ពួកមហាសេដ្ឋីពិភពលោកខាតសរុបរួមគ្នា ១៣៩ ពាន់លានដុល្លារក្នុងពេលតែមួយថ្ងៃដោយសារវីរុសកូរ៉ូណា

140
ចែករម្លែក

ការវិវឌ្ឍនេះកើតឡើងស្របពេលអង្គការសុខភាពពិភពលោកបាននិយាយថាវីរុសកូរ៉ូណាមានលទ្ធភាពប្រែក្លាយទៅជាជំងឺរាតត្បាតនិងជំរុញឱ្យសហគមន៍អន្តរជាតិត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីត្រៀមខ្លួនសម្រាប់សេណារីយ៉ូបែបនេះ។

អ្នកមានបំផុតចំនួន ៥០០ នាក់នៅលើពិភពលោកបានខាតបង់ប្រាក់រួមគ្នាសរុប ១៣៩ ពាន់លានដុល្លារក្នុងពេលតែមួយថ្ងៃដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៅលើទីផ្សារហិរញ្ញវត្ថុពិភពលោក ដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

ការកើនឡើងនូវករណីថ្មីនៅខាងក្រៅប្រទេសចិនបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមវិនិយោគិនថាការរីករាលដាលនៃវីរុសនេះនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកចុះខ្សោយ។ ជាលទ្ធផល កាលពីថ្ងៃចន្ទទី២៤កុម្ភៈ ផ្សារហ៊ុន S&P 500 និង Dow Jones បានប្រកាសពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាងពីរឆ្នាំ ដោយស្រុតចុះ ៣,៥ ភាគរយ។ ផ្សារហ៊ុន Nasdaq បានធ្លាក់ចុះ ៣,៧ ភាគរយ ខណៈផ្សារហ៊ុនក្រុងមីឡង់ធ្លាក់ចុះ ៦ ភាគរយ ដោយសារព័ត៌មានថា ចំនួនអ្នកឆ្លងវីរុសនេះនៅអ៊ីតាលីបានកើនឡើងដល់ ២២៩ នាក់។

ភាពវឹកវរនៅលើទីផ្សារហ៊ុនបានបណ្តាលឱ្យធ្លាក់ចុះទ្រព្យសម្បត្តិរបស់ពួកមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក។ អ្នកមានបំផុតនៅលើពិភពលោកនិងជាប្រធានក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស បានខាតបង់ជាង ៤,៨ ពាន់លានដុល្លារ។ ដូចលោកបេហ្សូសដែរ មហាសេដ្ឋីបារាំងលោក បឺណាត អាណុល ប្រធានក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនផលិតទំនិញប្រណីត បានខាតបង់អស់ ៤,៨ ពាន់លានដុល្លារ។ លោក អាម៉ាស៊ីអូ អូតេហ្គា នាយកប្រតិបត្តិក្រុមហ៊ុនម៉ូតសម្លៀកបំពាក់ល្បី Inditex ឈរនៅលេខ ២ ដោយខាតបង់ ៤ ពាន់លានដុល្លារ ចំណែកឯទ្រព្យសម្បត្តិរបស់អ្នកផ្សេងទៀតដែលស្ថិតក្នុងកំពូលតារាងទាំង១០ បានធ្លាក់ចុះយ៉ាងហោចណាស់ ២,៣ ពាន់លានដុល្លារក្នុងម្នាក់ៗ៕ ដោយ៖ កញ្ញាដាលីស

មហាសេដ្ឋី ៥០០ នាក់លើពិភពលោកខាតសរុបរួមគ្នា ១៣៩ ពាន់លានដុល្លារ