ពួក​អាយ​ស៊ី​ស​ចេញផ្សាយ​ផ្ទាំង​ឃោសនា “​ចាប់​ម៉េ​ស​ស៊ី​ធ្វើ​ចំណាប់ឃ្មាំង​” ដើម្បី​បំភ័យ​អំពី​ការវាយប្រហារ​ភេរវកម្ម​នៅ World Cup នៅ​រុស្ស៊ី​

1014
ចែករម្លែក

​ពួក​ជ្រុលនិយម​អាយ​ស៊ី​ស​បានកំណត់​គោលដៅ​លើ​កីឡាករ លី​អូ​នែ​ល ម៉េ​ស​ស៊ី នៅក្នុង​ផ្ទាំង​ឃោសនា​ចុងក្រោយ​បំផុត​របស់ខ្លួន ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ការវាយប្រហារ​ភេរវកម្ម​នៅឯ​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​នៅ​រដូវក្តៅ​នេះ​។​

​រូបថត​កាត់ត​នេះ​បានបង្ហាញ​តារាបាល់ទាត់​របស់​ក្រុម Barcelona និង​អា​ហ្ស​ង់​ទីន​រូបនេះ កំពុង​លុតជង្គង់​ក្នុង​ឈុត​ពណ៌​ទឹកក្រូច ដែល​ឧស្សាហ៍​ស្លៀកពាក់​ដោយ​ជនរងគ្រោះ​ក្នុង​វីដេអូ​កាត់ទោស​ប្រហារជីវិត​របស់​ក្រុម​ភេរវកម្ម​មួយ​នេះ​។​

​ម៉េ​ស​ស៊ី​ត្រូវបាន​គេ​បង្ហាញ​ដោយ​លុតជង្គង់​នៅក្នុង​កីឡាដ្ឋាន​លូ​ស្នី​គី (Luzhniki Stadium) ក្នុង​ទីក្រុង​មូ​ស្គូ ដែលជា​ទីលាន​សម្រាប់​ការប្រកួត World Cup វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយ​ជន​ជី​ហាត​ពាក់​ម៉ាស់​ម្នាក់​ឈរ​នៅ​ខាងឆ្វេង​ដៃ​ម៉េ​ស​ស៊ី និង​សារ​គំរាម​សរសេរថា “​ដូច្នេះ​វាយ​ឱ្យចំ​ក​របស់​ពួកគេ ហើយ​វាយ​ពី​គ្រប់​ម្រាមដៃ​ទាំងអស់​”​។​

​ឡូហ្គោ​ផ្លូវការ​សម្រាប់​ការប្រកួត​ត្រូវបាន​ច្នៃ​ឱ្យ​មើលទៅ​ដូចជា​បាល់ទាត់​ពិភពលោក និង លេខ ៨ ក្នុង​ឆ្នាំ ២០១៨ ត្រូវបាន​បំផ្លាញចោល​។​

​គ្រាប់បែក​ច្នៃ​ក៏​អាច​មើលឃើញ​ដាក់​នៅក្បែរ​ទង់​ពាក់កណ្តាល​បន្ទាត់​ទីលាន នៅក្នុង​រូបភាព ខណៈ​ជន​ជី​ហាដ​រូបនោះ បោចសក់​ម៉េ​ស​ស៊ី ដោយ​ដៃ​ម្ខាង និង​ដៃ​ម្ខាង​ទៀត​បញ្ចេញ​កាយវិការ​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំឆ្នាំ​ចំនួន ៥ លើក​របស់​ពិភពលោក​រូបនេះ​ត្រូវបាន​កំណត់​គោលដៅ​ដោយ​ពួក​អាយ​ស៊ី​ស​។​

​កាលពី​ខែតុលា​ឆ្នាំមុន ផ្ទាំង​រូបភាព​មួយទៀត​បានបង្ហាញ តារាបាល់ទាត់​ឆ្នើម​របស់ Barcelona រូបនេះ កំពុង​ជាប់គុក ដែលជា​ការប៉ុនប៉ង​ដោយ​ពួក​អ្នកគាំទ្រ​ក្រុម​ភេរវកម្ម​នេះ​ដើម្បី​បំភ័យ​អំពី​ការវាយប្រហារ​ភេរវកម្ម នៅមុន​ការប្រកួត​នៅ​ប្រទេស​រុស្ស៊ី​៕ ដោយ៖ កញ្ញាដាលីស

ម៉េ​ស​ស៊ី​ត្រូវបាន​យកទៅ​កាត់ត​ដោយ​ពួក​អាយ​ស៊ី​ស ដើម្បី​បំភ័យ​អំពី​ការវាយប្រហារ​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី
#