ពូ​ទីន​អួត​បង្ហាញ​ប្រព័ន្ធ​កាំ​ជ្រួច​«​ពិឃាត​ផ្កាយរណប​បស្ចិមប្រទេស​»​របស់លោក​

3519
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​២​មេសា បាន​បញ្ចេញ​រូបភាព​នៃ​ការសាកល្បង​កាំជ្រួច​ទំនើប​របស់​រុស្ស៊ី​មួយទៀត ខណៈ​ដែល​លោក​ខាងលិច​(​បស្ចិម​​ប្រទេស​)​អបអរ​បុណ្យ​អ៊ី​ស្ទ័រ​ប្រចាំឆ្នាំ​។​រូបភាព​បង្ហាញ​«​កាំជ្រួច​ពិឃាត​ផ្កាយរណប​»​របស់លោក​ជាមួយ​សមត្ថភាព​មិនអាច​អោយ​ឧបករណ៍​ឈ្លបយកការណ៍​របស់​អង្គការ​​ណា​តូ​ចាប់​សញ្ញា​បាន​។​

​ការបញ្ចេញ​អោយ​ដឹង​នេះ​កើតឡើង​ស្របពេល​ដែល​អង់គ្លេស​និង​សម្ពន្ធមិត្ត​នៅ​អឺរ៉ុប ព្រមទាំង​អាមេរិក​ខាងជើង កំពុង​ជាប់​ក្នុង​ជម្លោះ​បណ្តេញ​អ្នកការទូត​ជាមួយ​រដ្ឋាភិបា​​ល​វិមាន​ក្រឹម​ឡាំង​ដោយសារតែ​រឿងអាស្រូវ​សារធាតុ​គីមី​ពុល​សរសៃប្រសាទ​នៅ​អង់គ្លេស​។​

​ការសាកល្បង​ចុងក្រោយ​បង្ហាញ​កាំជ្រួច​ប្រឆាំង​កាំជ្រួច​ផ្លោង​ដែល​ត្រូវបាន​ផលិតឡើង​សម្រាប់​ការពារ​រុស្ស៊ី​ពី​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​សត្រូវ​។​យោធា​រុស្ស៊ី​​បាន​ដាក់​ឈ្មោះ​កាំជ្រួច​ថ្មី​នេះ​ថា​«​ជន​ពិឃាត​ផ្កាយរណប​» តែ​ប្រព័ន្ធ​ចល័ត​នេះ​ក៏​អាច​បាញ់​ទម្លាក់​យន្តហោះ​និង​កាំជ្រួច ព្រមទាំង​ជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ជាមួយនឹង​ក្បាល​​គ្រាប់​ជាច្រើន​ផងដែរ​។​

​ការសាកល្បង​នេះ ត្រូវបាន​ធ្វើឡើង​នៅ​កា​ហ្សាក់​ស្ថាន​។​

​រុស្ស៊ី​បាន​ធ្វើ​ការសាកល្បង​កាំជ្រួច​ជា​បន្តបន្ទាប់​ក្នុង​បំណង​ព្រមាន​លោក​ខាងលិច ចំ​ពេល​មាន​ការបារម្ភ​ខ្លាចក្រែង​ផ្ទុះ​សង្គ្រាមលោកលើកទី​៣​។​

​ឧត្តមសេនីយ៍ទោ អង់​ដ្រេ ព្រី​ខូត​ដូ នៅ​កងកម្លាំង​អាកាស​រុស្ស៊ី បាន​អួតថា​«​កាំជ្រួច​អាប់​ដេត​(​ធ្វើ​ប​ច្ច​ប្បន្ន​ភាព​)​ថ្មី​មួយ​បានសំរេច​ភារកិច្ច​របស់​វា​ដោយ​ជោគជ័យ និង​បាន​វាយប្រហារ​ចំ​គោលដៅ​តាម​ពេល​កំណត់​»​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​និយាយថា កាំជ្រួច​នេះ​ជា​ផ្នែក​មួយ​នៃ​ខែល​ប្រឆាំង​កាំ​ជ្រួច​A-135​ដើម្បី​ការពារ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​ពី​ការវាយប្រហារ​។​វា​រួម​មាន​កាំ​ជ្រួច​​ស្ទាក់​កំទេច​រាប់សិប​និង​រ៉ា​ដា​ព្រមាន​ជាមុន​ដ៏​ទំនើប​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោកពូ​ទីន​ក៏​បាន​បង្ហាញ​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វី​Sarmat របស់​លោក​ផង​ដែរ​។​អាវុធ​នេះ​បាន​ផុសចេញ​ពី​ដី និង​បន្ទាប់​មក​បង្កើនល្បឿន​ចូលក្នុង​​អាកាស​ជាមួយនឹង​ដុំ​ផ្សែង​ពណ៌​ស ទោះជា​យ៉ាងណា ក្រសួងការពារជាតិ​រុស្ស៊ី បាន​បដិសេធ​មិន​បញ្ចេញ​ព័ត៌មាន​ពិស្តារ​អំពី​ប្រភេទ​កាំជ្រួច​ដែល​ត្រូវ​បាន​សាកល្បង​នៅ​​រុស្ស៊ី​ខាងជើង​នេះ​ទេ​។​

​សូមបញ្ជាក់​ថា ក្នុងអំឡុង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​សភា​កាលពី​ខែ​មុន លោកពូ​ទីន បាន​និយាយថា រុស្ស៊ី​បានចាប់ផ្តើម​សាកល្បង​យ៉ាងសកម្ម​កាំ​ជ្រួច​Sarmat ដែល​អង្គការ​ណា​តូ​ហៅថា​SS-X-32 SNOWFLAKE​។​វា​ត្រូវ​គេ​រំពឹងថា​នឹង​ដាក់​អោយ​ដំណើរការ​នៅ​ឆ្នាំ​២០២១​។​

​ដើម្បី​ស្ទាក់​កំទេច​កាំជ្រួច​Sarmat​មួយ​បាន អាមេរិក​ត្រូវការ​កាំជ្រួច​ABM​របស់​ខ្លួន​យ៉ាង​តិច​៥០០​ដើម នេះ​បើ​តាម​លោក វិចទ័រ បូ​ន​ដា​រេ​វ ប្រធាន​គណៈកម្មការ​សន្តិសុខ​និង​​យោធា​នៃ​ព្រឹទ្ធសភា​រុស្ស៊ី​៕​ដោយ​៖​វាសនា​

ទស្សនាការបាញ់សាកល្បងកាំជ្រួចSarmatកាលពីសប្តាហ៍មុន