ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​និង​ក្រុមហ៊ុន​ផ្កាឈូក​សហការ​រៀប​ចំក​ម្ម​វិធី​”​ឈ្វេងយល់​បុណ្យ​អាសា​ឡ្ហ​បូជា​”

173
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ និង​ក្រុមហ៊ុន​ផ្កាឈូក​បាន​សហការ​រៀប​ចំ​កម្មវិធី «​ឈ្វេងយល់​បុណ្យ​អាសា​ឡ្ហ​បូជា​»​ដែលមាន​ការចូលរួម​ពី​អ្នកជំនាញ​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​ល្បីៗ​ជា​វាគ្មិន​។​កម្មវិធី​នេះ​បាន​ត្រូវ​ប្រព្រឹត្តទៅ​កាល ពី​ព្រឹក​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាល សន្និសីទ ចតុមុខ រាជធានី ភ្នំពេញ​។​

ថ្ងៃ​១៥ កើត ខែ អាសាឍ គឺជា​ទិវា ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​ដែល ពុទ្ធសាសនិកជន គ្រប់រូប​ទូទាំង ពិភពលោក​តែង​ប្រារព្ធ​រំឭក​ជា​រៀងរាល់ឆ្នាំ តាមរយៈ​ពិធីបុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា បុណ្យ​អាសា​ឡ្ហ​បូជា ដែលជា​ការបូជា​ចំពោះ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ពុទ្ធសាសនា គឺ​រំឭក​ដល់​ព្រឹត្តិការណ៍​ទាំង ៥ របស់​ព្រះពុទ្ធ ជា​ម្ចាស់ ថ្ងៃ​ដែល​ទ្រង់​ចុះ​ចាប់បដិសន្ធិ ថ្ងៃ​ទ្រង់​ចេញ​បួស ថ្ងៃ​ទ្រង់​សម្តែង​បឋម​ទេសនា ព្រមទាំង​បង្កើត ភិក្ខុសង្ឃ​ជា​លើកដំបូង និង​ថ្ងៃ​សម្តែង​យមក​ប្បាដិហារ្យ​។​

​បុណ្យ​អាសា​ឡ្ហ​បូជា​ដែល​នឹង​ប្រារព្ធ​ឡើង​ក្នុង​ឆ្នាំ​២០១៩​នេះ​គឺ​ដើម្បី​រំលឹក​នឹក​ដល់​ថ្ងៃ​ខួប​នៃ​ការចុះ​ចាប់បដិសន្ធិ​គម្រប់​២៦៤៣​ឆ្នាំ ខួប​ការចេញ​បួស គម្រប់​២៦១៤​ឆ្នាំ ខួប​ថ្ងៃ​សម្តែង​បឋម​ទេសនា​និង​កំណើត​ព្រះសង្ឃ ព្រមទាំង​សម្តែង​យមក​ប្បាដិហារ្យ គម្រប់​២៦០៨​ឆ្នាំ​។ ព្រឹត្តិការណ៍​ប្រកបដោយ​អ​ភិល​ក្ខិ​ត សម័យ​ទាំង ៥​នេះ កើតឡើង​នៅ ចំ​ថ្ងៃ​១៥​កើត ខែអាសាឍ ខុសគ្នា​តែ​ឆ្នាំ​តែប៉ុណ្ណោះ​។​

​ជាធម្មតា​ក្នុង​ថ្ងៃ​១៥​កើត​ខែអាសាឍ​ប្រជា​ពុទ្ធបរិស័ទ​តែងតែ​ធ្វើដំណើរ​ទៅ​វត្ត​អារាម​ណាមួយ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ដើម្បី​ចូលរួម​ក្នុងការ​ប្រារព្ធ​ពិធី មានការ​ដើរ ហែ​ប្រទក្សិណ ជុំវិញ ព្រះវិហារ ការថ្វាយ​ផ្កា​ភ្ញី ការធ្វើ​បទ​នមស្ការ​ព្រះ​រតនត្រៃ​ការ​ស្តាប់​ធម្មទេសនា​ព្រមទាំង​នាំយក​នូវ​សំពត់​សាដក​និង​ទេយ្យទាន​ផ្សេងៗ​ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុងឱកាស​ចូល ព្រះវស្សា​ជាដើម​។

​កិច្ចការ​ទាំងនេះ ក៏​ជាការ​ប្រសើរ ហើយ​ព្រោះ​បាន​នូវ​អានិសង្ស​ដែល​កើតមក​ពី​កា រ​ធ្វើ​ទាន​ការ​រក្សាសីល​ជាដើម ប៉ុន្តែ អ្វីដែល​ពិសេស​ជាង​នេះ ទៅទៀត​នោះ គឺ​ប្រជា​ពុទ្ធបរិស័ទ​គប្បី​យល់​ឱ្យ​កាន់ តែ​បាន​ច្បាស់​ថែមទៀត អំពី​សារៈសំខាន់​របស់​ថ្ងៃ​ទាំង​ប្រាំ​នេះ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​យកមក​ប្រតិបត្តិ​និង​អនុវត្ត​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់ខ្លួន​។​

​គួរ​បញ្ជាក់ថា​៖​ក្រុមហ៊ុន​ផ្កាឈូក​ត្រូវបាន​បង្កើតឡើង​កាលពីដើមឆ្នាំ​២០១៦​ក្រោយ​មានការ​ជួបជុំគ្នា​មួយ​រវាង​លោក អៀង សុធា​រ៉ា អគ្គនាយក​ក្រុមហ៊ុន អៀង គ្រុប និង​ក្រុម​បញ្ញវន្ត​ពុទ្ធសាសនា​។​កន្លងមក​ក្រុមហ៊ុន​ផ្កាឈូក និង​ពុទ្ធ​មណ្ឌល​កម្ពុជា បាន រៀបចំ​កម្មវិធី​សមាធិ​ដើម្បី​សុខភាព​កាយ ផ្លូវចិត្ត កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​។

ក្រុមហ៊ុន​ផ្កាឈូក បាន​សហការ​ជាមួយ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​រៀបចំ​«​កម្មវិធី​ឈ្វេង យល់​បុណ្យមាឃបូជា​»​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ និង​កម្មវិធី​«​ឈ្វេងយល់​បុណ្យ​វិសាខបូជា​» ចំនួន​៤​ទីតាំង រួមមាន​ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ កាលពី​ខែឧសភា ឆ្នាំ​២០១៩​។

ដើម្បី​ជាការ​រួមចំណែក​ក្នុង​ពិធីបុណ្យ​អាសា​ឡ្ហ​បូជា​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ និង​ក្រុមហ៊ុន​ផ្កាឈូក នឹង​សហការ​ជាមួយ​សាលា​គណ​និង​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​-​ខេត្ត​នឹង​រៀបចំ​កម្មវិធី​«​ឈ្វេងយល់​បុណ្យ​អាសា​ឡ្ហ​បូជា​» នៅ​ទីតាំង​ចំនួន ៣ ដើម្បី​ឆ្លុះបញ្ចាំង​ពី​អត្ថន័យ​ពិត និង ទស្សនវិជ្ជា​អប់រំ នៃ​ពិធី​នេះ​គឺ​៖

-​ថ្ងៃទី​០៥​ខែកក្កដា​ឆ្នាំ​២០១៩:​រាជធានី​ភ្នំពេញ​៖​ប្រារព្ធ​នៅ​សាលសន្និសីទ​ចតុម្មុខ​សហការ​ជាមួយ​សាលា​គណ​និង មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​
-​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩:​ខេត្តសៀមរាប​៖​ប្រារព្ធ​នៅ​ឧបដ្ឋានសាលា​វត្ត​រាជ​បូ​ណ៌​សហការ​ជាមួយ​សាលា​គណ​ខេត្ត និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ពុទ្ធិកវិទ្យាល័យ​រាជ​បូ​ណ៌ ព្រមទាំង​សមាគម​ជីវិត​និង​ក្តីសង្ឃឹម​។​
-​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៩:​ខេត្តកំពង់ធំ​៖​ប្រារព្ធ​នៅ​ទី​រួម​ខេត្តកំពង់ធំ​សហការ​ជាមួយ​សាលា​គណ​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ៕S/

​ចំណងជើង​រូ​បថ​តៈ​ពុទ្ធិក​សាកល វិទ្យាល័យ​ព្រះសីហនុ​រាជ និង​ក្រុមហ៊ុន ផ្កាឈូក​សហការ​រៀបចំ​កម្មវិធី «​ឈ្វេង យល់​បុណ្យ​អាសា​ឡ្ហ​បូជា​»​