ពី​បាតដៃ​ទទេរ ពេលនេះ​កម្ពុជា​មានទ្រព្យ​១៥.០០០ លាន​ដុល្លារ

397
ចែករម្លែក

ធនាគារជាតិ​នៃ​កម្ពុជា​បានប្រកាស​ក្នុង​ខួប ៤០​ឆ្នាំ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ថា បច្ចុប្បន្ន​កំណើន​ទុន បម្រុង​អន្តរជាតិ​របស់​កម្ពុជា​បាន​កើនឡើង​រហូតដល់ ១៥​ប៊ី​លាន​ដុល្លារ​អាម៉េរិក​(​ស្មើនឹង​ប្រមាណ​ប្រាំ​ខែ​នៃ​ការ​នាំចូល ទំនិញ​និង​សេវាកម្ម​គ្រា​បន្ទាប់ គឺ​ខ្ពស់ជាង​កម្រិត​បី​ខែ ដែល​ប្រទេស កំពុងអភិវឌ្ឍន៍ គួរ​មាន​)​។​

​ធនាគារជាតិ​នៃ​កម្ពុជា​បានលើកឡើង​ថា ទុនបម្រុង​អន្តរជាតិ គឺ​សំដៅលើ​ទ្រព្យសម្បត្តិ​ជា​រូបិយប័ណ្ណ ដែល​កាន់កាប់ ដោយ​ធនាគារកណ្ដាល​នៃ​ប្រទេសមួយ​។ ទ្រព្យសម្បត្តិ​នោះ រួមមាន សញ្ញាប័ណ្ណ​ទីផ្សារ​អន្តរជាតិ (foreign marketable securities) មាស Special Drawing Rights (SDRs) និង​ទុនបម្រុង​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​។ គោលបំណង សំខាន់​នៃ​ការ​កាន់​ទុនបម្រុង​អន្តរជាតិ គឺ​ដើម្បី​ធ្វើការ​ទូទាត់​ជា​លក្ខណៈ​អន្តរជាតិ និង​ការពារ​នូវ​ហានិភ័យ​អត្រា​ប្ដូរប្រាក់​។​

​ធនាគារជាតិ​បានចាប់ផ្តើម​ធ្វើកំណែទម្រង់​ធនាគារជាតិ នៅ​ឆ្នាំ​២០០០ សំដៅ​ពង្រឹង​ដើមទុន និង​រចនាសម្ព័ន្ធ​គ្រប់គ្រង ផ្ទៃក្នុង​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។ ចាប់ពីពេលនោះ​មក វិស័យ​ធនាគារ បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ស្របតាម​គោល ដៅ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​រយៈពេល​វែង​រប​ស់រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់ឱ្យអនុវត្ត ចាប់តាំងពី​ឆ្នាំ​២០០១ មក និង​បានធ្វើ​បច្ចុប្បន្ន​កម្ម​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង​។​

​បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​តួនាទី​របស់ខ្លួន ជា​លំដាប់​ជាមួយនឹង​សាខា​ធនាគារជាតិ​នៃ​កម្ពុជា នៅតាម រាជធានី​-​ខេត្ត​ចំនួន ១៩ នៅ​ទូទាំងប្រទេស ដើម្បី​ធានា​ឱ្យបាន​នូវ​ប្រព័ន្ធ​រូបិយវត្ថុ និង​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទំនុកចិត្ត​។​

​ដើមទុន​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​បង្កើន​ពី​ប្រាំ​ប៊ី​លាន​រៀល (​មួយ​ប៊ី​លាន​ស្មើនឹង​១.០០០​លាន​) នៅ​ឆ្នាំ​១៩៩២ ដល់​១០០​ប៊ី​លាន​រៀល​នៅ​ឆ្នាំ​២០០០ ហើយ​បច្ចុប្បន្ន ត្រូវបាន​គរ​ពូន​ជា​លំដាប់ ទាំង​ក្នុង​ទម្រង់​ជា​មាស និង​រូបិយ ប័ណ្ណ​អន្តរជាតិ​ចម្បងៗ ដែល​ឆ្លុះបញ្ចាំង តាមរយៈ​កំណើន​ទុនបម្រុង​អន្តរជាតិ​ដែល​បាន​កើនឡើង​រហូតដល់ ១៥ ប៊ី​លាន​ដុល្លារ (​ស្មើនឹង​ប្រមាណ​៥​ខែ នៃ​ការ​នាំចូល​ទំនិញ និង​សេវាកម្ម​គ្រា​បន្ទាប់ គឺ​ខ្ពស់ជាង​កម្រិត​បី​ខែ ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍ គួរ​មាន​)​។​

​ការគ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ​ទាំងនេះ បានអនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា យក ទៅ​វិនិយោគ​នៅ​បរទេស និង ទទួលបាន​ប្រាក់ចំណេញ និង​ផ្ទេរ​ចូល​ថវិការដ្ឋ​ទៀតផង​។ កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​ក៏បាន​ពង្រឹង​ប្រសិទ្ធភាព នៃ​ការអនុវត្ត​គោលនយោ បាយ​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ផងដែរ ដោយ​ក្នុង​រយៈពេល ២០​ឆ្នាំ ចុងក្រោយ​នេះ​អត្រា ប្តូរ​ប្រាក់រៀល ធៀប​នឹង​ដុល្លារ​អាម៉េរិក ត្រូវបាន​រក្សា​ឱ្យមាន​ស្ថិរភាព​ល្អប្រសើរ ដោយ​ប្រែប្រួល​ទាប​ជាង ២​ភាគរយ ប៉ុណ្ណោះ ជា​មធ្យម​ក្នុង​មួយឆ្នាំៗ​។ ស្ថិរភាព​នេះ បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​ជំនឿ​ទុន​ចិត្ត​សាធារណជន មកលើ​រូបិយវត្ថុ​ជាតិ ដែល​ត្រូវបាន​បាត់បង់​ដោយ​សង្គ្រាមស៊ីវិល​ជិត​បី​ទសវត្សរ៍ ហើយ​បានរួម​ចំណែក​រក្សា​ស្ថិរភាព​ថ្លៃ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។

កម្ពុជា​សល់​មាស ៣០​តោន ប្រាក់​បម្រុង ១៥​ពាន់​លាន​ដុល្លារ និង​ចំណូល​ពន្ធ​បាន​លើសពី​ការរំពឹងទុក ដល់​ទៅ​ជាង ៨០០​លាន​ដុល្លារ នៅពេលនេះ នាំ​ឲ្យ​កម្ពុជា​មិន​រស់ ចាំតែ​ជំនួយ​គ្រប់យ៉ាង​ពី​បរទេស​ទៀត​នោះទេ​។ នេះ​មិន​រាប់ បញ្ចូល​ចំណូល បាន​ពី​សារពើពន្ធ ភ្ញៀវទេសចរ ចំណូល​ពី​ពន្ធដារ និង​ផល​ពី​ប្រេង ដែល​នឹង​ទទួលបាន​នៅ ពេលខាងមុខ​នោះទេ​។​

​ការរីកចម្រើន​នេះ កម្ពុជា​នឹងមិន​ពឹង​អ្វីៗ​គ្រប់យ៉ាង លើ​តែ​បរទេស​នោះទេ​។ ប្រាក់ ចំណូល ដែល​កម្ពុជា រកបាន ប្រមាណ ៥០០​លាន​ដុល្លារ ក្នុង​មួយខែ ហើយ​ចាយ​ទៅវិញ​តែ ៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ គឺ​សល់ ២០០​លាន​ដុល្លារ​ក្នុង​មួយ ខែ​។​

​មួយវិញទៀត​អតិរេក​សាច់ប្រាក់​របស់​កម្ពុជា​មកដល់ពេលនេះ គឺ​កម្ពុជា មាន​ប្រាក់​បម្រុង​អន្តរជាតិ មាន​ជាង​១៥ ពាន់​លាន​ដុល្លារ និង​មាស ៣០​តោន និង​សាច់ប្រាក់​សម្រាប់​ចាយវាយ​ជិត​បួន​ពាន់​លាន​ដុល្លារ​ផ្សេងទៀត​។​

​ការប្រកាស​ពី​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា រួមទាំង​ចំណូល និង​មាស​ដែល​រាជរដ្ឋា ភិបាល​មាន​សព្វថ្ងៃនេះ បានធ្វើ​ឡើង ខណៈដែល​សហរដ្ឋ​អាម៉េរិក និង​សហភាព​អឺរ៉ុប បាន​យក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដើម្បី​ដាក់ សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​បំណង​អ្វីដែល​គេ​ហៅថា ឲ្យ​កម្ពុជា ស្តារ​ប្រជាធិបតេយ្យ ដោះលែង​លោក កឹម សុខា និង​ឱ្យ​អតីត​គណបក្សប្រឆាំង បាន​ដំណើរការ​ឡើងវិញ​។ បើ​ពុំ​នោះទេ សហភាព​អឺរ៉ុប និង​អាម៉េរិក គំរាមថា នឹង​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្មនេះ​។ ពោលគឺ​ទំនិញ​នាំ​ចេញពី​កម្ពុជា ចូល​សហភាព​អឺរ៉ុប និង​អាមេរិក នឹងត្រូវ​គិត​ពន្ធ​ពេញ​ថ្លៃ​។​

​កាលពី​ឆ្នាំ​២០១៨​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​និង​អាម៉េរិក តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSO មាន​ទំហំ​ទឹកប្រាក់​សរុប ៨,៥ ពាន់ លាន​ដុល្លារ​ស្មើនឹង ៨៣ ភាគរយ​នៃ​ផលទុន​សរុប (GDP) របស់​កម្ពុជា​។ នេះ​បើតាម​របាយ ការណ៍​របស់​ក្រុម​អ្នកបញ្ជា​ទិញ​។​

​យ៉ាង​ណា៏​ដោយនៅ​ពេលខាងមុខ​បើសិនជា​អាម៉េរិក និង​អឺរ៉ុប​លុបចោល​ប្រព័ន្ធ​អនុ គ្រោះ​ពន្ធ​លើ​មុខទំនិញ របស់​កម្ពុជា​មែន​នោះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​នៅតែមាន​ប្រាក់​តម្កល់ សម្រាប់​ចាត់ចែង ដោះស្រាយ​បញ្ហា ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ផ្សេងទៀត ពិសេស​ប្រទេស​ចិន​។​

​ប៉ុន្តែ​បើសិន​ជាមាន​ដំណោះស្រាយ តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ ដូច​អ្វីដែល​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​អនុវត្ត ដោយ​ជោគជ័យ ក្នុងការ​បញ្ចប់​ជម្លោះ​ប្រដាប់ អាវុធ​រវាង​ខ្មែរ និង​ខ្មែរ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​នោះ​គឺ​ពិត ជា​ល្អ​ខ្លាំងណាស់​។ ល្អ​ទាំង​កម្ពុជា​យើង ក៏ដូចជា​ល្អ​ទាំង​ដៃគូ​អភិវឌ្ឍន៍ អាម៉េរិក សហភាព​អឺរ៉ុប ជាដើម​។ រីឯ​រាជ​រដ្ឋា ភិ​បាល ក៏​កាន់តែ​សល់​ទុន និង​មានឱកាស​កាន់តែច្រើន ក្នុង​អភិវឌ្ឍន៍ បន្ត​ការរីកចម្រើន​ប្រទេសជាតិ​តទៅទៀត​។ ក្នុងនោះ វិស័យ​កាត់ដេរ​យើង ដែលមាន​កម្មករ​កាត់​ដេរ ខ្ទង់​៧៥​ម៉ឺន​នាក់ និង​ពលរដ្ឋ​កម្ពុជា​ខ្ទង់​បី​លាន​គ្រួសារ​ផ្សេងទៀត ដែល​ទទួល ផល​ពី​វិស័យ​កាត់ដេរ ដោយ​គេ​គិតថា អាច​ប៉ះពាល់​ខ្លាំងជាងគេ បើសិនជា​អឺរ៉ុប និង​អាម៉េរិក​ផ្តាច់​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​មែន​នោះ នឹង​លែងមាន​ការព្រួយបារម្ភ​ទៀតហើយ​៕ ដោយ​:​ម៉េង​ឆៃ​