ពួក​ប្រជាធិបតេយ្យ​ចាត់​វិធាន​រាំងខ្ទប់​ការប្រកាស​គ្រាអាសន្ន​របស់លោក​ត្រាំ​

524
ចែករម្លែក
  • 1
    Share

​ពួក​ប្រជាធិបតេយ្យ​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កុម្ភៈ​បាន​ចាត់វិធានការ​រារាំង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ពី​ការ​គេចវេះ​ពី​សភា​ដើម្បី​ច្បាម​យកប្រាក់​សហព័ន្ធ​សម្រាប់​ការសាងសង់​ជញ្ជាំង​ព្រំដែន​ដ៏​ចម្រូងចម្រាស់​របស់គាត់​។​

​ប្រធានសភា​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី​បាន​និយាយថា សភា​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​លើ​សេចក្តីសម្រេច​មិន​ពេញចិត្ត​មួយ​ដើម្បី​បញ្ចប់ “​គ្រាអាសន្ន​ជាតិ​” ដែល​លោក​ត្រាំ​បានប្រកាស​កាលពី​សប្តាហ៍​មុន ជា​ជំហាន​ពិសេស​មួយ​ដែល​បង្កឱ្យមាន​ជម្លោះ​នយោបាយ​និង​ច្បាប់​ដ៏​ខ្លាំងក្លា​។​

​សេចក្តីសម្រេចចិត្ត​នេះ​ត្រូវគេ​រំពឹងថា​នឹង​ឆ្លង​សភាតំណាងរាស្ត្រ​ដែល​កាន់កាប់​ដោយ​ពួក​ប្រជាធិបតេយ្យ​យ៉ាង​ងាយ បន្ទាប់មក​នឹង​រុញ​ទៅកាន់​ព្រឹទ្ធសភា កន្លែង​ដែល​វា​នឹងត្រូវ​ធានា​ទទួលបាន​ការបោះឆ្នោត​ក្រោម​ច្បាប់​ជាមុនសិន​។ ទោះយ៉ាងណា ជោគវាសនា​របស់​សេចក្តី​សម្រេច​នេះ​គឺ​ស្ថិតក្នុង​កណ្តាប់ដៃ​របស់​ព្រឹទ្ធសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​របស់លោក​ត្រាំ​។​

​លោក​ត្រាំ​បាន​ចេញមក​និយាយ​យ៉ាង​លឿន​ថា​គាត់​នឹង​ច្រានចោល​វិធានការ​នេះ​ភ្លាម ប្រសិនបើ​វា​បានមក​ដល់​តុ​របស់គាត់ ដោយ​រឹត​ធ្វើឱ្យ​ការប្រឈមមុខ​ដាក់គ្នា​កាន់តែ​ក្តៅគគុក​ឡើងជា​មួយគូ​ប្រជែង​របស់គាត់​នៅ​វិមាន​កា​ពី​តូ​ល (​រដ្ឋសភា​)​។​

​លោក​បន្តថា “​តើ​ខ្ញុំ​នឹង​វេតូ​ទេ​? គឺ​វេតូ ១០០ ភាគរយ​” ដោយ​បង្ហាញ​ពី​ទំនុកចិត្ត​ថា សភា​នឹង​មិនអាច​បដិសេធ​ការជំទាស់​របស់លោក​បាន​ទេ​។​

​ការបដិសេធ​លើ​វេតូ​របស់​ប្រធានាធិបតី​តម្រូវឱ្យមាន​សំឡេង​២​ភាគ​៣​នៅ​អង្គនីតិបញ្ញត្តិ​ទាំងពីរ ដែល​នេះ​មានន័យថា សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយចំនួន​នឹងត្រូវ​បំបែក​ចេញពី​លោក​ត្រាំ​ដើម្បី​រារាំង​ការប្រកាស​គ្រាអាសន្ន​របស់គាត់​។​

​ទន្ទឹមនេះដែរ លោកស្រី​ផេ​ឡូ​ស៊ី​បាន​វាយបក​វិញ​លើ “​ភាពមិន​ស្របច្បាប់​” របស់លោក​ត្រាំ ដោយ​និយាយថា វា​មិនមាន​ហេតុផល​ត្រឹមត្រូវ​ទេ​។​

​លោកស្រី​ផេ​ឡូ​ស៊ី​បាន​និយាយ​នៅក្នុង​សន្និសីទ​វីដេអូ​មួយ​កាលពី​ថ្ងៃ​សុក្រ​ពី​ទីក្រុង​ឡា​រ៉េ​ដូ រដ្ឋ​តិច​សាស់ កន្លែង​ដែល​លោកស្រី​និង​សមាជិកសភា​របស់លោក​ស្រី​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ស្ពាន​មួយ​ភ្ជាប់​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ក យ៉ាង​ដូច្នេះ​ថា “​គ្មាន​ភស្តុតាង​ណា​គាំទ្រ​ការអះអាង​ខុស​របស់លោក​ប្រធានាធិបតី​អំពី​វិបត្តិ​នៅតាម​ព្រំដែន​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​មក​មើល​រដ្ឋ​តិច​សាស​ជាប់​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃទី​១០​មករា