ពូ​ទីន ៖ រុស្ស៊ី​មិនដែល​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​របស់​អា​មេ​រិ​ក​

798
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​បដិសេធថា ប្រទេស​របស់លោក​មិនបាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៦ ទេ​។​

​លោកពូ​ទីន​បាន​និយាយថា “​អ្វីដែល​គេ​ហៅថា​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​” នៅក្នុង​ការបោះឆ្នោត​នោះ ត្រូវបាន​លើកឡើង​ដោយ​មេដឹកនាំ​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​អំឡុង​កិច្ចប្រជុំ​របស់​ពួកគេ​នៅក្នុង​ទីក្រុង​ហែល​ស៊ីន​គី​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​សម​ភាគី​អាមេរិក លោកពូ​ទីន​បាន​និយាយថា “​ខ្ញុំ​ត្រូវតែ​និយាយ​ឡើងវិញ​ថា​រដ្ឋ​រុស្ស៊ី​មិនដែល​ជ្រៀតជ្រែក និង​មិនមាន​គម្រោង​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​បោះឆ្នោត​ផ្ទៃក្នុង​របស់​អា​មេ​រិ​កឡើ​យ​”​។​

​លោក​ត្រាំ​បាន​និយាយថា ការស៊ើបអង្កេត​អំពី​ការឃុបឃិត​ជាមួយ​រុស្ស៊ី​គឺជា “​គ្រោះមហន្តរាយ​” មួយ​សម្រាប់​សហរដ្ឋអាមេរិក ហើយ​បានធ្វើឱ្យ​អាមេរិក​និង​រុស្ស៊ី “​នៅ​ដាច់ដោយឡែក​ពីគ្នា​”​។​

​លោក​បានបញ្ជាក់​សាជាថ្មី​ថា “​មិនមាន​ការឃុបឃិត​គ្នា​” រវាង​យុទ្ធនាការ​របស់គាត់​និង​រដ្ឋាភិបាល​រុស្ស៊ី​ទេ​។​

​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​និយាយថា លោក​បាន​ដំណើរការ​យុទ្ធនាការ​ស្អាតស្អំ​ហើយ​បាន​ផ្តួល​គូប្រជែង​តំណែង​ប្រធានាធិបតី លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន យ៉ាង​ងាយស្រួល​។ ប្រធានាធិបតី​អាមេរិក​នេះ​បាន​និយាយថា វា​ជាការ​អាម៉ាស់​មួយ​ដែលមាន​ពពក​បាំង​ពីលើ​រដ្ឋបាល​របស់គាត់ ប៉ុន្តែ​បាន​និយាយថា គាត់​បានធ្វើ​យុទ្ធនាការ​ដ៏​អស្ចារ្យ ដូច្នេះហើយ​ទើប​ទើប​គាត់​ក្លាយជា​ប្រធានាធិបតី​។​

​លោកពូ​ទីន​បាន​និយាយ​អំពី​ការឃុបឃិត​នោះ​ថា “​គ្មាន​ភស្តុតាង​អ្វី​ទេ នៅពេល​និយាយ​អំពី​ការពិត​ជាក់ស្តែង​”​។​

​លោក​ត្រាំ​បាន​និយាយថា ប្រធានាធិបតី​រុស្ស៊ី​បានធ្វើការ​ផ្តល់ជូន “​មិនគួរ​ឱ្យ​ជឿ​” ដើម្បី​អនុញ្ញាតឱ្យ​ក្រុម​ស៊ើបអង្កេត​រុស្ស៊ី​និង​អាមេរិក​ធ្វើការ​រួមគ្នា​លើ​ការចោទប្រកាន់​អំពី​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​តរបស់​រុស្ស៊ី​។​

​លោក​បាន​បន្ថែមថា លោកពូ​ទីន​បាន​ស្នើឱ្យ​អាមេរិក​គួរផ្តល់​ការ​ស៊ើបការណ៍​សម្ងាត់​របស់ខ្លួន​ដល់​យោធា​រុស្ស៊ី ដូច្នេះ​រុស្ស៊ី​អាច​កំណត់​ការពិត​នៃ​អ្វីដែល​បានកើត​ឡើង​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោកពូ​ទីន