ពីរ​នាក់​ប្ដី​ប្រពន្ធ​ប្ដឹង​មាន់គក​ឈ្មោះ ម៉ូ​រី​ស ផ្អើល​តុលាការ​បារាំង ពីបទ​រំខាន

492
ចែករម្លែក

មាន់គក​មួយ​ក្បាល​ឈ្មោះ ម៉ូ​រី​ស (Maurice) ដែល​តែងតែ​រងាវ​រាល់​ព្រឹក​ធ្វើ ឱ្យ​អ្នក​ជិត ខាងកើត​ទុក្ខ​មិន​សុខចិត្ត​បានក្លាយ​ចុងចោទ​នៃ​ក្ដីក្ដាំ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ក្នុង​តុលាការ បារាំង​។
​ ​
មាន់គក​នេះ​ត្រូវបាន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ចូលនិវត្តន៍​ឈ្មោះ ហ្ស​ង់ ល្វី​ស ប៊ី​ហុង (Jean-Louis Biron) និង ហ្ស៊ូ​អែល អង់​ទ្រី​យូ (Joëlle Andrieux) ដែល​មានផ្ទះ​លំហែកាយ​លើ​កោះ បារាំង ដ៏​ស្រស់ត្រកាល អូ​ឡេ​ហុង (Oléron) ចោទប្រកាន់ថា​បង្ក​សំឡេង​រំខាន ធ្វើឱ្យ​ពួកគាត់​ដេក​ពួន​មិនបាន​។
​ ​
ជាការ​ឆ្លើយតប ម្ចាស់​របស់​វា​គឺ​អ្នកស្រី គ័​រ​ហ៊ី​ន ហ្វី​សូ (Corinne Fesseau) និយាយថា មាន់គក​របស់គាត់​គ្រាន់តែ​ធ្វើ​អ្វី​ដូច​មាន់គក​ទូទៅ​ធ្វើ​ប៉ុណ្ណោះ មានន័យថា​ធម្មជាតិ របស់​មាន់​វា​ត្រូវតែ​រងាវ​។
​ ​
ទោះជា​យ៉ាងណា ទាំង​មាន់ ម៉ូ​រី​ស ដែលជា​ជនជាប់ចោទ និង​ដើមបណ្ដឹង​សុទ្ធតែ​មិន បានបង្ហាញ​ខ្លួន​នៅក្នុង​សវនាការ​តុលាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែកក្កដា​។

​ប៉ុន្តែ​មាន់គក​រង​បណ្ដឹង ដែល​បាន​ក្លាយជា​ជន​ល្បីល្បាញ​នៅ​មូលដ្ឋាន​ទទួល​បានការ គាំទ្រ​ពី​បណ្ដា​ម្ចាស់​មាន់គក ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​តុលាការ​ដើម្បី​គាំទ្រ​វា​។​

ទាក់ទិន​ចំណាត់ការ​លើ​មាន់ ម៉ូ​រី​ស តុលាការ​កំពុងតែ​ស្ថិតក្នុង​ការពិចារណា​នៅឡើយ ខណៈ​សាលក្រម​នឹង​ចេញ​នៅ​ខែកញ្ញា​៕ ប្រែ​សម្រួលៈ​ខុម​