ពូទីនពន្លឿនកិច្ចប្រឹងប្រែងដើម្បីបន្តអំណាចនៅរុស្ស៊ី

150
ចែករម្លែក

កាលពីថ្ងៃព្រហស្បតិ៍ទី១៦មករាប្រធានាធិបតីវ៉្លាឌីមៀរ ពូទីនបានពន្លឿនការងារស្តីពីការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលអាចធ្វើឱ្យគាត់កាន់អំណាចបានហួសពីអាណត្តិចុងក្រោយរបស់គាត់ក្នុងឆ្នាំ ២០២៤ ខណៈសមាជិកសភាបានឯកភាពយ៉ាងរហ័សនូវជម្រើសរបស់គាត់សម្រាប់នាយករដ្ឋមន្រ្តីថ្មី។

ថ្លែងទៅកាន់ក្រុមការងារដែលគេបង្កើតឡើងដើម្បីធ្វើពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ លោកពូទីនបានចាត់ទុកសំណើរបស់លោកជាមធ្យោបាយដើម្បីពង្រឹងអំណាចរបស់សភានិងពង្រឹងដល់លទ្ធិប្រជាធិបតេយ្យ។ ក្រុមអ្នករិះគន់លើវិមានក្រឹមឡាំងបានពណ៌នាការផ្លាស់ប្តូរដែលស្នើឡើងនេះថាជាការប៉ុនប៉ងរបស់លោកពូទីនដើម្បីធានាបាននូវការគ្រប់គ្រងរបស់គាត់អស់មួយជីវិត។

មេដឹកនាំរុស្ស៊ីបានស្នើធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញរបស់ប្រទេសនៅក្នុងសុន្ទរកថាថ្នាក់ជាតិកាលពីថ្ងៃពុធ។ ប៉ុន្មានម៉ោងក្រោយមកលោកបានបណ្តេញលោកនាយករដ្ឋមន្រ្តីឌីមីទ្រី មេដវេដេវ ដែលកាន់ការងារនេះអស់រយៈពេល ៨ ឆ្នាំ ហើយបានតែងតាំងប្រធានពន្ធដារលោកមីខាអ៊ីល មីស៊ូស្ទីន ឱ្យស្នងតំណែងពីលោក។

សភាជាន់ទាបដែលគ្រប់គ្រងដោយវិមានក្រឹមឡាំងបានយល់ស្របយ៉ាងរហ័សចំពោះលោកមីស៊ូស្ទីននៅក្នុងការបោះឆ្នោតជាឯកច្ឆន្ទមួយកាលពីថ្ងៃព្រហស្បតិ៍។

ការរុះរើគណៈរដ្ឋមន្រ្តីនេះបានធ្វើឱ្យរង្គោះរង្គើដល់ឥស្សរជននយោបាយរបស់រុស្ស៊ី ដែលមានការសង្ស័យយ៉ាងខ្លាំងអំពីចេតនារបស់លោកពូទីននិងការតែងតាំងគណៈរដ្ឋមន្រ្តីនាពេលអនាគត។

ការកែទម្រង់រដ្ឋធម្មនុញ្ញដែលប្រកាសដោយលោកពូទីនបានបង្ហាញថាលោកកំពុងធ្វើការដើម្បីបង្កើតតំណែងគ្រប់គ្រងថ្មីមួយសម្រាប់ខ្លួនគាត់ បន្ទាប់ពីអាណត្តិ ៦ ឆ្នាំបច្ចុប្បន្នរបស់គាត់នឹងបញ្ចប់នៅឆ្នាំ ២០២៤ ទោះបីជាគេមិនទាន់ច្បាស់ថាតើគាត់នឹងជ្រើសរើសផ្លូវជាក់លាក់ណាមួយដើម្បីបន្តអំណាចក៏ដោយ៕ ដោយ៖ កញ្ញាដាលីស

ពូទីនចូលរួមកិច្ចប្រជុំស្តីពីការកែប្រែរដ្ឋធម្មនុញ្ញនៅភូមិគ្រឹះរបស់គាត់នៅក្រៅក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍