ពួក​មេដឹកនាំ EU ព្រមព្រៀងគ្នា​អំពី “​វិធីសាស្ត្រ​រួបរួម​” លើ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ និង ពាណិជ្ជកម្ម​

1031
ចែករម្លែក

​ប្រភព​អឺរ៉ុប​មួយ​និយាយ​បន្ទាប់ពី​ជំនួប​នៅ​ប្រទេស​ប៊ុលហ្គារី​ថា ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប (EU) បាន​ព្រមព្រៀងគ្នា​លើ “​វិធីសាស្ដ្រ​សហភាព​អឺរ៉ុប​រួបរួម​” ដើម្បី​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឱ្យនៅ​រស់ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដក​ចេញពី​កិច្ចព្រមព្រៀង​នេះ​។​

​ប្រភព​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា មេដឹកនាំ​សហភាព​អឺរ៉ុប​ចំនួន ២៨ រូប​បាន​គាំទ្រ​គម្រោង​មួយ​សម្រាប់​ដោះស្រាយ​ជាមួយ​ពន្ធ​ដែល​ត្រាំ​ដាក់​មកលើ​លោហៈ​អឺរ៉ុប ដោយ​និយាយថា “EU នឹងមិន​ចរចា​ជាមួយ​កាំភ្លើង​ភ្ជង់​លើ​ក្បាល​របស់ខ្លួន​ឡើយ​”​។​

​ប្រភព​នេះ​បាន​និយាយ​បន្ទាប់ពី​មេដឹកនាំ EU បាន​ជួបជុំគ្នា​នៅ​អាហារ​ពេល​ល្ងាច​នៅ​ទីក្រុង​សូ​ហ្វ៊ី​យ៉ា ថា “​សហភាព​អឺរ៉ុប​នឹង​បន្ត​តស៊ូ​ដើម្បី​ប្រព័ន្ធ​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់ បើទោះបីជា​មានការ​សម្រេច​ចិត្ត​នាពេល​ថ្មីៗ​នេះ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ពន្ធគយ និង​អ៊ីរ៉ង់​ក៏ដោយ​”​។​

​ការបង្ហាញ​ពី​សាមគ្គីភាព​របស់​ពួកគេ​បានកើត​ឡើង បន្ទាប់ពី​ប្រធាន​សហភាព​អឺរ៉ុប​លោក ដូ​ណា​ល់ ថាស់ បាន​រិះគន់​លោក​ត្រាំ ដោយ​និយាយថា “​ដោយ​សម្លឹងមើល​ការសម្រេចចិត្ត​ចុងក្រោយ​របស់លោក​ប្រធានាធិបតី​ត្រាំ គេ​អាច​ទាំង​គិត​បាន​ថា ជាមួយ​មិត្តភក្តិ​របៀប​ដូចជា​អ្នកឯង គឺ​ត្រូវការ​តែ​សត្រូវ​”​។​

​ប្រភព​នេះ​បាន​និយាយថា ចំពោះ​អ៊ីរ៉ង់ ពួក​មេដឹកនាំ​អឺរ៉ុប​គាំទ្រ​ចំពោះ​ផែនការ​មួយ រួមទាំង​ការគាំទ្រ​របស់ “EU ចំពោះ​កិច្ចព្រមព្រៀង JCPoA ដរាបណា​អ៊ីរ៉ង់​គោរព​កិច្ចព្រមព្រៀង​នេះ​”​។

​ពួកគេ​ក៏បាន​ព្រមព្រៀងគ្នា “​ចាប់ផ្តើម​ធ្វើការ​ដើម្បី​ការពារ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​រង​ផលប៉ះពាល់​អវិជ្ជមាន​ពី​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក​” ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់​។​

​ប៉ុន្តែ​ជាមួយ​សហរដ្ឋអាមេរិក​និយាយថា​ខ្លួន​បាន​ដក​ចេញពី​កិច្ចព្រមព្រៀង​នេះ​ដោយសារតែ​ការព្រួយបារម្ភ​កាន់តែច្រើន​អំពី​សកម្មភាព​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​តេ​ហេ​រ៉ង់​នោះ ពួក​មេដឹកនាំ EU បាន​និយាយថា ពួកគេ​ក៏​នឹង​និយាយ​ពី​កង្វល់​អំពី​តួនាទី​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់ កម្មវិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​អ៊ីរ៉ង់ និង​អ្វីដែល​នឹង​កើតឡើង​ក្រោយ​ឆ្នាំ ២០២៥ ដែរ​។​

​ប្រភព​នេះ​បាន​និយាយថា ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង “​ពង្រឹង​” គណៈកម្មការ​អឺរ៉ុប ខណៈដែល​ខ្លួន​ស្វែងរក​ការចរចា​អំពី​ការលើកលែង​ពន្ធ​ពី​សហរដ្ឋអាមេរិក​លើ​លោហៈធាតុ​និង​អាលុយមីញ៉ូម ដែល​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១ ខែមិថុនា​។​

​ប្រភព​នេះ​បាន​និយាយថា ប្រសិនបើ​ខ្លួន​ទទួលបាន​ការលើកលែង​ពន្ធ នោះ EU ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចាត់វិធានការ​នានា រួមទាំង​កិច្ច “​សហប្រតិបត្តិកា​រលើប​ទ​ប្បញ្ញត្តិ​ស្ម័គ្រចិត្ត​” ជាមួយ​សហរដ្ឋអាមេរិក និង​ធ្វើកំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បន្ទាប់ពី​លោក​ត្រាំ​អះអាងថា​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​ប្រព្រឹត្ត​ដាក់​មិន​ស្មើភាព​គ្នា​។​

EU ក៏​ត្រៀមខ្លួន​រួចជាស្រេច​ដែរ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ចូល​ទីផ្សារ​ទៅវិញទៅមក​សម្រាប់​ផលិតផល​ឧស្សាហកម្ម​រួមទាំង​រថយន្ត និង សេរីភាវូបនីយកម្ម​នៃ​លទ្ធកម្ម​សាធារណៈ​៕ ដោយ៖ កញ្ញាដាលីស

ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប (EU) បាន​ព្រមព្រៀងគ្នា​លើ “​វិធីសាស្ដ្រ​សហភាព​អឺរ៉ុប​រួបរួម​” ដើម្បី​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឱ្យនៅ​រស់ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដក​ចេញពី​កិច្ចព្រមព្រៀង​នេះ