ុន​នៅ​ផ្សារ​រា​ត្រី​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​ក្រោម​វត្តមាន លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។

​លោក ឈួន រ៉េ​ន​ឌី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Entrepreneurs KH ដែល​ដឹកនាំ​កម្មវិធី​នេះ ឡើង​បាន​បញ្ជាក់ថា ការតាំង​ពិ​ព័រ​ណ៌​ខ្មែរ​-​ជប៉ុន​នេះ គឺមាន​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ដោយមាន ១៤​ក្រុមហ៊ុន​ចូលរួម ។ លោក​ថា ពិព័រណ៍​នេះ គឺ​ផ្ដោត​សំខាន់​លើ​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​កម្ពុជា​-​ជប៉ុន ពិសេស​គឺ​ការបើក​ភ្លើង​ខៀវ និង​ទាក់ទាញ​វិនិយោគិន​ជប៉ុន មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ក៏ដូចជា​អំពាវនាវ ដល់​វិនិយោគិន​កម្ពុជា ក្នុង​ត្រៀម​ស្វាគមន៍​វិនិយោគិន​ជប៉ុន​ផងដែរ ។​

​ជាមួយគ្នា​នោះ​លោក ដាយ​គី ហូ​មា ( Daiki Homa) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Trust & True Global Link បានបង្ហាញ​ពី​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ភាព​រីកចម្រើន​របស់​ប្រទេស កម្ពុជា ក៏ដូចជា​ឱកាស​វិនិយោគ​លើ​វិស័យ​ជាច្រើន ដូចជា​វិស័យ​អចលនទ្រព្យ​ជាដើម ។ លោក​បាន​បន្តថា តាមរយៈ​ការរៀបចំ​ពិ​ព័រ​ណ៌​នេះ វា​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​រឹតចំណង មិត្តភាព​ដ៏​ជិតស្និត​រវាង​កម្ពុជា​-​ជប៉ុន​នោះទេ​ប៉ុន្តែ​វា​ថែមទាំង​ផ្សព្វផ្សាយ​អំពី​ឱកាស វិនិយោគ​នៅ​កម្ពុជា សម្រាប់​វិនិយោគិន​បរទេស​ទៀតផង ពិសេស​វិនិយោគិន​ជប៉ុន​តែម្ដង ៕ ដោយ​: បូ​រិ​ន​