ពុ​យ វណ្ណៈ ឈ្នះ​ពិន្ទុ ឯ សេង ស្រឿ​ន សន្លប់​ទឹក​២

123
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម ខ្សែក្រវាត់​ខា​រ៉ា​បាវ ទម្ងន់ ៦៣,៥០ គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ វគ្គ​សន្សំ​ពិន្ទុ រជ្ជកាល​ទី​១០ នា​រសៀល​ថ្ងៃទី​១២ តុលា កន្លងទៅនេះ អ្នក​ប្រដាល់​កម្ពុជា ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ឈ្នះ អ្នក​ប្រដាល់​ថៃ កូ​ឡាប ដាំ (Kolap Dam) ដោយ​ពិន្ទុ ទាំង​មិន​ឯកច្ឆន្ទ​។​

​ការប្រកួត​ទាំង​៥ ទឹក ស្ថានភាព​នៃ​ការប្រកួត ភាគច្រើន វណ្ណៈ ជា​អ្នក​មានប្រៀប តែ​ជា​ញឹកញាប់ គេ​ក៏​វេទនា ដោយសារ​កូ​ឡាប​ដាំ​ដែរ​។ ជង្គង់ និង​កណ្ដាប់ដៃ របស់ កូ​ឡាប ដាំ បានធ្វើ​ឲ្យ វណ្ណៈ វេទនា​ម្ដងៗ​ដែរ ។ នៅ​ទឹក​ទី​៣ គេ​សង្កេតឃើញថា កូ​ឡាប ដាំ មាន​របួស​ក្រោម​ភ្នែក​ស្ដាំ ។ ពួកគេ ប្រកួត​គ្នា​ពេញ​ទាំង ៥ ទឹក ។ លទ្ធផល​ចុងក្រោយ ពុ​យ វណ្ណៈ ឈ្នះ កូ​ឡាប ដាំ ដោយ​ពិន្ទុ ដោយ​ចៅក្រម ៤ រូប ផ្ដល់​ពិន្ទុ​ឲ្យ ពុ​យ វណ្ណៈ ឈ្នះ ហើយ​មាន​ចៅក្រម តែ​មួយរូប​ប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ​ឲ្យ កូ​ឡាប ដាំ ឈ្នះ ។

សកម្មភាព​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​កម្ពុជា សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេស ថ្ង​ក ខេត្តស្វាយរៀង ត្រូវ​អ្នក​ប្រដាល់​ថៃ វ៉ាន ឆា​លើ​ម (Wan Chhaleum) ប្រើ​កណ្ដាប់ដៃ វាយ​ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ។ សេង ស្រឿ​ន ហាក់ដូចជា​វ៉ៃ ដោយ​អំណួត គេ​ព្យាយាម​ប្រើ​កែង និង​វាយប្រហារ​ជើង​ក្រោម វ៉ាន់​ ឆា​លើ​ម តែ​ត្រូវ​អ្នក​ប្រដាល់​ថៃ រូបនេះ ច្រាស់​សង​វិញ យ៉ាង​ចាស់ដៃ ។

នៅ​ទឹក​ទី​២ វ៉ាន ឆា​លើ​ម បាន​ប្រើ​កណ្ដាប់ដៃ វាយ​ទៅលើ​ផ្ទៃមុខ សេង ស្រឿ​ន ធ្វើ​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា រូបនេះ ត្រូវ​អាជ្ញាកណ្ដាល់​រាប់​៨ ។ ក្រោយពី​អាជ្ញាកណ្ដាល​រាប់ ៨ ហើយ​នោះ សេង ស្រឿ​ន កាន់​តែមាន​កំហឹង គេ​ក៏​ប្រើ​ស្នៀត​ជង្គង់​ហោះ​ហក់​បុក វ៉ាន់ ឆា​លើ​ម ទាំង​ទទឹងទិស ក៏ត្រូវ​អ្នក​ប្រដាល់​ថៃ រូបនេះ បញ្ចេញ​មួយ​ដៃ​ទៀត ធ្វើ​ឲ្យ សេង ស្រឿ​ន សន្លប់​ធំ ក្រោក​លែងរួច​តែម្ដង​។​

​ការប្រកួត​លើស​ង្វៀន Boostrong fighter on Fire នា​ព្រឹក​ថ្ងៃទី​១៣ តុលា វិញ​នោះ នៅក្នុង​ការប្រកួត​ជា​មិត្តភាព ជាមួយ​ថៃ អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ម្កុដ​រាជសីហ៍ ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់​ចំណូល​ថ្មី​ថៃ ស៊ូ​ភើ ឡេ​ក (Super Lack) ឱ្យ​សន្លប់​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ ។​

​ចំពោះ​ការប្រកួត​សន្សំ​ពិន្ទុ ក្នុង​ព្រឹត្តិការណ៍​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion នា​យប់​ថ្ងៃទី​១៣ តុលា នេះដែរ អ្នក​ប្រដាល់​កម្ពុជា ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់​ថៃ ឈោ​ក ឆៃ (Chhuok Chhai) ។ នេះ​ជាការ​ប្រកួត​លើក​ទី​២ របស់​ពួកគេ ទាំង ២ ក្នុង​ព្រឹត្តិការណ៍​នេះ ។ ការប្រកួត​ទាំង ២ លើក​នេះ ពួកគេ​ឈ្នះ​មួយ​ប្រកួត ចាញ់​មួយ​ប្រកួត ដូចគ្នា ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី មកពី​ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់​ថៃ ឈៀង ឆៃ (Chhieng Chhai) ដោយ​ពិន្ទុ​ដែរ​។ ចៅក្រម ៥ រូប មាន ៣ រូប ផ្ដល់​ពិន្ទុ​ឲ្យ ឈៀង ឆៃ ឈ្នះ និង ២ រូប ផ្ដល់​ពិន្ទុ​ឲ្យ រិទ្ធី ឈ្នះ ។ នេះ​ជាការ​ប្រកួត​លើក​ទី​២ របស់​ពួកគេ ទាំង ២ រូប ហើយ​ទាំង ២ ប្រកួត​នេះ គេ​ឈ្នះ​មួយ​ប្រកួត ចាញ់​មួយ​ប្រកួត ដូចគ្នា​៕v