ពួក​មេដឹកនាំ​កំពូល​របស់​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លើកឡើង​អំពី​លទ្ធភាព​ចោទប្រកាន់​ត្រាំ និង​យក​គាត់​ដាក់គុក​

593
ចែករម្លែក

​ពួក​មេដឹកនាំ​កំពូល​របស់​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃអាទិត្យ​ទី​៩​ធ្នូ​បានលើកឡើង​អំពី​លទ្ធភាព​ចោទប្រកាន់​ដើម្បី​ដកតំណែង​ឬ​ការជាប់​ពន្ធនាគារ​ជាក់លាក់​ណាមួយ​សម្រាប់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ប្រសិនបើ​គេ​សបញ្ជាក់​ថា​គាត់​បាន​បង្គាប់​ឱ្យ​បង់លុយ​បំបិទមាត់​ខុសច្បាប់​ដល់​ស្ត្រី ដោយ​បន្ថែម​សម្ពាធ​ផ្លូវច្បាប់​ទៅលើ​លោក​ប្រធានាធិបតី​ជុំវិញ​ការស៊ើបអង្កេត​ទាក់ទិន​នឹង​រុស្ស៊ី​និង​រឿងអាស្រូវ​ផ្សេងៗ​ទៀត​។​

​សមាជិកសភា​លោក​អា​ដាំ ស្វ៊ី​ហ្វ ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​ចារកម្ម​របស់​សភា​បាន​និយាយថា “​មានការ​រំពឹងទុក​ពិត​ប្រាកដថា នៅ​ថ្ងៃ​ដែល​លោក​ដូ​ណា​ល់ ត្រាំ ចាក​ចេញពី​តំណែង ក្រសួងយុត្តិធម៌​អាច​នឹង​ចោទប្រកាន់​គាត់ ដូច្នេះ​គាត់​អាចជា​ប្រធានាធិបតី​ទីមួយ​មិន​ធ្លាប់មាន​ជា​យូរ​មកហើយ​ដែល​ប្រឈម​នឹង​លទ្ធភាព​ជាប់គុក​ពិតប្រាកដ​។ សំណួរ​អំពី​ការលើកលែងទោស​អាច​នឹង​ត្រូវ​លើកឡើង នៅពេលដែល​ប្រធានាធិបតី​បន្ទាប់​ត្រូវ​សម្រេចចិត្តថា​តើ​ត្រូវ​លើកលែងទោស​ដល់​ដូ​ណា​ល់ ត្រាំ​ឬ​អត់​”​។​

​សមាជិកសភា​លោក ជើ​រី ណា​ដ្លឺ ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា បាន​ពណ៌នា​ព័ត៌មាន​លម្អិត​នៅក្នុង​ឯកសារ​របស់​រដ្ឋអាជ្ញា​កាលពី​ថ្ងៃ​សុក្រ​ទី​៧​ធ្នូ​ក្នុងករណី​អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ត្រាំ គឺ​លោក ម៉ៃ​ឃើ​ល ខូ​ហិន ថា​ជា​ភស្តុតាង​បញ្ជាក់ថា​លោក​ត្រាំ​បាន​ប្រព្រឹត្ត “​អំពើ​លួច​បន្លំ​ទ្រង់ទ្រាយ​ធំ​”​។​

​លោក​ណា​ដ្លឺ​បាន​និយាយថា “​ពួកវា​អាចជា​បទល្មើស​ដែល​អាចធ្វើ​ការចោទប្រកាន់​បាន​”​។​

​នៅក្នុង​ឯកសារ​ទាំងនោះ រដ្ឋអាជ្ញា​នៅ​ទីក្រុង​ញូវយ៉ក​បាន​ផ្សាភ្ជាប់​លោក​ត្រាំ​ជា​លើកដំបូង​ទៅនឹង​បទឧក្រិដ្ឋ​នៃ​ការបង់ប្រាក់​ខុសច្បាប់​ដើម្បី​ទិញ​ភាព​ស្ងៀមស្ងាត់​របស់​ស្ត្រី​២​នាក់​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០១៦​។ ការិយាល័យ​របស់​រដ្ឋ​អាជ្ញា​ពិសេស​លោក​រ៉ូបឺត មូល​ល័​រ ក៏បាន​ត្រៀមខ្លួន​បង្ហាញ​ការជាប់​ទាក់ទង​មុនៗ​រវាង​មនុស្ស​របស់លោក​ត្រាំ​និង​អ្នកសម្របសម្រួល​រុស្ស៊ី និង​លើកឡើងថា វិមាន​ក្រឹម​ឡាំង​មាន​គោលបំណង​តាំងពី​ដំបូង​ដើម្បី​ជះឥទ្ធិពល​លើ​លោក​ត្រាំ​និង​យុទ្ធនាការ​បោះឆ្នោត​របស់​បក្ស​សាធារណរដ្ឋ​តាមរយៈ​ការផ្តល់​ប្រយោជន៍​ទាំង​អាជីវកម្ម​និង​នយោបាយ​ដល់​ត្រាំ​។​

​លោក​ត្រាំ​បាន​បដិសេធថា មិនបាន​ប្រព្រឹត្តធ្វើ​ខុស​អ្វី​ទាំងអស់ ហើយ​បាន​ប្រៀបធៀប​ការស៊ើបអង្កេត​នេះ​ទៅនឹង “​ការ​ប្រមាញ់​មេ​ធ្មប់​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ
#