ពួក​មេដឹកនាំ​អារ៉ាប់​ ថ្កោលទោស​ការទទួលស្គាល់រ​បស់​អាម៉េរិក​លើ​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​នៅ​កិច្ចប្រជុំ​កំពូល​មួយ​

376
ចែករម្លែក
  • 4
    Shares

​ពួក​មេដឹកនាំ​អារ៉ាប់​បាន​រិះគន់​ការសម្រេចចិត្ត​របស់​អា​ម៉េ​រិ​ក ​ក្នុងការ​ទទួលស្គាល់​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន (Golan Heights) ជា​ទឹកដី​របស់​អ៊ីស្រាអែល ​នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​ទុយ​នី​ស ​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​មីនា ប៉ុន្តែ​មិនអាច​បន្តបាន​នូវ​ការ​ឯកភាពគ្នា​ទេ ខណៈដែល​មេដឹកនាំ​កាតា​បាន​ប្រញាប់​ចាកចេញ​ពី​កិច្ចប្រជុំ​ពេក​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ​មួយ កិច្ចប្រជុំ​កំពូល​នៃ​សម្ព័ន្ធ​អារ៉ាប់​បាន​និយាយថា ​ខ្លួន​បាន​អះអាងថា ​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន​គឺជា​ទឹកដី​របស់​ស៊ី​រី​ដែល​គេ​ចូលមក​កាន់កាប់ យោងទៅតាម​ច្បាប់​អន្តរជាតិ ដែលជា​ការសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​និង​ក្រុមប្រឹក្សាសន្តិសុខ​។​

​សេចក្តី​ថ្លែង​ការ​ណ៍ដាច់ដោយឡែក​មួយទៀត​ដែល​សំដៅលើ​បញ្ហា​នេះ ​បាន​ហៅ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា “​គ្មាន​សុពលភាព​និង​ខុសច្បាប់​”​។​

​អគ្គលេខាធិការ​សម្ព័ន្ធ​អារ៉ាប់​ លោក​អា​ម៉េ​ត អា​ប៊ុល ហ្គេ​អ៊ី​ត (Ahmed Aboul Gheit) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ថា “​វា​គឺជា​ការពិត​ដែលថា​អាម៉េរិក​គឺជា​កម្លាំងយោធា​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក ប៉ុន្តែ​ការសម្រេចចិត្ត​របស់​អា​ម៉េ​រិ​ក​គឺ​គ្មាន​តម្លៃ​សោះឡើយ​”​។​

​ប្រធានាធិបតី​អាម៉េរិក ​លោក​ដូ​ណា​ល់ ត្រាំ​ បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​មួយ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ដែល​ក្នុងនោះ​សហរដ្ឋ​អាម៉េរិក​បានទទួល​ស្គាល់​ការ​កាត់​យក​របស់​អ៊ីស្រាអែល​លើ​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន ​យុទ្ធសាស្ត្រ​នេះ ដែល​បាន​ដណ្តើមយក​ពី​ស៊ី​រី​ក្នុង​ឆ្នាំ ១៩៦៧ និង​ត្រូវបាន​បញ្ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨១​។​

​ចំណាត់ការ​របស់​អ៊ីស្រាអែល​មិនត្រូវ​បានទទួល​ស្គាល់​ជា​អន្តរជាតិ​ទេ​ហើយ​សេចក្តីសម្រេច​ចំនួន​បី​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​ដកទ័ព​ចេញពី​ទឹកដី​នេះ​។​

​ការទទួលស្គាល់​របស់​លោក​ត្រាំ​ ទៅលើ​តំបន់​ហ្គោ​លែ​ន ​បានធ្វើឱ្យ​មានប្រតិកម្ម​ខឹងសម្បាពី​រដ្ឋធានី​អារ៉ាប់​ជាច្រើន រួមទាំង​សម្ព័ន្ធមិត្ត​ធំ​របស់​អាម៉េរិក​នៅក្នុង​តំបន់​គឺ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​សេចក្តីសម្រេច​នេះ​ក៏បាន​ទាក់ទាញ​ការរិះគន់​ពី​សមាជិក​ដទៃទៀត​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ និង​ត្រូវបាន​ច្រានចោល​ដោយ​សហភាព​អឺរ៉ុប​៕ ដោយ៖ កញ្ញាដាលីស/Ha

មេដឹកនាំ​អារ៉ាប់​ថ្កោលទោស​ការទទួលស្គាល់រ​បស់​អាម៉េរិក​លើទឹក​ដី​ហ្គោ​លែ​ន​ជា​របស់​អ៊ីស្រាអែល