ពួក​មេដឹកនាំ​យោធា​អាម៉េរិក​ប្រគល់​ផែនការ​វាយប្រហារ​អ៊ីរ៉ង់​ដល់​ប្រធានាធិបតី​ត្រាំ​

5974
ចែករម្លែក

​ពួក​មេៗ​ទ័ព​អាម៉េរិក​បាន​ប្រគល់ជូន​លោក​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ នូវ​ផែនការ​វាយប្រហារ​មួយ​លើ​បណ្តា​ទីតាំង​ប្រេង​របស់​អ៊ីរ៉ង់ ក្នុង​ការឆ្លើយតប​នឹង​តួនាទី​ដែល​​ត្រូវ​គេ​ចោទប្រកាន់​ថា​អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​ដ្រូ​ន​លើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត ។​

​មន្ត្រី​អាម៉េរិក ត្រូវបាន​សារព័ត៌មាន​NBC News​ស្រង់​សម្តី​យក​មក​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា​ថា ក្នុងអំឡុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​សន្តិសុខ​ជាតិ​កាលពី​ថ្ងៃ​ចន្ទ ពួក​មេៗ​យោធា​អាម៉េរិក​បាន​ប្រគល់ជូន​លោក​ត្រាំ​នូវ​ចំណាត់ការ​ត​តប​ផ្សេងៗ​រួមមាន ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណែ​ត និង​ការវាយប្រហារ​ដោយ​សព្វាវុធ​ពិតៗ​។​

​ចំណែក​សារព័ត៌មាន​Politico បាន​យោង​តាម​ប្រភព​ស្និទ្ធ​នឹង​ត្រាំ ដោយ​បាន​រាយការណ៍​កា​លពី​ថ្ងៃ​អង្គារ​ថា​លោក​ប្រធានាធិបតី​ត្រាំ ប្រឆាំង​ជំទាស់​នឹង​ការវាយប្រហារ​លើ​អ៊ីរ៉ង់​​ដោយសារតែ​លោក​ចង់​រក្សា​ការសន្យា​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​គឺ​មិន​អោយ​អាម៉េរិក​មាន​ជម្លោះ​បរទេស​ថ្មី​ណាមួយ​។​ជាងនេះទៅទៀត គេ​ថា​លោក​ត្រាំ​ព្រួយបារម្ភ​អំពី​​សង្គ្រាម​ណាមួយ​ជាមួយ​អ៊ីរ៉ង់​អាច​នឹង​បង្ក​ផលវិបាក​សេដ្ឋកិច្ច​។​

​នាយសេនាធិការ​ចម្រុះ​អាម៉េរិក លោក​ចូសេប ឌុន​ហ្វ​ដ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា បញ្ជាការ​កណ្តាល​អាម៉េរិក​បាន​បញ្ជូន​អ្នកឯកទេស​ខាង​ពិនិត្យ​សំណៅ​សព្វា​​វុ​ធ​ទៅ​ជួយ​អាជ្ញាធរ​អា​រ៉ាប៊ីសាអូឌីត ដើម្បី​កំណត់​ប្រភព​អាវុធ​វាយប្រហារ​លើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត​។​

​កាលពី​ចុង​សប្តាហ៍ ក្រុមហ៊ុន Saudi Aramco បាន​បិទ​រោងចក្រ​ចម្រាញ់​ប្រេង​២​របស់​ខ្លួន​បន្ទាប់ពីរ​ង​ការវាយប្រហារ​ដោយ​ដ្រូ​ន ដែល​បាន​បង្ក​អគ្គិភ័យ និង​នាំអោយ​កាត់បន្ថយ​​ទិន្នផល​ប្រេង​ពាក់កណ្តាល​ហើយ​រុញ​ថ្លៃ​ប្រេង​លើ​ផ្សារ​ពិភពលោក​ឡើង​ជាង​១០​ភាព​រយ​តែ​វា​បាន​ចុះ​៦​ភាគរយ​មក​វិញ​ក្រោយ​អាម៉េរិក​និង​អា​រ៉ាប៊ីសាអូឌីត​ធានា​ផ្គត់ផ្គង់​គ្រប់គ្រាន់​​ដោយ​បញ្ចេញ​ប្រេង​ដែល​ស្តុក​ទុក​របស់​ពួកគេ​។​

​អា​រ៉ាប៊ីសាអូឌីត និង​មន្ត្រី​អាម៉េរិក​រួមទាំង​លោក​ដូណាល់ ត្រាំ ថា​អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​នេះ តែ​អ៊ីរ៉ង់​បដិសេធ​ហើយ​ក្រុម​ឧទ្ទាម​ហូ​ទី​នៅយែ​ម៉ែន​ចេញ​​មក​អះអាង​ទទួលខុសត្រូវ​។​

​ក្នុងពេល​ជាមួយគ្នា អនុ​ប្រធានាធិបតី​អាម៉េរិក​លោក ម៉ៃ ផេ​នស៍ បានប្រកាសថា អាម៉េរិក​ត្រៀមខ្លួន​អស់​ហើយ​ដើម្បី​ឆ្លើយតប​លើ​អ៊ីរ៉ង់​៕​ដោយ​៖​វាសនា​

ការត្រៀមឆ្លើយតបរបស់អាម៉េរិកកើតចំពេលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា មូលដ្ឋានទ័ពអាម៉េរិក២ និងនាវាដឹកយន្តហោះអាម៉េរិកស្ថិតក្នុងរង្វង់វាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់