ពូ​ទីន​និយាយថា ឯ​តោ​ភាគី​និយម​របស់​អាម៉េរិក​ប៉ះពាល់​ពាណិជ្ជកម្ម​ពិភពលោក​និង​បង្ក​ចលាចល​

527
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​រិះគន់​អាម៉េរិក​ចំពោះ​ការបន្ត​ដាក់​សម្ពាធ​និង​ទណ្ឌកម្ម​ដើម្បី​រក្សា​ឧត្តមភាព​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​ថា​វា​សាប​ព្រួស​ចលាចល​នៅ​​ក្នុង​កិច្ចការ​សកលលោក​។​

​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ទី​៧​មិថុនា​នៅ​វេទិកា​វិនិយោគ​មួយ​នៅ​ក្រុង សាំង ផេ​ធឺ​ស្បឺ​ក លោកពូ​ទីន​បាន​និយាយថា​ការប៉ុនប៉ង​របស់​អាម៉េរិក​ដើម្បី​«​ពង្រីក​យុត្តាធិការ​របស់​ខ្លួន​ទៅ​​កាន់​ពិភពលោក​ទាំងមូល​»​វា​កំពុង​ប្រឆាំង​នឹង​សណ្តាប់ធ្នាប់​ពិភពលោក​។​

​លោក​ថា សក​លូ​ប​នីយកម្ម​«​ក្លាយ​ជា​ការ​ត្រាប់​កំប្លែង​ខ្លួន​ឯង​នៅ​ពេល​ក្បួនច្បាប់​អន្តរជាតិ​រួម ត្រូវបាន​ជំនួស​ដោយ​ច្បាប់ យន្តការ​រដ្ឋបាល​និង​យុត្តាធិការ​របស់​ប្រទេស​មួយ ឬ​ប្រ​​ទេស​មួយក្រុម​»​។​

​អម​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង នៅ​ឯ​វេទិកា​នោះ លោកពូ​ទីន បាន​និយាយថា​ចំណាត់ការ​របស់​អាម៉រិក​ប្រឆាំង​ក្រុមហ៊ុនបច្ចេក​វិទ្យាចិន​Huawei តំណាង​អោយ​ការ​ប៉ុន​​ប៉ង​ដោយ​ឥត​លាក់លៀម​ដើម្បី​«​ច្របាច់​ក​ក្រុមហ៊ុន​នេះ​អោយ​ចេញពី​ទីផ្សារ​ពិភពលោក​។​វា​ជា​សង្គ្រាម​បច្ចេកវិទ្យា​ដំបូង​នៃ​យុគសម័យ​នេះ​»​។​

​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បាន​ព្រមាន​ថា «​ការ​ខណ្ឌ​ចែក​លំហ​សេដ្ឋកិច្ច គោលនយោបាយ​អត្តទត្ថ​ភាព​(​គិតតែ​ពី​ខ្លួនឯង​)​នយោបាយ​មិន​អត់ធ្មត់​» កំពុងបើក​ផ្លូវ​ទៅ​រក​«​ជម្លោះ​​គ្មាន​ទី​បញ្ចប់​និង​សង្គ្រាម​ពាណិជ្ជកម្ម​…​ជា​ការប្រយុទ្ធ​ដោយ​គ្មាន​ច្បាប់ទម្លាប់​»​។​

ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ថ្លែង​នៅ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​សាំង ផេ​ធឺ​ស្បឺ​ក កាលពី​ថ្ងៃ​សុក្រ​

​លោក​បាន​ចោទប្រកាន់​អាម៉េរិក​ថា​ប្រែក្លាយ​ដុល្លារ​ទៅ​ជា​«​ឧបករណ៍​ដាក់​សម្ពាធ​» ដែល​បំផ្លាញ​ជំនឿ​ចិត្ត​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​ដែលជា​រូបិយ​បណ្ណ​បំរុង​សំខាន់​ជាងគេ​នៅក្នុង​​លោក​។​លោក​ក៏​បាន​ចោទប្រកាន់​អាម៉េរិក​ថា​រារាំង​ការសាងសង់​បំពង់​បង្ហូរ​ប្រេង​Nord Stream 2​សំរាប់​នាំ​ហ្គាស​រុស្ស៊ី​ទៅកាន់​អាល្លឺម៉ង់​និង​អឺរ៉ុប ដោយ​បង្ហាញ​ថា​អាម៉េរិក​ចង់​​គេង​ចំណេញ​សំរាប់​ខ្លួនឯង​។​

​ក្រៅពីនេះ​លោក​ពូ​ទី​ន​បាន​អបអរ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​ដោយ​ថា​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​នៅក្នុង​ឆាក​អន្តរជាតិ​ជា​«​កក្តា​សំខាន់​មួយ​សំរាប់​ស្ថេរភាព​នៅ​​ក្នុង​កិច្ចការ​សកលលោក​»​។​

​ចំណែក​លោក​ស៊ី​បាន​និយាយថា រុស្ស៊ី​និង​ចិន​នឹង​សម្របសម្រួល​គ្នា​នៅក្នុង​វិស័យ​ថាមពល​អោយ​កាន់តែ​ជិតស្និទ្ធ​ឡើង​។​លោក​បាន​កត់សំគាល់ថា ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​សព្វថ្ងៃ​​ត្រូវ​ធ្វើ​ការកែសម្រួល​តិចតួច​តែ​ប្រឆាំងនឹង​ការ​គាំពារ​និយម​និង​បាន​ព្រមាន​ថា សក​លូ​ប​នីយកម្ម​មិន​អាច​បញ្ឈប់​បានទេ​៕​ដោយ​៖​វាសនា​