ពីរ​ថ្ងៃ​ដំបូង គ​.​ជ​.​ប​. ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​បាន​ជាង​មួយ​ម៉ឺន​នាក់ និង​លុបឈ្មោះ​ជាង​មួយ​ពាន់​នាក់​

845
ចែករម្លែក

​ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ រយៈពេល​ពីរ​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ ត្រូវ​បានគ​.​ជ​.​ប ប្រកាសថា បាន​ចុះឈ្មោះ​អ្នកបោះ​ឆ្នោត​ថ្មី នៅ​ទូទាំង ១.៦៤៦ ឃុំ​សង្កាត់ ទូទាំងប្រទេស ចំនួន ១០.២៦១ នាក់​។ ក្នុងនោះ គ​.​ជ​.​ប​. ក៏បាន​លុប​ឈ្មោះ​អ្នកបោះឆ្នោត​ចេញពី​បញ្ជី​បោះឆ្នោត រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០១-០២ ខែតុលា ឆ្នាំ​២០១៨ ចំនួន ១១២៥​នាក់​។ កែតម្រូវ ១២០​នាក់ និង​ផ្ទេរ​ចូល ១២៦៦ នាក់​។​

​ទិដ្ឋភាព​សន្និសីទកាសែត​មុន​ចាប់ផ្តើម​(​រូបថត​គ​.​ជ​.​ប​.)

​ ​គ​.​ជ​.​ប​. បានប្រកាសថា ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើង ( មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត ) មាន​ចំនួន ៩.៩០៨.២៤៣ នាក់​។ ក៏ប៉ុន្តែ​ក្នុង​រយៈពេល ១៨​ថ្ងៃ នៃ​ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ គ​.​ជ​.​ប មាន​ផែនការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ចំនួន ៤៨៩.៩៦៣​នាក់​ប៉ុណ្ណោះ​។ រីឯ​អ្នកបោះឆ្នោត ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ចំនួន ៨.៣៨០.២១៧ នាក់​។​

​ ​សូម​រម្លឹកថា ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត ប្រចាំឆ្នាំ​២០១៨ នេះ គ​.​ជ​.​ប បាន​បន្ត​ប្រើប្រាស់​ឧបករណ៍​សម្ភារៈ ដែលជា​ជំនួយ​របស់​ជប៉ុន ចិន និង​សហភាព​អឺរ៉ុប ពិសេស​គឺ​គ​.​ជ​.​ប បាន​បន្ត​ប្រើប្រាស់​កុំ​ព្យួ​ទ័​រ សម្រាប់​ចុះឈ្មោះ និង​ថតរូប អ្នក​ចុះឈ្មោះ​បោះឆ្នោត ដែល​សហភាព បានផ្តល់​ឲ្យ​គ​.​ជ​.​ប ចាប់តាំងពី​ឆ្នាំ​២០១៦​។​

​ ​ជាមួយគ្នានេះ លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប​. បានប្រកាស​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ ឆ្លៀត​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​សាលាឃុំ​សង្កាត់​ដែល​ខ្លួន​រស់នៅ មិន​ថា​ថ្ងៃ​សៅរ៍​-​អាទិត្យ ពិសេស​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​០៨-១០ ខែតុលា ឆ្នាំ​២០១៨ គឺ​មន្ត្រី​ទទួលបន្ទុក​ចុះឈ្មោះ​អ្នកបោះឆ្នោត នៅ​ប្រចាំការ បម្រើ​ការងារ​រហូត​។

​ក្នុង​រយៈពេល ១៨ ថ្ងៃ នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ គឺ​គ​.​ជ​.​ប​. បានកំណត់​បែងចែក ដោយ​ឲ្យ​មន្ត្រី​ដាក់​ការិយាល័យ​ចុះឈ្មោះ​អ្នកបោះឆ្នោត នៅ​ឃុំ​សង្កាត់ ចំនួន ៥ ថ្ងៃ​ដំបូង ហើយ​ចល័ត​ទៅតាម​ភូមិ​ក្នុង​ឃុំ​សង្កាត់ រយៈពេល ៩​ថ្ងៃ និង​ត្រឡប់មក​ប្រចាំការ ចាំ​ចុះឈ្មោះ​អ្នកបោះឆ្នោត នៅ​សាលាឃុំ​សង្កាត់​វិញ ក្នុង​រយៈពេល ៤​ថ្ងៃ​ចុងក្រោយ​។ ការបែងចែក​ថ្ងៃ និង​ទីកន្លែង​ចុះឈ្មោះ​អ្នកបោះឆ្នោត​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ងាយស្រួល ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​៕សរន