ពុទ្ធ ឆាយ​រិទ្ធី ជួប​ជើង​ខ្លាំង​ថៃ ភី​ត សា​លីន នៅ​សង្វៀន TV5

532
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out serie by K-Cment សម្រាប់​យប់​ថ្ងៃទី​២ កុម្ភៈ ខាងមុខនេះ ត្រូវបាន​ផ្អាក មួយពេល ដើម្បី​ទុក​ឱកាស​ឲ្យ​ជើង​ខ្លាំង ៤ រូប ដែល​ត្រូវ​ប្រកួត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ បាន​សម្រាក​មួយពេល ដើម្បី​យក​កម្លាំង ។​

​ជាមួយនឹង​ការ​សម្រាក​នេះ កម្មវិធី​ប្រកួត មិនបាន​ផ្អាក​នោះទេ ។ ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ភី​ត សា​លីន (Phit Salin) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។ សព្វថ្ងៃនេះ រិទ្ធី ស្រុតចុះ​ខ្លាំង ដោយសារតែ​គេ មានការ​ប្រកួត​ច្រើន ហួសហេតុ មិនសូវ​បាន​ហ្វឹកហាត់ ព្រោះ​បន្ទាប់ពី​ប្រកួត​ចប់ គេ​ត្រូវ​សម្រាក ដោយសារតែ​ឈឺខ្លួន ។​

​ចំពោះ ភី​ត សា​លីន វិញ គេ​មិន​ខ្សោយ​នោះទេ ទោះបី​គេ​មិនសូវ​បាន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ក៏ពិតមែន តែ​នៅ​ស្រុកថៃ គេ​មានការ​ប្រកួត​ច្រើន​គ្រាន់បើ​ដែរ ។ ចាំមើល​ការប្រកួត​នេះ រិទ្ធី ជា​អ្នកឈ្នះ ឬ ភី​ត សា​លីន ជា​អ្នកឈ្នះ ? ។​

​អ្នក​ប្រដាល់​ជើងចាស់ សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​បញ្ចុះទម្ងន់​ពី ៦០ គីឡូក្រាម មក ៥៧ គីឡូក្រាម ដើម្បី​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ថ្មី អេ​លី​ត សាន់ ក្លិប​ឆ្មា​ស សែន​សុខ ។​

​សុវណ្ណ គេ​មាន​អាយុ​ច្រើន​មែន តែ​គេ​នៅ​វ៉ៃ​បានល្អ កម្លាំង​គេ នៅ​អាច​វ៉ៃ​បាន ៥ ទឹក ដោយ​គ្មាន​បញ្ហា ។ ចំពោះ​អ្នក​ប្រដាល់ អេ​លី​ត សាន់ វិញ មិនសូវមាន​នរណា ស្គាល់​នោះឡើយ តែ​គេ​ទំនងជា​មិន​ខ្សោយ​ឡើយ ទើប​គេ​ហ៊ាន​ឡើង​សង្វៀន តស៊ូ​ជាមួយ សុវណ្ណ បែបនេះ ? ។ ចាំមើល​នរណា ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ ? ។​

​អ្នក​ប្រដាល់​ពូកែ​ឌឺ ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី សល់ ស្រស់ របស់​ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។​

​ភារ​ម្យ មួយរយៈ​នេះ ការប្រកួត​របស់គេ ភាគច្រើន ជួប​បរាជ័យ តែ​ការប្រកួត​របស់គេ តែងតែបាន ៥ ទឹកជា​និច្ច​។ គេ​ជា​អ្នក​ប្រដាល់ ចូលចិត្ត​វ៉ៃ​ប្ដូរ តែ​ការប្ដូរ​របស់គេ ភាគច្រើន ត្រូវ​គូប្រកួត​ច្រាស់​សង​វិញ ធ្វើ​ឲ្យ​មាន​របួស ក៏មានដែរ ។ សល់ ស្រស់ ក៏​ចូលចិត្ត​វ៉ៃ​ប្ដូរ​ដែរ ចាំមើល​អ្នក​វ៉ៃ​ប្ដូរ និង អ្នក​វ៉ៃ​ប្ដូរ នរណា​ឈ្នះ ? ។​

​គៀន ធារ៉ា ក្លិប​រស្មី​កុមារកំព្រា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឆោម ប៊ុនឡុង ក្លិប​គុហារ​ព្រហ្ម​ជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ ប្រាក់ ភិរម្យ ក្លិប​យុវជន ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អេ ពិសី ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

ពុទ្ធ ឆាយ​រិ​ទ្ធ និង ភី​ត សា​លីន​