ពួក​តារា​សម្តែង​អាមេរិក​បង់លុយ​នៅក្រៅ​ឃុំ​ម្នាក់ៗ​១​លាន​ដុល្លារ​ទាក់ទិន​នឹង​រឿងអាស្រូវ​សូកលុយ​ដើម្បីឱ្យ​កូន​ខ្លួន​បាន​ចូល​សាកលវិទ្យាល័យ​លំដាប់​កំពូល​

160
ចែករម្លែក
  • 38
    Shares

​តារា​សម្តែង​ស្រី​អាមេរិក ឡូរី ឡា​ហ្វ​លីន (Lori Loughlin) បានបង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ​ក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​កាលពី​ថ្ងៃ​ពុធ​ទី​១៣​មីនា​ទាក់ទង​នឹង​ករណី​សូកលុយ​ឱ្យ​កូន​បាន​ចូលរៀន​សាកលវិទ្យាល័យ​ល្អៗ ដែល​កណីរ​នេះ​ក៏​ពាក់ព័ន្ធ​នឹង​តារា​ល្បីៗ និង​នាយក​ប្រតិបត្តិ​ឧស្សាហកម្ម​កំពូលៗ​ដទៃទៀត​ផងដែរ​។​

​ការបង់ប្រាក់​ធានា​នៅក្រៅ​ឃុំ​សម្រាប់​តារា​ក្នុង​រឿង “Full House” រូបនេះ​គឺ​ត្រូវបាន​កំណត់​នៅ​ចំនួន ១ លាន​ដុល្លារ ដែលជា​ចំនួន​ទឹកប្រាក់​ដូចគ្នា​ទៅនឹង​ប្តី​របស់​លោកស្រី​ដែលជា​អ្នក​រចនា​ម៉ូត​ឈ្មោះ ម៉ូ​ស​ស៊ី​ម៉ូ ដ្យា​ន​នូ​ល​លី (Mossimo Giannulli) ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុងករណីនេះ​ផងដែរ​។​

​ប្តី​ប្រពន្ធ​នេះ ដែល​នឹងត្រូវ​បង្ហាញខ្លួន​ក្នុង​តុលាការ​សហព័ន្ធ​នៅ​បូ​ស្តុ​ន​នៅ​ថ្ងៃទី ២៩ មីនា​ត្រូវបាន​ចោទប្រកាន់ថា​បាន​បង់ប្រាក់​សំណូក​ចំនួន ៥០០.០០០ ដុល្លារ​ដើម្បី​ធានាថា​កូនស្រី​ពីរ​នាក់​របស់​ពួកគេ​ត្រូវបាន​ជ្រើសរើស​ឱ្យទៅ​រៀន​នៅ​សាកលវិទ្យាល័យ​សៅ​ខា​រ៉ូ​លី​ណា​ដ៏​ល្បីល្បាញ ទោះបីជា​កូន​ពួកគេ​មិន​ស្ថិតក្នុង​ចំណោម​សិស្ស​ពូកែ​ក៏ដោយ​។​

​លោកស្រី​ឡា​ហ្វ​លីន អាយុ ៥៤ ឆ្នាំ​បានប្រគល់​ខ្លួន​ឱ្យ​ភ្នាក់ងារ FBI កាលពី​ព្រឹក​ថ្ងៃ​ពុធ​បន្ទាប់ពី​ត្រឡប់​មកពី​ទីក្រុង​វ៉ាន់​ខូ​វើ កន្លែង​ដែល​លោកស្រី​កំពុង​ថតកុន​។ លោក​ចៅក្រម ស្ទី​វ គីម​បាន​ប្រាប់​តារា​រូបនេះ​ក្នុងពេល​បង់ប្រាក់​ធានាថា លោកស្រី​នឹង​នៅតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើដំណើ​រ​ទៅធ្វើ​ការ ដរាបណា​តុលាការ​ត្រូវបាន​ជូនដំណឹង​អំពី​ផែនការ​របស់លោក​ស្រី​។​

​ប្តី​ប្រពន្ធ​នេះ​គឺ​ស្ថិតក្នុង​ចំណោម​មនុស្ស​ល្បីៗ ៥០ នាក់​ទៀត​ដែល​ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​គម្រោងការ​សូកលុយ​ដើម្បី​ជួយ​កូនៗ​របស់​ពួក​ជន​ល្បី​អាមេរិក​បាន​ចូលរៀន​ក្នុង​សាកលវិទ្យាល័យ​លំដាប់​កំពូល​របស់​អាមេរិក​។​

​តារា​ស្រី​ក្នុង​រឿង “Desperate Housewives” លោកស្រី ហ្វេ​លី​ស៊ី​ធី ហ៊ូ​ហ្វ​មែន (Felicity Huffman) ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​រឿងអាស្រូវ​នេះដែរ​នោះ ត្រូវបាន​ភ្នាក់ងារ FBI ចាប់ខ្លួន​នៅផ្ទះ​របស់គាត់​កាលពី​ថ្ងៃ​អង្គារ និង​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ​ដោយ​បង់ប្រាក់​ធានា​ក្រៅ​ឃុំ​១​លាន​ដុល្លារ​។​

​តារា​ស្រី​អាយុ ៥៦ ឆ្នាំ​រូបនេះ និង​ស្វាមី​ឈ្មោះ វី​លលៀម អេ​ច ម៉ា​ស៊ី (William H Macy) តារា​ក្នុង​រឿង​ភាគ “Shameless” តាម​ដឹង​គឺ​បាន​បង់ប្រាក់ ១៥.០០០ ដុល្លារ​ដើម្បីឱ្យ​កូនស្រី​ច្បង​ប្រឡង​បាន​ពិន្ទុ​ល្អ​ដើម្បី​ចូលរៀន​សាកលវិទ្យាល័យ​លំដាប់​កំពូល​។ លោក​ម៉ា​ស៊ី​ត្រូវបាន​បញ្ចូល​ឈ្មោះ​ក្នុងករណី​នេះដែរ តែ​មិន​ត្រូវបាន​ចោទប្រកាន់​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ហ្វេ​លី​ស៊ី​ធី ហ៊ូ​ហ្វ​មែន (​ឆ្វេង​) និង ឡូរី ឡា​ហ្វ​លីន