ពូ​ទីន​បញ្ចេញ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ដែល​អាច​វាយប្រហារ​២​គោលដៅ​ក្នុងពេល​តែមួយ​(វីដេអូ)

2620
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ខែ​នេះ​បាន​បញ្ចេញ​សាច់ដុំ​យោធា​របស់​លោក គឺ​ការធ្វើ​បច្ចុប្បន្នភាព​បច្ចេកវិទ្យា​យោធា​ជាន់ខ្ពស់​ចុងក្រោយ​របស់​រុស្ស៊ី នោះ​គឺ ឧ​ទ្ធ​ម្ភា​​គច​ក្រ​ប្រយុទ្ធ​ទំនើប​បំផុត​ក្នុង​លោក ចំ​ពេល​ខ្លួន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​សមុទ្រ​ខ្មៅ​និង​សមុទ្រ​បាល់​ទិក​។​

​ឧទ្ធម្ភាគចក្រ​ស៊េរី​ចុងក្រោយ​Mi-28NM ដែល​មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​ពីរ​ក្នុងពេល​តែមួយ នឹង​ត្រូវ​ប្រគល់​ជូន​ក​ង​ទ័ព​រុស្ស៊ី​នៅ​ឆ្នាំនេះ​។​

​មេបញ្ជាការ​ទ័ពអាកាស​រុស្ស៊ី​លោក សឺ​ហ្គេ ដ្រូ​ណូវ បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​កងទ័ព​Krasnaya Zvezda កាលពី​ថ្ងៃ​ចន្ទ​ទី​១២​សីហា​ថា ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​Mil Mi-28NM​អាច​វាយប្រហារ​ដោយ​កាំជ្រួច​លើក​គោលដៅ​២​ក្នុងពេល​តែមួយ​។​កាំភ្លើងយន្ត​របស់​វា​ក៏​ទំនើប​ជាង​មុន​ផងដែរ​។​វា​ជា​«​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​នៅ​គ្រប់​លក្ខខណ្ឌ​អាកាស​​ធាតុ​។​បាញ់​មិនបាច់​តំរង់​គោលដៅ​តែ​កាំជ្រួច​ហោះ​រក​គោលដៅ​លើដី ឬ ក្នុង​អាកាស​ដោយ​ខ្លួនឯង​»​។​

​ក្រសួងការពារជាតិ​រុស្ស៊ី មុននេះ​បាន​និយាយថា ឧទ្ធម្ភាគចក្រ Mi-28NM ពីរ​គ្រឿង បានបញ្ចប់​ការហោះ​សាកល្បង ហើយ​វា​នឹង​ត្រូវ​នាំ​ទៅ​តាំងពិព័រណ៍​អាកាសចរណ៍​យោធា​​នៅ​បារាំង​នា​ឆ្នាំ​ក្រោយ​។​

​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី ក៏​បាន​អះអាង​ថា ក្រសួង​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ដើម្បី​កុម្មង់​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ប្រភេទ​នេះ​៩៨​គ្រឿង​ដើម្បី​ដាក់​​អោយ​កងទ័ពអាកាស​ប្រើ​។​

​តាមពិត Mi-28NM​ជា​កំណែ​ថ្មី​នៃ​ឧទ្ធម្ភាគចក្រ​Mi-28N ‘Night Hunter’ ហើយ​ការងារ​កែប្រែ​ឧទ្ធម្ភាគចក្រ​ស៊េរី​ចាស់​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៩​។​ឧទ្ធម្ភាគចក្រ​នេះ​​ត្រូវបាន​ផលិតឡើង​សំរាប់​វាយប្រហារ​ទីតាំងរឹងមាំ រថក្រោះ រថពាសដែក ធ្វើការ​ស៊ើបការណ៍​និង​កំណត់​គោលដៅ​វាយប្រហារ​ចំៗ​។​

​នៅក្នុង​ការបង្ហាញ​កម្លាំង​មួយទៀត កងទ័ពអាកាស​រុស្ស៊ី​បាន​ធ្វើ​ការវាយប្រហារ​ក្លែងក្លាយ​លើ​ទីតាំង​ដែល​កំណត់​ថា​ជា​មូលដ្ឋាន​ទ័ពជើងទឹក​ស​ត្រូវ នៅ​សមុទ្រ​បាល់ទិ​កកាល​ពី​​ថ្ងៃ​អង្គារ​ទី​១៣​សីហា​។​

​រុស្ស៊ី​ក៏​បាន​ធ្វើ​សមយុទ្ធ​មួយទៀត​នៅក្នុង​សមុទ្រ​ខ្មៅ​។ យន្តហោះ​ទម្លាក់​គ្រាប់​របស់​រុស្ស៊ី​ជាច្រើន​បាន​វាយ​ចំៗ​គោលដៅ​នៅក្នុង​សមយុទ្ធ​ដាច់ដោយឡែក​មួយ​ទៀត​នៅ​រុស្ស៊ី​ខាងត្បូង​។​

​សមយុទ្ធ​ទាំងនេះ​អាច​ជា​ការបញ្ជូនសារ​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ទៅក្រុង​វ៉ាស៊ីនតោន​ថា រុស្ស៊ី​កំពុង​បង្ហាញ​ដែន​ឥទ្ធិពល​របស់​ខ្លួន​នៅ​អឺរ៉ុប​ខាងកើត​៕​ដោយ​៖​វាសនា​