ពុ​យ វណ្ណៈ និង ពុទ្ធ សំបូរ នរណា​ជា​ម្ចាស់​ពាន​ព្រឹត្តិការណ៍ TV5 Boxing Knock Serie?

871
ចែករម្លែក

(​ភ្នំពេញ​): ព្រឹត្តិការណ៍ TV5 Boxing Knock Out Serie នៅ​ថ្ងៃទី​១២​សីហា​នេះ បាន​ឈាន​មកដល់​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ​។​

​សម្រាប់​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ អ្នក​ប្រដាល់ មាស សុជាតិ ក្លិប​ក្រុង​ប៉ោយប៉ែត​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សុខ សុវណ្ណ របស់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា​ក៏​សង្ឃឹមថា នឹងត្រូវ​ជួបគ្នា​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​១ ដែរ តែ​បែរជា​ចាញ់​អ្នក​ប្រដាល់​ជើង​ថ្មី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅវិញ​។​

​មាស សុជាតិ កាល​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ គេ​ឈ្នះ ម៉ន ចាន់​ដា​រ៉ា ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នៅ​ទឹក​ទី​២​។ ជម្រុះ​ជុំ​ទី​២ សុជាតិ ឈ្នះ កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ ថន វាសនា ក្លិប​នាគរាជ​មាន​រិ​ទ្ធ ដោយ​ពិន្ទុ តែ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គេ​បែរជា​ចាញ់ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ដែលជា​អ្នក​ប្រដាល់​ជើង​ថ្មី​នៅ​ទឹក​ទី​១ ដោយសារ​តែមាន​បញ្ហា​សន្លាក់ដៃ​។​

​ចំពោះ សុវណ្ណ វិញ​នៅ​ជុំ​ទី​១ គេ​ឈ្នះ ជឹម ចិ​ត្រា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​។ ជុំ​ទី​២ គេ​ប្រកួត​ឈ្នះ ឆាំ រ៉ែ​ម ក្លិប​ពន្លឺ​ណេ​អុង ដោយ​ពិន្ទុ​ជុំ​ទី ៣ ឈ្នះ ផៃ គឹម​ហឿ​ត ក្លិប​គី​សែ​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​។ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ សុវណ្ណ ចាញ់​អ្នក​ប្រដាល់​ជើង​ថ្មី ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ដោយ​ពិន្ទុ​។​

​សម្រាប់​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ នេះ មិនដឹងថា មាស សុជាតិ ឬ សុខ សុវណ្ណ ជា​អ្នកឈ្នះ​នោះឡើយ​។ ពួកគេ​សុទ្ធតែ​មានឱកាស​ដូចគ្នា ចាំមើល​ចំណាត់ថ្នាក់​លេខ​៣ ជា​របស់​នរណា​?

​ចំពោះ​ការប្រកួត​ដណ្ដើម​ឋានៈ​ជា​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នេះ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ជួប​ជាមួយ ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ​។​

​នៅក្នុង​ព្រឹត្តិការណ៍​នេះ អ្នក​ប្រដាល់​ទាំង ២​រូបនេះ មិនទាន់​ស្គាល់​ចាញ់​ដូចគ្នា តែ​ពេលនេះ​នឹងមាន​ម្នាក់ ត្រូវតែ​ស្គាល់​ចាញ់ហើយ​។​

​នៅក្នុង​ការប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ សំបូរ ឈ្នះ ផៃ ក្រៃ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​នៅ​ទឹក​ទី​៣​។ ជុំ​ទី​២ ឈ្នះ ឌុន ប៊ុនធឿន ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ សៅ វណ្ណា ក្លិប​សុភា​នូ​មានជ័យ​ដោយ​ពិន្ទុ មិនតែប៉ុណ្ណោះ​នៅ​វគ្គ​បាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គេ​ឈ្នះ សុខ សុវណ្ណ ដោយ​ពិន្ទុ​។​

​ចំពោះ វណ្ណៈ វិញ​នៅ​ជុំ​ទី​១ ឈ្នះ ថា សា​រ៉ែ​ម ក្លិប​ពន្លឺ​ណេ​អុង​ដោយ​ពិន្ទុ​។ ជុំ​ទី​២ ឈ្នះ ប្រាក់ រស្មី ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ខេត្តព្រៃវែង ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ ឡង ឡា ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ទឹក​ទី​២ និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឈ្នះ មាស សុជាតិ នៅ​ទឹក​ទី​១​។​

​ពុ​យ វណ្ណៈ និង ពុទ្ធ សំបូរ នរណា​ក្លាយជា​ម្ចាស់​ពាន នៃ​ព្រឹត្តិការណ៍ TV5 Boxing Knock Serie ? ពួកគេ​សុទ្ធតែ​ខ្លាំង​ដូចគ្នា​។​L ដោយ​: រ៉ូ​ហ្សា​