ពុទ្ធ ឆាយ​រិទ្ធី សាក​ជាមួយ ឆ័យ ស៊ូ​

1333
ចែករម្លែក

ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ប្រកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឆ័យ ស៊ូ (Chhai Sou) លើស​ង្វៀន​ឆ្មា​ខ្មៅ​របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​២៣​កក្កដា ។​

​គួរ​បញ្ជាក់ថា ឆ័យ ស៊ូ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ចំនួន​២​លើក​ហើយ គឺ​ប្រកួត​ជាមួយ​មិត្ត​រួម​គ្រូ​របស់ រិទ្ធី គឺ​អ្នក​ប្រដាល់ មឿ​ន សុខ​ហ៊ុ​ច ដែល​ការប្រកួត​ដំបូង​ស្មើ​ពិន្ទុ​គ្នា និង​ប្រកួត​លើក​ក្រោយ សុខ​ហ៊ុ​ច ឈ្នះ​ដោយ​ពិន្ទុ​។ ពេលនេះ រិទ្ធី ចង់បង្ហាញ​ឲ្យ​គេ​ឃើញថា រូបគេ​ក៏​ខ្លាំង​មិន​ចាញ់ សុខ​ហ៊ុ​ច ដែរ គេ​នឹង​យកឈ្នះ ឆ័យ ស៊ូ ឲ្យ​ទាល់តែ​បាន​។​

​ឆ័យ ស៊ូ ជា​អ្នក​ប្រដាល់​ពូកែ​កែង និង​ជង្គង់​មិនតែប៉ុណ្ណោះ គេ​ការពារ​បាន​រឹងមាំ​ល្អ​ណាស់​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០០​ដង ឈ្នះ​៨៩​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ ១​ដង​។​

​ចំពោះ រិទ្ធី ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​ប្រើ​កែង និង​ជង្គង់​ជា​អាវុធ ដើម្បី​ផ្ដួល​គូប្រកួត​ដែរ​។ រិទ្ធី គេ​ចូលចិត្ត​វាយ​បន្ថែម​លើ​គូប្រកួត​នៅពេល​គូប្រកួត​ដួល ឬ​ក្រោយពេល​អាជ្ញាកណ្ដាល​ឃាត់​ទៅហើយនោះ មិនតែប៉ុណ្ណោះ​គេ​ចូលចិត្ត​ប្រើ​កម្លាំង​ខ្ជះខ្ជាយ ក្នុង​បំណង​ផ្ដួល​គូប្រកួត​ឲ្យ​បាន​រហ័ស តែបើ​ផ្ដួល​មិនបាន​ទេនោះ កម្លាំង​របស់គេ​ស្រុតចុះ​តែម្ដង​។​

​ដោយមាន​ប្រវត្តិ​ប្រកួត​ចំនួន ៩៥​ដង ឈ្នះ​៧៥​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ ២ ដងនោះ គេ​មិនបាន​ដឹងថា តើ រិទ្ធី អាច​យកឈ្នះ ឆ័យ ស៊ូ បាន​ដូច​មិត្ត​រួម​ក្លិប​របស់គេ​ឬទេ​?

​គង់ ហ៊ូ​វ នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឌែ​ល ទើប​មក​ស្រុក​ខ្មែរ​ជា​លើកដំបូង​ឈ្មោះ បាន់ ដា​សាក់ (Banda Sak) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​ដោយ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា​ពីមុនមក​នោះគេ​មិនដឹងថា នរណា​មាន​សមត្ថភាព​ជាង​នរណា​នោះទេ​។ គង់ ហ៊ូ​វ ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ស្នៀត​ទាត់​របស់គេ​អស្ចារ្យ​ណាស់ មាន​អ្នក​ប្រដាល់​មិនតិច​ទេ ដែល​ត្រូវ គង់ ហ៊ូ​វ ទាត់​កញ្ចឹងក ឬ​គុម្ព​ថ្គាម​បណ្ដាល​ឲ្យ​សន្លប់​នោះ​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៦​ដង ឈ្នះ​៣៨​ដង ចាញ់​៨​ដង​។ ចំពោះ​អ្នក​ប្រដាល់​ថៃ បាន់ ដា​សាក់ វិញ គេ​មិនបាន​ដឹងថា មាន​សទីល​វ៉ៃ​យ៉ាងណា​នោះទេ តែ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៨​ដង ឈ្នះ ៥០​ដង ចាញ់​៦​ដង និង​ស្មើ​ពិន្ទុ ២​ដង​។ ចាំមើល​ទាំងអស់គ្នា​តើន​រណា​ជួប​សំណាងល្អ​?

​ចំពោះ​គូប្រកួត​អម​វិញ​នោះ សេក វណ្ណៈ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឈាន រស្មី មកពី​ក្លិប​ខេត្តរតនគិរី ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ម៉ូ ណារ៉ាក់ របស់​ក្លិប​ព្រៃទទឹង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។​

​ការប្រកួត​ប្រដាល់​សាកល​ក្របខ័ណ្ឌ​អាជីព​វិញ​នោះ វី សុ​ភ័ស្ស របស់​ក្លិប​នាគរាជ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សួន សា​ម៉ៃ របស់​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​៕ ដោយ៖ រ៉ូហ្សា