ពី​សិស្ស​ហាត់​ក្បាច់គុន​កុង​ហ្វូ​នៅ​វត្ត​សៅ​លិញ​ក្លាយជា​អ្នក​ប្រដាល់ MMA ៖ តោះ​មក​ស្គាល់ “​ស្តេច​ស្វា​ចិន​”

1092
ចែករម្លែក
  • 52
    Shares

​សុង យ៉ាង​ទុង (Song Yadong) ងប់ងុល​យ៉ាងខ្លាំង​ជាមួយនឹង​ក្បាច់គុន​បុរាណ​ចិន​រហូតដល់​ថ្នាក់​បញ្ចុះបញ្ចូល​ម្តាយ​របស់គាត់​ឱ្យ​បញ្ជូន​គាត់​ទៅ​ឆ្ងាយ​ដើម្បី​រៀន​ក្បាច់គុន​កុង​ហ្វូ​ដ៏​ល្បីល្បាញ​ពី​គ្រូ​ក្បាច់គុន​នៅ​វត្ត​សៅ​លិញ​។​

​នៅពេលនោះ​គាត់​ទើប​មាន​អាយុ ៩ ឆ្នាំ​ប៉ុណ្ណោះ​។​

​សុង​បាន​និយាយថា “​ខ្ញុំ​បាន​មើល​រឿង​កុង​ហ្វូ​ជាច្រើន​ហើយ​ដូច្នេះ​ខ្ញុំ​ចង់​ក្លាយ​ដូចជា​វីរបុរស​របស់ខ្ញុំ គឺ ជេ​ត លី​។ ខ្ញុំ​បាន​ទៅ​វត្ត​សៅ​លិញ ហើយ​ខ្ញុំ​បាន​ហាត់​ក្បាច់គុន និង​ងើប​រាល់​ព្រឹក​នៅ​ម៉ោង ៥ វា​ពិបាក​ជាង​អ្វីដែល​ខ្ញុំ​រំពឹងទុក​ទៅទៀត​”​។​

​មួយ​ទសវត្សរ៍​ក្រោយមក​បំណងប្រាថ្នា​របស់​សុង​បាន​នាំ​គាត់​ចូលទៅក្នុង​ការប្រកួត​លំ​ដាប់​ពិភពលោក​គឺ​ក្របខ័ណ្ឌ Ultimate Fighting Championship (UFC) និង ឥឡូវ​បាន​ឈានដល់​ដំណាក់កាល​ធំ​បំផុត​ក្នុង​សិល្បៈ​ក្បាច់គុន​ចម្រុះ​។​

​បុរស​អាយុ ២០ ឆ្នាំ​រូបនេះ​បាន​និយាយថា “​ខ្ញុំ​បាន​ចាក​ចេញពី​វត្ត​សៅ​លិញ បន្ទាប់ពី​ហាត់​បាន​២​ឆ្នាំ ហើយ​បន្ទាប់មក​ខ្ញុំ​បាន​រៀន​អំពី​ការប្រកួត​ក្បាច់​ប្រដាល់​ចម្រុះ (MMA)​។ ខ្ញុំ​ចូល​ចិត្តការ​វាយតប់ ខ្ញុំ​ចូលចិត្ត​ការពិត​ដែលថា រាល់​ការប្រយុទ្ធ​គឺជា​ការធ្វើ​តេស្ត​សមត្ថភាព​របស់​អ្នក ហើយ​អ្នក​តែងតែ​ប្រឹងប្រែង​ជានិច្ច​ដើម្បី​ក្លាយជា​អ្នក​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាចធ្វើ​ទៅបាន​”​។​

​សុង​កំពុង​ស្ថិតនៅ​ជួរមុខ​នៃ​ការជំរុញ​លើកកម្ពស់​ការផ្សព្វផ្សាយ​ប្រដាល់​ក្បាច់គុន​ចម្រុះ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​ឱ្យចូល​ទៅក្នុង​ប្រទេស​ចិន ជា​ប្រទេសមួយ​ដែល​មនុស្ស​ជាច្រើន​ចាត់ទុក​ផ្ទះ​នៃ​សិល្បៈ​ក្បាច់គុន​គ្រប់​ប្រភេទ ហើយ​អ្នក​ប្រយុទ្ធ​កើត​នៅ​ទីក្រុង​ធៀន​ជីន​រូបនេះ​គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ប្រយុទ្ធ​ក្នុងស្រុក​៩​នាក់​ដែល​គ្រោង​នឹងចូលរួម​ក្នុងការ​ប្រកួត UFC លើកដំបូង ដែល​នឹង​ប្រារព្ធ​ឡើង​នៅក្នុង​រដ្ឋធានី​របស់​ចិន​។​

​នៅ​ព្រឹត្តិការណ៍ UFC Fight Night 141 នៅឯ​សង្វៀន Cadillac Arena របស់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​សៅរ៍​ទី​២៤​វិច្ឆិកា​គេ​នឹង​ឃើញ​ការប្រកួត​ដ៏​ធំ​រវាង​អ្នក​ប្រកួត​ប្រដាល់​ទម្ងន់​ធ្ងន់​ជនជាតិ​បារាំង​កាត់​កា​មេ​រូ​ន ឈ្មោះ ហ្វ្រ​ង់​ស៊ី​ស ង៉ាន​នូ (Francis Ngannou) រហ័ស​នាម “​មនុស្ស​ជញ្ជក់​ឈាម​” (​ឈ្នះ ១១ ចាញ់ ៣) និង​អ្នក​ប្រដាល់​អាមេរិក ខ​ត​ធី ប្លេ​ដេ​ស (Curtis Blaydes) រហស្សនាម “​ផ្លែ​ឡា​ម​”​។​

​ប៉ុន្តែ​គេ​នៅតែមាន​មន្ទិល​សង្ស័យថា​តើ​ទស្សនិកជន​ចិន​នឹង​មក​ទស្សនា​ច្រើន​ឬ​យ៉ាងណា​នោះទេ តែ​គេ​សង្ឃឹមថា​នឹងមាន​ច្រើន​ទៅ​ចុះ​។​

​សុង​បាន​និយាយថា “​វា​នឹង​ក្លាយជា​ឱកាស​ដ៏​ធំ​បំផុត​សម្រាប់​ពួកយើង​ជា​អ្នក​ប្រយុទ្ធ​ជនជាតិ​ចិន និង​ដើម្បីឱ្យ​កីឡាប្រដាល់​រីកចម្រើន​នៅក្នុង​ប្រទេស​ចិន​”​។ សុង​រហស្សនាម “​ស្តេច​ស្វា​ចិន​” នឹងត្រូវ​ប្រឈម​នឹង​កីឡាករ​អាមេរិក​ឈ្មោះ វីន ម៉ូ​រ៉ា​ឡេស (Vince Morales) នៅ​រាត្រី​ថ្ងៃ​សៅរ៍​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

សុង យ៉ាង​ទុង នឹង​ប្រកួត​ក្បាច់គុន​ចម្រុះ​នៅ​ប៉េកាំង​ជាមួយ វីន ម៉ូ​រ៉ា​ឡេស នៅ​រាត្រី​ថ្ងៃ​សៅរ៍