ពីរនាក់ប្តីប្រពន្ធបានស្លាប់ ខណៈជិះម៉ូតូត្រូវរថយន្តបើកបុកពីក្រោយ

299
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសស្ត្រី២នាក់ប្តីប្រពន្ធបានស្លាប់ទាំង២នាក់ នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលជិះម៉ូតូហើយត្រូវរថយន្តបុក ពីក្រោយ។

ករណីនេះកើតឡើងលើផ្លូវជាតិលេខ ៤ត្រង់ចំណោតអូរត្រាវ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីម៉ោងជិត៥ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

របាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយ រថយន្ត១គ្រឿង ម៉ាក LEXUS RX300 ពាក់ផ្លាកលេខភ្នំពេញ2M-6291 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បានបុកពីខាងក្រោយម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ពាក់ផ្លាកលេខភ្នំពេញ1BU-0932 ជិះ២នាក់ប្តីប្រពន្ធ អ្នកបើកបរឈ្មោះ ម៉ាក រស់ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កម្មករសំណង់ ដឹកប្រពន្ធឈ្មោះ ប៉ុក ង៉ែត អាយុ ៤៥ឆ្នាំ មុខរបរនៅផ្ទះ។អ្នកទាំងពីរមានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ មានទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ។

ក្រោយកើតហេតុរថយន្តបង្កបើករត់គេចបាត់ ប៉ុន្តែបានជ្រុះផ្លាកលេខរថយន្ត បន្សល់ទុកជាវត្ថុតាងសម្រាប់សមត្ថកិច្ចស្រាវជ្រាវរកម្ចាស់រថយន្ត។

សាកសពជនរងគ្រោះទាំងពីរបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ម៉ូតូ១គ្រឿង និងផ្លាកលេខរថយន្ត បានយកមក​រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕B/Ha